អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ត្រៀម​កន្លែង​ទទួល​អ្នកពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា

ខណៈយុទ្ធនាការ​​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើកដំបូង រយៈពេល ៦ខែ នៅ​ដើម​ឆ្នាំ​២០១៧ បានចាប់ផ្តើម​ នៅ​ទូទាំងប្រទេស​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខា​ធិការ​នៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃអាទិត្យ​នេះ​ថា គ្រប់​ករណី​បង្ក្រាប​អ្នកពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទាំងអស់ ត្រូវតែ​បញ្ជូនទៅ​តុលាការ ដើម្បី​ពិនិត្យ​អង្គហេតុ សកម្មភាព និង​បែងចែក​តាម​ប្រភេទ​បទល្មើស​ជួញដូរ ឬ​អ្នកប្រើប្រាស់​គ្រឿងញៀន ស្របតាម​នីតិវិធី​នៃ​ច្បាប់។ លោក​បន្ថែមថា រដ្ឋាភិបាល កំពុង​ជួសជុល និង​កសាង​​មជ្ឈមណ្ឌល​ព្យាបាល​អ្នកញៀន​គ្រឿងញៀន ដើម្បី​ត្រៀម​ទប់ទល់​នឹង ជំនន់​នៃ អ្នក​ប្រើប្រាស់​គ្រឿងញៀន ដែល​នឹង​អាច​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់។

ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា
ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា
ផ្សាយពាណិជ្ជកម្ម

បើតាម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោយ​ការចាប់ខ្លួន​អ្នកពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ទាំងអស់ តុលាការ​ជា​អ្នក​សម្រេច បែងចែក អ្នកជួញដូរ រក្សាទុក កែច្នៃ គ្រឿងញៀន បញ្ជូនទៅ ដាក់ពន្ធនាគារ រង់ចាំ​ការកាត់ទោស ឬ អ្នកប្រើប្រាស់​គ្រឿងញៀន ត្រូវ បញ្ជូនទៅ ទទួល​សេវា​ព្យាបាល នៅតាម​សហគមន៍ (បើ​មាន​អាណាព្យាបាល​មក​ទទួលខុស​ត្រូវ) ឬ​សេវា​ព្យាបាល​នៅ​មណ្ឌល​ស្តារនីតិ​សម្បទារ​​របស់​រដ្ឋ​ជា​បណ្តោះអាសន្ន។

លោក មាស វី​រិ​ទ្ធិ បញ្ជាក់ថា តាម​តួលេខ​នៃ​សិក្សា​ថ្នាក់ជាតិ កម្ពុជា មាន​អ្នកប្រើប្រាស់​គ្រឿង​ទូទាំងប្រទេស សរុប ចន្លោះ​ពី ១.២០០០នាក់ ទៅ២៨០០០នាក់។ រដ្ឋាភិបាល​កម្ពុជា ក៏បាន​គិតគូ ឆ្លើយតប​នឹង​ជំនន់​នៃ អ្នកប្រើប្រាស់​គ្រឿងញៀន និង​អ្នក​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បទ​ល្មើស​​គ្រឿងញៀន ដោយ​ការជួសជុល មជ្ឈមណ្ឌល​ស្តារនីតិសម្បទារ​អ្នកញៀន​គ្រឿងញៀន ថ្នាក់ជាតិ នៅ​ក្រាំងធ្នុង រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ទទួល​អ្នកពាក់ព័ន្ធ​នឹង​គ្រឿងញៀន ៥០០​នាក់ ព្រមទាំង​គ្រោង​សាងសង់ មជ្ឈមណ្ឌល​ព្យាបាល​អ្នកញៀន​គ្រឿងញៀន លើ​ផ្ទៃដី ២០​ហិកតា ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ដើមខែ​កុម្ភៈ​ខាងមុខ បន្ថែម​ទៅលើ មជ្ឈមណ្ឌល​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន របស់​រដ្ឋ​ចំនួន ១០ កន្លែង និង​ឯកជន ៣កន្លែង ព្រមទាំង ៧៧ មណ្ឌល​សុខ​ភាព និង​មន្ទីរពេទ្យបង្អែក ដែលមាន​ផ្តល់ សេវា​ព្យាបាល អ្នកញៀន​គ្រឿងញៀន​ផង​ដែរ។

តាម​របាយការណ៍​រប​ស់ អង្គការ​លីកាដូ ក្នុង​ឆ្នាំ២០១៥ កម្ពុជា មាន​មណ្ឌល​អប់រំ​កែប្រែ ចំនួន ៤ ពន្ធនាគារ​ខេត្ត​ក្រុង ចំនួន ២៣ និង​ពន្ធនាគារ​យោធា ចំនួន។ ក្នុងនោះ មណ្ឌល​អប់រំ កែប្រែ​ទី១ ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ មាន​ជន​ជាប់ឃុំ ជាង ៣០០០នាក់ ខណៈ ពន្ធនាគារ​ខេត្តមណ្ឌលគិរី មាន​ជន​ជាប់ឃុំ​តិចជាង ១០០នាក់។ មណ្ឌល​ទាំងនេះ នឹង​ត្រៀម​សម្រាប់​ទទួល អ្នកជួញដូរ រក្សាទុក កែច្នៃ គ្រឿងញៀន ដែល​រង់ចាំ​ការកាត់ទោស។

គួរ​ជម្រាប​ថា ក្នុង​ឆ្នាំ២០១៦ អាជ្ញាធរ​កម្ពុជា បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ជាង ៤.១៩១ ករណី​ចាប់​ជនសង្ស័យ​បាន ៩.៨០២នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ១៧៥គីឡូក្រាម។ បើតាម​លទ្ធផល​នៃ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើកដំបូង រយៈពេល ៦ខែ នៅ​ដើមឆ្នាំ២០១៧ ត្រឹម​រយៈពេល ១០ថ្ងៃ​អាជ្ញាធរ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ជិត ៤០០ករណី និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៩២៧នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៥៥នាក់។ យុទ្ធនាការ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី០១ ខែមករា ដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នឹង​បើក​ប្រតិបត្តិការ​ជាប្រចាំ សំដៅ សម្រេចបាន សុ​បិ​ន្ត​រួមគ្នា កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿងញៀន និង​រក្សា​គ្រួសារនីមួយៗជា គ្រួសារ​ស្អាតស្អំ​គ្មាន​គ្រឿងញៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ