អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ភ្លើង​ទៀន​ធ្វើ​សមាជ​បិទ​ទ្វារ ខណៈ​អនាគត​នៃ​គណបក្ស​នេះ​មិន​ច្បាស់​លាស់

គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស សម រង្ស៊ី បាន​ធ្វើ​សមាជ​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី ២៦ កុម្ភៈ​នេះ ដើម្បី​ធ្វើ​វិសោធនកម្ម​កែ​ប្រែ​លក្ខន្តិកៈ​គណបក្ស​មួយ​ចំនួន ក្នុង​គោល​ដៅ​ដើម្បី​បើក​ផ្លូវ​ឲ្យ​គណបក្ស​នេះ អាច​រំលាយ​ខ្លួន​ឯង​បាន នៅ​ថ្ងៃ​អនាគត។ សមាជ​វិសាមញ្ញ​នេះ រៀប​ចំ​ធ្វើ​ឡើង​នៅ​ឯ​ទី​ស្នាក់ការ​គណបក្ស ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ក្រុង​ភ្នំពេញ ដោយ​មាន​អ្នក​ចូល​រួម​ជាង​៦០​នាក់ តែ​អ្នក​សារព័ត៌មាន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​នោះ​ទេ។

លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន
លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន @សហការី
ផ្សាយពាណិជ្ជកម្ម

សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើង​ទៀន ឬ អតីត​គណបក្ស​សមរង្ស៊ី នឹង​ធ្វើ​ការ​កែ​ប្រែ​លក្ខន្តិកៈ​គណបក្ស​មួយ​ចំនួន ដើម្បី​បើក​ផ្លូវ​ឲ្យ​គណបក្ស​នេះ អាច​រំលាយ​ខ្លួន​ឯង​បាន​​នៅ​ថ្ងៃ​អនាគត។

តាម​គម្រោង សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើង​ទៀន នឹង​ធ្វើ​វិសោធនកម្ម​កែ​ប្រែ​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​គណបក្ស ពិសេស​ប្រការ​៤៧​ថ្មី​ ដែល​បាន​ចែង​ថា “ការ​រំលាយ​គណបក្ស​ភ្លើង​ទៀន អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​អង្គ​សមាជ និង​ដោយ​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​សមាជិក​គណៈកម្មាធិការ​នាយក ក្នុង​សំឡេង​៥០​ភាគ​រយ​បូក​១។ សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើង​ទៀន បាន​រៀប​ចំ​ធ្វើ​ឡើង នៅ​ឯ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ក្រុង​ភ្នំពេញ ដោយ​មាន​អ្នក​ចូល​រួម​ជាង​៦០​នាក់ ប៉ុន្តែ​អ្នក​សារព័ត៌មាន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​នោះ​ទេ។

គួរ​ជំរាប​ជូន​ថា គណបក្ស​សិទ្ធិ​មនុស្ស ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​គណបក្ស​ភ្លើង​ទៀន បាន​ប្រកាស​រំលាយ​ខ្លួន​ឯង កាល​ពី​ថ្ងៃ​ទី ២៨ មករា ឆ្នាំ​២០១៨ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ មិន​ទាន់​ទទួល​យក​ការ​រំលាយ​ខ្លួន​ឯង​នោះ​ទេ លុះ​ត្រា​តែ​គណបក្ស​នេះ ធ្វើ​សមាជ​បោះ​ឆ្នោត​អនុម័ត​តាម​សំឡេង​គាំទ្រ ២​ភាគ​៣ ជា​មុន​សិន។ មាន​មេរៀន​បែប​នេះ​ហើយ ទើប​គណបក្ស​ភ្លើង​ទៀន​នៅ​ថ្ងៃ​នេះ បាន​សម្រេច​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ធ្វើ​វិសោធនកម្ម​កែ​ប្រែ​ប្រការ​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​គណបក្ស ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​ខ្លួន​ឯង នៅ​ថ្ងៃ​អនាគត។ ប្រធាន​គណបក្ស​នេះ លោក ទាវ វណ្ណុល បាន​លើក​ឧទាហរណ៍ ពី​ករណី​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ថា បើ​ទោះ​បី​ជា​ចង់​ស្លាប់ ក៏​គេ​មិន​ឲ្យ​ស្លាប់​ដែរ។

សូម​បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស សម រង្ស៊ី មិន​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ដែល​បាន​ប្រព្រឹត្ត​ទៅ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ទេ ខណៈ​ដែល​សមាជិក​ព្រឹទ្ធសភា​ក្នុង​តំណែង​របស់​គណបក្ស​នេះ​ចំនួន​១១​រូប នឹង​ត្រូវ​អស់​អាណត្តិ​នៅ​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចូល​កាន់​តំណែង។ យ៉ាង​ណា​ក៏​ដោយ លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​នេះ បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត​បែប​ស្ទាក់​ស្ទើរ ថា​តើ អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ គណបក្ស​នឹង​ត្រូវ​រំលាយ​ឬ​យ៉ាង​ណា? លោក ទាវ វណ្ណុល បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា វា​អាស្រ័យ​ទៅ​លើ​បរិយាកាស​នយោបាយ។ បរិយាកាស​នយោបាយ ដែល​កំពុង​មាន​ការ​ប្រែ​ប្រួល​លឿន ដែល​មិន​អាច​ស្មាន​បាន​នៅ​ពេល​នេះ​ទេ។ យ៉ាង​ណា​ក្តី ប្រធាន​គណបក្ស​រូប​នេះ បាន​បញ្ជាក់​ច្បាស់ៗ​ថា គណបក្ស​ភ្លើង​ទៀន នឹង​មិន​អាច​យក​ទៅ​ជំនួស​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ឡើយ។ ហើយ​ថា ការ​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​នេះ ក៏​មិន​មែន​ដើម្បី​ត្រៀម​ខ្លួន ដើម្បី​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ