អានតួអត្ថបទ
កម្ពុជា

ប្រតិបត្តិការ​ដោះ​គ្រាប់​បែក​គីមី​នៅ​ស្វាយរៀង​បាន​ចាប់​ផ្ដើម

ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ចន្ទ​ទី​០២​តុលា​នេះកម្លាំង​ជំនាញ​មក​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធបាន​ចាប់​ផ្ដើម​បើក​ប្រតិបត្តិ​ការ​ដោះ​គ្រាប់​បែក​គីមី​ចំនួន​ពីរ​គ្រាប់ចេញ​ពី​បរិវេណ សាលារៀន​ និង​ទី​អារាម​មួយ​កន្លែង ស្ថិត​ស្រុក​រមាស​ហែកខេត្តស្វាយរៀង។ អ្នក​ជំនាញ​បានអះ​អាង​ថា គ្រាប់​បែក​គីមី​នេះ​គឺ​មាន​ទំហំ​ប៉ុន​ធុង​សាំង

គ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក នៅខេត្តស្វាយរៀង
គ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក នៅខេត្តស្វាយរៀង @Fresh news
ផ្សាយពាណិជ្ជកម្ម

ជំហ៊ាន​ដំបូង អាជ្ញាធរ​ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន​ជាង​១០០០​នាក់​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​កុំ​ឲ្យ​ពួក​គេ​រង​ផល​ប៉ះពាល់​ដោយ​ប្រការ​ណា​មួយ។ ពលរដ្ឋ​ត្រូវ​ស្វែង​រក​ផ្ទះ​​បង​ប្អូន សាច់​ញាតិ​ដែល​មាន​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ ពី​ទី​តាំង​គ្រាប់​បែក ដើម្បី​ស្នាក់​នៅ​បណ្ដោះ​អាសន្ន។ នេះ​បើ​តាម​អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង។​

លោក សេរី កុសល អនុ​ប្រធាន​ទី​១ នៃ​អាជ្ញាធរ​ជាតិ​មីន​កម្ពុជា ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា អនុភាព​នៃ​គ្រាប់​បែក​គីមី​នេះ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ដែល​យ៉ាង​ហោច​ក៏ត្រូវ​ប្រើ​រយៈ​ពេល​ដោះ​យូរ​បំផុត​ជិត​ពីរ​សប្ដាហ៍​ដែរ ។ ប្រតិបត្តិការ​នេះ​ក៏​ទាម​ទារ​អាជ្ញាធរ​ឲ្យ​ប្រើ​ប្រាស់​បច្ចេកទេស​ខ្ពស់ ដើម្បី​ដោះ​គ្រាប់​បែក​គីមី​ចេញ។

សូមបញ្ជាក់ថា ដំណើការ​ដោះ​គ្រាប់​បែក​គីមី​ក្នុង​ខេត្ត​ស្វាយរៀង​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បទ​បញ្ជា​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​អ្នក​ជំនាញ​អាវុធ​គីមី​នៃ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា កម្ទេច ដោយ​មិន​រង់​ចាំ​ការ​ផ្តល់​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ទាក់​ទង​នឹង​ការ​ចំណាយ​លើ​ប្រតិបត្តិការ​នេះ លោក សេរី កុសល មិន​បាន​បង្ហើប​ថា​នឹង​ប្រើ​​ប្រាស់​ថវិកា​អស់​ប៉ុន្មាន​ទេ ។ តែ​ឆ្លៀត​ពេល​នេះ លោក​បាន​រិះ​គន់​ពី​ភាព​មិន​អើ​ពើ​របស់​​អាមេរិក ដែល​ផ្ទុយ​ពី​ប្រទេស​ដទៃ​ទៀត​មិន​មែន​ជា​អ្នក​ទម្លាប់​គ្រាប់​លើ​កម្ពុជា​ដូចជា ជប៉ុន អាល្លឺម៉ង់ ជាដើម បាន​ឈឺ​ឆ្អាល ដោយ​ផ្ដល់​ជំនួយ​ជា​ថវិកា និង​បច្ចេក​ទេសទៅ​វិញ។

ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​សម្រាប់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ បាន​អះអាង​ប្រាប់​ប្រព័ន្ធ​​ផ្សព្វផ្សាយ​មួយ​ថា ខ្លួន​មិន​ដែល​ទទួល​បាន​សំណើរ​ណាមួយ​ពី​រដ្ឋាភិ​បាល​ក្នុង​ការជួយ​ដោះ​គ្រាប់​បែក​នៅ​ស្វាយ​រៀង​ទេ។ គួររម្លឹកថា គ្រាប់​បែក​គីមី​ពីរ​គ្រាប់​នេះ ត្រូវ​បាន​​អង្គការ​ស៊ី​ម៉ាក់​រក​ឃើញ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ ២០១៧ ដែល​កប់​នៅ​ក្នុង​ដី។

ខណៈ​ប្រតិបត្តិការ​នៅ​ស្វាយ​រៀង​កំពុង​តែ​ចាប់​ផ្ដើម មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ស៊ី​ម៉ាក់ ក៏​បាន​ប្រទះ​ឃើញ​គ្រាប់​បែក​ទម្លាក់​ពី​លើ​យន្តហោះ​អាមេរិក​ប្រភេទ​MK82 ចំនួន​១​គ្រាប់ នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ ស្ថិត​នៅ​ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ