អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ខ្ចី​លុយ​ដើម្បី​បង្កើត​លុយ ឬ​ខ្ចី​លុយ​ដើម្បី​បង្កើត​បំណុល!

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​គឺ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ អញ្ចឹង​ហើយ​ចំណេះ​ដឹង​របស់​ប្រជាជន​ក៏​នៅ​មាន​កម្រិត​។ បញ្ហា​មួយ​នៅ​ក្នុង​ប្រទេស​​​នេះ​គឺ ចំណេះ​ដឹង​ក្នុង​ការ​ប្រើប្រាស់​លុយ​កាក់​របស់​ប្រជាជន។ ជាក់​ស្តែង ប្រជាជន​កម្ពុជា បច្ចុប្បន្ន​ហាក់​កំពុង​ពេញ​និយម​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​លុយ​ខ្ចី​ពី​អង្គការ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​ជា​ដើម។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា មាន​ប្រជាជន​មិន​ច្រើន​នោះ​ទេ ដែល​យល់​ដឹង​ច្បាស់​ពី​ការ​ប្រើប្រាស់​លុយ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ ប្រសិទ្ធភាព។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ចេញ​មុខ​ប្រកាស​ពី​ភាព​ខុសឆ្គ​ង និង​ភាព​ធូរ​រលុង​ក្នុង​ការ​ផ្តល់​ ប្រាក់​កម្ចី​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​នៅ​តាម​តំបន់​ជន​បទ ថា​បាន​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​មាន​ជីវភាព​យ៉ាប់​យឺន​ និង​ខ្លះ​ទៀត​ត្រូវ​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ ដោយសារ​តែ​បាន​ខ្ចី​បុល​ពី​ស្ថាប័ន​ដែល​គិត​តែ​ពី​ប្រាក់​ចំណេញ និង​គ្មាន​អាជ្ញាបណ្ណ​ស្រប​ច្បាប់។

សហការី
ផ្សាយពាណិជ្ជកម្ម

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ កម្រិត​ជីវភាព​មធ្យម និង​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​នឹង​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ។ ព្រោះ​ថា​ប្រជាជន​ទាំង​អស់​នោះ ​គ្មាន​ប្រវត្តិ​ប្រាក់​ចំណូល​ច្បាស់​លាល់ គ្មាន​ការងារ​អចិន្ត្រៃយ៍ ដែល​មិន​អាច​បំពេញ​លក្ខខណ្ឌ​ក្នុង​ការ​ខ្ចី​លុយ​ពី​ធនាគារ​ ដែល​មាន​អត្រា​ការ​ប្រាក់​មួយ​ទាប។ ជា​ទូទៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ផ្តល់​ប្រាក់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​មួយ​ខ្ពស់ ​ជាង​ធនាគារ ហើយ​លក្ខខណ្ឌ​ក្នុង​ការ​ខ្ចី​ក៏​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​ធនាគារ​ផង​ដែរ។

យោង​តាម​សមាគមន៍​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​CMA បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៦​នេះ ខ្លួន​មាន​សមាជិក​៦២​ ក្នុង​នោះ​មាន​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​MFI ចំនួន​៨ ដែល​មាន​អាជ្ញា​បណ្ណ​ទទួល​បាន​ប្រាក់​បញ្ញើ និង​ផ្តល់​ប្រាក់​កម្ចី។ ដោយ​ឡែក MFI ចំនួន​៤៩ ទៀត​ផ្តល់​តែ​សេវា​កម្ចី​តែ​ប៉ុណ្ណោះ ខណៈ​ដែល​ប្រតិករ​ផ្សេង​ទៀត​គ្មាន​អាជ្ញាបណ្ណ ប៉ុន្តែ​បាន​ចុះ​បញ្ជី​នៅ​ធនាគារ​ ជាតិ​កម្ពុជា​NBC សម្រាប់​ការ​ផ្តល់​កម្ចី។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​អង្គការ​រាប់​រយ​ផ្សេង​ទៀត ដែល​កំពុង​តែ​ប្រតិបត្តិការ​ផ្តល់​ ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ជន​បទ គ្រប់​ច្រក​ល្ហក​ទាំង​អស់។ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​ស្ថាប័ន​មួយ​ចំនួន​ត្រូវ​ បាន​បង្កើត​ឡើង​ដើម្បី​ស្វែង​រក​ប្រាក់​ចំណេញ​សុទ្ធសាធ​ ប៉ុន្តែ​ជ្រក​ក្រោម​ស្លាក​អង្គការ។ ប៉ុន្តែ​វា​បាន​បង្ក​លក្ខណៈ​ងាយ​ ស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ក្នុង​ការ ទទួល​បាន​ប្រាក់​កម្ចី ក្នុង​អត្រាការ​ប្រាក់​មួយ​យ៉ាង​ខ្ពស់​ទៅ​វិញ។

សូម​កុំភ្លេច​ថា បើ​ទោះ​បី​ជា​អង្គការ​ផ្តល់​ប្រាក់​កម្ចី គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​ធនាគារ​ជា​ដើម ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ ជួយ​សម្រួល​ដល់​កម្រិត​ជីវភាព​របស់​ប្រជាជន​ខ្មែរ​ក៏​ដោយ ក៏​ប៉ុន្តែ​ពួក​គេ​គឺ​ជា​ស្ថាប័ន​ដែល​ស្វែង​រក​ប្រាក់​ចំណេញ។ ជាក់​ស្តែង​ដូច​ជា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ជា​ច្រើន​នៅ​កម្ពុជា បាន​ប្រកាស​ពី​ប្រាក់​ចំណេញ​របស់​ខ្លួន​យ៉ាង​ច្រើន​ សម្បើម​ក្នុង​មួយ​ឆ្នាំៗ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​គ្រាន់​តែ​រក​ស៊ី​ក្នុង​ការ​បង្វិល​ប្រាក់​ចុះ​ឡើង​ៗ។ អញ្ចឹង​ហើយ​ ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ចំណង​ចង់​ប្រើប្រាស់​លុយ​ពី​ស្ថាប័ន​អស់​ទាំង​នេះ ត្រូវ​តែ​ធ្វើ​ការ​ពិចារណា និង​ថ្លឹង​ថ្លែង​ ឲ្យ​បាន​ហ្មត់​ចត់​បំផុត មុន​នឹង​សម្រេច​ចិត្ត​ទៅ​ខ្ចី​លុយ​យក​មក​បង្កើត​អាជីវកម្ម ឬ​ក៏​ដោះស្រាយ​បញ្ហា​ណាមួយ​នៅ​ក្នុង​គ្រួ សារ​នោះ។ ត្រូវ​សួរ​ថា តើ​នៅ​ពេល​ដែល​យក​លុយ​នោះ​បាន​ហើយ មាន​លទ្ធភាព​នឹង​សង​តាម​កាល​កំណត់ ហើយ​អាច​ និង​បង្កើត​ជា​លុយ​តកូន​តចៅ​ដល់​ខ្លួន ឬ​ក៏​កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​មាន​បំណុល​កាន់​តែ​ច្រើន​ជាង​មុន​ទៅ​វិញ។

ចំណុច​ទាំង​អស់​នេះ​ហើយ គឺ​ជា​ចំណុច​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​តែ​ធ្វើ​ការ​ពិចារណា​ឡើង​វិញ មុន​នឹង​សម្រេច​ចិត្ត​ ទៅ​ខ្ចី​លុយ​យក​មក​ធ្វើ​អ្វី​មួយ។ វា​អាច​ជា​រឿង​មួយ​ល្អ​មួយ​ផ្នែក​ដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន អាច​ខ្ចី​លុយ​យក​មក​ ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ទំនើប​ៗ ទាន់​សម័យ​តាម​រយៈ​ការ​បង់​រំលោះ។ ហើយ​វា​ក៏​បាន​ក្លាយ​ជា​របត់​មួយ​ថ្មី​ផង​ដែរ​នៅ​ក្នុង​ សង្គម​ខ្មែរ ដែល​កាល​ពី​មុន មុន​នឹង​ទិញ​របស់​អ្វី​បាន​មួយ​នោះ​ គឺ​ត្រូវ​មាន​សន្សំ​លុយ​យ៉ាង​យូរ ដើម្បី​មាន​លុយ​ទាំង​ដុល​ ទៅ​ទិញ​របស់​មួយ​នោះ​បាន​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មិន​ចាំ​បាច់​ធ្វើ​អញ្ចឹង​ទៀត​នោះ​ទេ ព្រោះ​ថា​មាន​សេវាកម្ម​ បង់​រំលោះ​ជា​ច្រើន​បាន​ជួយ​សម្រួល​ដល់​ប្រជាជន។ តក្តា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើត​បំណុល​ខ្លួន​ឯង ដោយ​មិន​ ដឹង​ខ្លួន​នោះ​ទេ។

ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​យល់ថា​ តើ​ប្រាក់​ឬ​ក៏​លុយ​ដែល​ពួក​គាត់​បាន​ខ្ចី​មក​ពី​ស្ថាប័ន​អស់​ ទាំង នោះ​គឺ​យក​មក​បង្កើត​ជា​លុយ​វិញ ដោយ​ការ​បើក​ធ្វើ​ជា​អាជីវកម្ម​នានា ឬ​ក៏​ខ្ចី​មក​ដើម្បី​ចាយ​វាយ និង​ដោះ​ទាល់​មួយ​ ពេល​ៗ ​នៅ​ក្នុង​ក្រុម​គ្រួសារ ដែល​ជា​ការ​យក​លុយ​មក​បង្កើត​ជា​បំណុល​ទៅ​វិញ​នោះ​ទេ។ កង្វះ​ចំណេះ​ដឹង​ក្នុង​ការ​ ប្រើប្រាស់ លុយ​កាក់​វា​ពិត​ជា​បញ្ហា​មួយ​ធំ​ណាស់​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ ដែល​ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ។

ដើម្បី​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់ និង​ការ​ពារ​កុំ​ឲ្យ​បញ្ហា​នេះ​រីកកាន់​តែ​ធំ​ឡើង គឺ​ត្រូវ​បាន​ការ​ចូលរួម​ពី​គ្រប់​ភាគី ដែល​រាប់​តាំង​ពី​រដ្ឋាភិបាល អ្នក​ពាក់​ព័ន្ធ​នានា និង​ប្រជាពលរដ្ឋ​កម្ពុជា​ផ្ទាល់។ ទី១​៖ រដ្ឋាភិបាល​គួរ​តែ​ពង្រឹង និង​ចាត់​វិធាន​ការ​ឲ្យ​ បាន​តឹងរឹង​ចំពោះ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ណា ដែល​ធ្វើ​ការ​គ្មាន​វិជ្ជាជីវៈ ដោយ​បង្កើត​ឡើង​មក​គ្រាន់​តែ​ចង់​ទទួល បាន​ប្រាក់ ចំណេញ​តែ​មួយ​មុខ ដោយ​មិន​បាន​គិត​គូរ​ពី​ផល​លំបាក​ទៅ​ថ្ងៃ​មុខ​របស់​ប្រជាពលរដ្ឋ។ រដ្ឋាភិបាល គួរ​តែ​ផ្សព្វផ្សាយ​ពី ​បញ្ហា​នេះ​ទៅ​កាន់​ថ្នាក់​ក្រោម​ជាតិ ដែល​មាន​ដូចជា​អាជ្ញាធរ​នៅ​តាម​ភូមិ​ស្រុក​នានា​ និង​ជា​ពិសេស គឺ​មេភូមិ​នីមួយៗ​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ជួយ​ស៊ីញ៉េ គាំទ្រ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្ចី​លុយ​បាន។ មុន​នឹង​ស៊ីញ៉េ ត្រូវ​តែ​ពិនិត្យ​ និង​សិក្សា​មើល​ពី​លទ្ធភាព​របស់​ប្រជាជន​នៅ​ក្នុង​ភូមិ​របស់​គាត់​ឲ្យ​បាន​ច្បាស់​លាស់។

ទី​២៖ ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ខ្លួន​ឯង​ផ្ទាល់​ត្រូវ​តែ​ដឹង​ច្បាស់​ថា ខ្លួន​បង្កើត​ឡើង​ដើម្បី​រក​ប្រាក់​ចំណេញ​តែ​មួយ​មុខ គឺ​ក៏​ចង់​ ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ។ ស្ថាប័ន​ផ្ទាល់​ត្រូវ​តែ​ប្រកាន់​នូវ​គោលការណ៍​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ គុណធម៌ និង​មាន​វិជ្ជាជីវៈ ទើប​អាច​រស់​បាន​យូរ និង​បង្កើត​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​សង្គម។ ជាង​នេះ​ទៅ​ទៀត ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​នានា​ក៏​អាច​បង្កើត​ជា​យុទ្ធនាការ​ផ្សេង​ៗ ដែល​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​តាម​រយៈ​ការ​ជួយ​បណ្តុះ ​បណ្តាល​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​បញ្ហា​អ្វី​មួយ​នៅ​ក្នុង​សង្គម។ ព្រោះ​ថា​វា​ក៏​ជា​ផ្នែក​មួយ ក្នុង​ការ​ជួយ​ លើក​កម្ពស់​កេរ្តិ៍​ឈ្មោះ និង​ម៉ាក​យីហោ​របស់​ខ្លួន​ផង​ដែរ។

និង​ទី​៣​៖ គឺ​ប្រជាពលរដ្ឋ​ផ្ទាល់​តែ​ម្តង ត្រូវ​ស្គាល់​ឲ្យ​បាន​ច្បាស់​ពី​ស្ថាប័ន​ដែល​ខ្លួន​ចង់​ទទួល​បាន​ប្រាក់​កម្ចី ដោយ​មិន​ត្រូវ​គិត​តែ​ពី​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​គិត​ពី​កេរ្តិ៍​ឈ្មោះ​របស់​ស្ថាប័ន និង​អត្រាការ​ប្រាក់​ផង​ដែរ ​។ ហើយ​ត្រូវ​ដឹង​ថា​ខ្លួន​ឯង​អាច​មាន​លទ្ធភាព​សង​ប្រាក់​នោះ​ដោយ​គ្មាន​បញ្ហា​ដែរ​ឬ​ទេ។ ហើយ​ប្រសិន​បើ​មិន​យល់​ច្បាស់ ពី​លំហូរ​សាច់​ប្រាក់​ប្រចាំថ្ងៃ​របស់​ខ្លួន អាច​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​ជំនាញ​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់​នោះ ​ដើម្បី​ជួយ​សិក្សា​ និង​វាយ​តម្លៃ​ថា​តើ ខ្លួន​អាច​មាន​លទ្ធភាព​ខ្ចី ហើយ​សង​វិញ​តាម​កាល​កំណត់​ដែរ​ឬ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ