អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ស្នើ​ឱ្យ​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ទឹក​ដី​អាមេរិក ធ្វើ​ឡើង​ក្នុង​គោលការណ៍​ស្ម័គ្រ​ចិត្ត

កម្ពុជា គ្រោង​សើ​រើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អាមេរិក ដែល​បាន​ចុះ​ហត្ថលេខា កាល​ពី​ឆ្នាំ ២០០២ ទាក់​ទង​ទៅ​នឹង​ការ​បញ្ជូន និង​ទទួល​យក​ពលរដ្ឋ​ខ្មែរ ទៅ​រស់​នៅ​ទឹក​ដី​អាមេរិក។ ជា​ការ​សើ​រើ និង ពិនិត្យ​ឡើង​វិញ ប្រសិន​បើ​រក​ឃើញ​ថា ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ត្រលប់​មក​វិញ​នោះ រង​ការ​បង្ខិត​បង្ខំ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក។ នេះ​បើ​តាម​ក្រសួង​មហាផ្ទៃ។ ប្រភព​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា​គម្រោង​សើ​រើ​នេះ​ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ ៣៦​នាក់​និង​ត្រូវ​បញ្ជួន​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ។

រូប​ថត​តំណាង​-លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ស ខេង។
រូប​ថត​តំណាង​-លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ស ខេង។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រសួង​មហា​ផ្ទៃ បាន​ឱ្យ​ដឹង​ថា អ្វី​ដែល​កម្ពុជា​ចង់​បាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​នោះ គឺ​ស្នើ​ដល់​អាមេរិក​ធ្វើ​ការ​ចាប់​បញ្ជូន ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត គ្មាន​ការ​បង្ខិត​បង្ខំ។ ព្រោះ​កន្លង​មក​សហរដ្ឋ​អាមេរិក​បាន​ចាប់​បង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​មាន​រឿង​រ៉ាវ​បន្តិច​បន្តួច​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ បែក​ពី​ឱពុក​ម្តាយ ប្រពន្ធ កូន ។ ហើយ​មួយ​ទៀត​ គឺ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​មិន​សប្បាយ​ចិត្ត ថ្វី​ត្បិត​តែ​ពួក​គេ​មិន​មាន​សញ្ជាតិ​អាមេរិក​មែន ប៉ុន្តែ​ពួក​គេ​មាន​ប្រពន្ធ​មាន​កូន ផ្ទះ ដីធ្លី នៅ​ទី​នោះ​រួច​ទៅ​ហើយ ។

​យ៉ាង​ណា​ក៏​ដោយ លោក ខៀវ សុភ័គ បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​ទាំង ៣៦​នាក់​ដែល​ធ្វើ​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ គឺ​ព្រម​ព្រៀង​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​កម្ពុជា ដោយ​មិន​បាន​រង​ការ​បង្ខិត​បង្ខំ​នោះ​ទេ ។  

លោក​បញ្ចាក់​ថា ពី​ដំបូង​ឡើយ ភាគី​សហរដ្ឋ​អាមេរិក បាន​ស្នើ​សុំ​បញ្ជូន​ពលរដ្ឋ​ចំនួន ៤៦​នាក់ ក៏​ប៉ុន្តែ​ក្រោយ​ពី​មន្ត្រី​កម្ពុជា សម្រេច​ទទួល​យក​ពលរដ្ឋ ៣៦​នាក់ បន្ទាប់​ពី​ការ​សាក​សួរ​ទៅ​កាន់​មនុស្ស ១០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ​ថា ពួក​គេ​មិន​មែន​ជា​ជន​ជាតិ​ខ្មែរ​ពិត​ប្រាកដ។

ជំរាប​ជូន​ថា កិច្ច​ព្រម​ព្រៀង​បញ្ជូន និង​ទទួល​យក​ពលរដ្ឋ​ខ្មែរ​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​កម្ពុជា កាល​ពី​ឆ្នាំ​ ២០០២។ ហើយ​គិត​ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ពលរដ្ឋ​ខ្មែរ ប្រមាណ​ជាង ៥០០​នាក់​ហើយ ដែល​អាមេរិក​បាន​បញ្ជូន​មក​កម្ពុជា​វិញ។

ជា​ការ​កត់​សម្គាល់ ការ​វិល​ត្រឡប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ ៣៦​នាក់​មក​កម្ពុជា​វិញ​នា​ពេល​នេះ ក៏​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​របស់ លោក ដូណាល់ត្រាំ កំពុង​បន្ត​រឹត​បន្តឹង​ការ​ចេញ​ចូល​ប្រជា​ពលរដ្ឋ​របស់​ប្រទេស​មួយ​ចំនួន​ ជា​ពិសេស​ប្រទេស​ដែល​មាន​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម ក្នុង​ន័យ​ការពារ​ផល​ប្រយោជន៍ និង សន្តិសុខ របស់​អាមេរិក។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ