អានតួអត្ថបទ
កម្ពុជា-នយោបាយ

កម្ពុជា-វៀតណាម​នឹង​ពន្លឿន​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ច្បាប់​អន្តរជាតិ

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពីវិ​ធានការ​នានា ​ដើម្បី​ពន្លឿន​ការ​គូស​បន្ទាត់​ព្រំដែន​ ដែល​នៅ​សល់ ជា​មួយច្បាប់អន្តរ​ជាតិ និង​ភាព​ជាក់​ស្តែង​។ នេះ​បើ​តាម​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១​៨ ដល់ថ្ងៃ​ទី២០ ខែតុលា ​ក្នុង​ប្រទេស​វៀត​ណាម​ ដោយ​គណៈកម្មាធិការ​​ព្រំដែ​នប្រទេស​ទាំង​ពីរ​។ ប្រភព​ព័ត៌​មាន​វៀតណាម​ឲ្យ​ដឹង​ប្រទេស​ទាំង​ពីរ​ក៏​គ្រោង​នឹង​ដោះ​ដូរ​ដី​ តាម​ខេត្ត​ជាប់​ព្រំដែន​ផង​ដែរ​។

សកម្មភាពតំណាងរាស្រ្តគណបក្សប្រឆាំង ទៅព្រំដែនកម្ពុជា វៀតណាម កាលពីពេលកន្លងទៅ។
សកម្មភាពតំណាងរាស្រ្តគណបក្សប្រឆាំង ទៅព្រំដែនកម្ពុជា វៀតណាម កាលពីពេលកន្លងទៅ។ @RFI
ផ្សាយពាណិជ្ជកម្ម

បើ​តាម​គេហ​ទំព័រ​ព័ត៌​មាន​វៀត​ណាម​ ភា​គីទាំង​ពីរបា​ន​ពិភាក្សា​គ្នាអំ​ពី​វិធាន​ការ​នានា ​ដើម្បី​ពន្លឿន​លើ​ការកំណត់​គំនូស​បន្ទាត់​ព្រំដែន ​ដែល​នៅ​សល់​តាម​ច្បាប់​អន្តរ​ជាតិ​ និង​ភាព​ជាក់​ស្តែង​។ ក្រៅ​ពី​នេះ​តាម​រយៈ​កិច្ចប្រជុំ​នោះ ​ក្រុម​ការ​ងារ​ព្រំដែន​ប្រទេស​ទាំង​ពីរ​បាន​យល់​ព្រម​អញ្ជើញ​ភាគី​អន្តរ​ជាតិ​ ដើម្បី​ជួយ​លើការ​ងារ​កំណត់​ព្រំដែន​ដែល​សេស​សល់​។ ក៏​មាន​ដែរ​ការ​ជជែក​គ្នា​ពី​ការ​ដោះ​ដូរ​ដី​ក្នុង​តំប​ន់មួយ​ចំនួន​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​វៀត​ណាម​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​។

ភាគី​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ ​ដឹក​នាំដោ​យលោក​វ៉ា គឹមហុង ប្រធាន​គណៈ​កម្មាធិការ​កិច្ច​ការព្រំដែន​កម្ពុជា ​ចំណែក​ភាគី​វៀត​ណាម​ដឹក​នាំ​ដោយ​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ជាតិ​វៀត​ណាម​លោក​លេ​ ហ៊យ ​ជុង​(Lê Hoài Trung)។

ក្រុម​ការងារ​ព្រំ​ដែន​កម្ពុជា​-វៀត​ណាម​ នឹង​ជួប​គ្នា​នៅ​ដើម​ខែ​វិច្ឆកា​ខាង​មុខ​នេះ ​ដើម្បី​កំណត់​ទីតាំង​បង្គោល​ព្រំដែន​ចំនួ​ន៤ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគី​រី ​និង​ខេត្ត​ដាក​ឡាក់(​Đắk Lắk) រួ​មទាំង​ខេត្ត​ស្វាយរៀ​ង ​និង​ខេត្ត​តៃ​និញ(Tây Ninh)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ព័ត៌​មាន​វៀត​ណាម(​VietNamNews) កាល​ពី​ថ្ងៃទី២១​ ខែ​តុលា ក្រោយ​ពី​ក្រុម​ការងារ​ព្រំ​ដែន​កម្ពុជា​-វៀត​ណាម​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃទី​២០ ​ខែតុ​លា ក្នុង​ទី​ក្រុងហូ​ជីមិញ​ ប្រទេស​​វៀត​​ណាម​​។

នៅ​ថ្ងៃទី២៣​ ខែ​តុលា​នេះ ​វិទ្យុ​បារាំង​អន្តរ​ជាតិ​មិន​អាច​ទាក់​ទង​សុំកា​របំភ្លឺ​បន្ថែម​ពី​លោកវ៉ា គឹម​ហុង​ប្រធាន​គណៈ​កម្មាធិការ​កិច្ច​ការ​ព្រំ​ដែន​កម្ពុជា​ បាន​ទេ ​ដោយ​លោក​បាន​បញ្ជាក់​ថា​លោក​កំពុង​ជាប់​ប្រជុំ។​ ចំណែក​លោក​​ស្រី ​កុយ ​ពិសី អនុ​ប្រធាន​​គណៈ​កម្មាធិការ​​ទទួល​​បន្ទុក​​កិ​ច្ចការ​​ព្រំដែន​​របស់​​រដ្ឋាភិបាល​​កម្ពុជា ​បានបដិសេធ​ក្នុង​ការ​អធិប្បាយ​​លើ​លទ្ធ​ផល​នៃ​ជំនួប​រវាង​ភាគី​ទាំង​ពីរ​។

បើ​តាម​គេហទំព័រ​ព័ត៌​មាន​វៀត​ណាម​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ភាគី​ទាំង​ពីរ​បាន​តាំង​ចិត្ត ​ក្នុង​ការ​បញ្ចប់​ការបោះ​បង្គោល​ព្រំដែន ​ដែល​នៅ​សល់​១៧​ភាគ​រយ​ទៀត​។ ការ​បោះ​បង្គោល​ពំ្រដែននេះ ​គឺ​អនុ​លោម​តាម​សន្ធិសញ្ញា​នៃ​ការ​កំណត់​ព្រំដែន​ឆ្នាំ១​៩៨៥ ​និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​។

សូម​បញ្ជាក់​ថា​កាល​ពី​ថ្ងៃទី២៩​ និ​ង៣០​ ខែ​សីហា​កន្ល​ង​ទៅ​ក្រុម​ការងារ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នានៅ​ទីក្រុង​ភ្នំពេញ ​ក្រោយ​ពី​កម្ពុជា​បាន​ផ្ញើ​កំណ​ត់ទូ​តចំ​នួន​២៣ ​និង​លិខិត​ចំនួន​១​ទៅ​កាន់​វៀត​ណាម ​ដើម្បីតវ៉ា​អំពី​ការ​រំលោភ​បំពាន​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-វៀតណាម​ដែល​មាន​នៅក្នុ​ង​ខេត្តរតនៈគីរី មណ្ឌលគីរី ស្វាយរៀង កណ្តាល និងខេត្តតាកែវជាដើម។ កិច្ច​ប្រជុំ​ចុង​ក្រោយ​រវាង​ក្រុមការងារ​ព្រំដែន​ប្រទេសទាំ​ង​ពីរក្នុងទីក្រុងភ្នំពេញ​​មិន​អាច​ចេញ    ​សេច​ក្តី​ថ្លែង​ការណ៍​រួម​គ្នា​បានទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ