ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 04/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 04/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 03/12 12h00 GMT
កម្ពុជា

អ្នក​ជំនាញ៖ ដំឡូង​មី​ខ្មែរ​អាច​នឹង​ឡើង​ថ្លៃ​វិញ​ចាប់​ពី​ខែ​មីនា ខណៈ​ក្រុមហ៊ុន​ចិន​នឹង​ទទួល​បាន​កូតា​នាំ​ចូល​ថ្មី

media  
ប្រជាក​សិករ​ខ្មែរ​បាន​កំពុង​តែ​ប្រមូល​ផល​ដំឡូងមី​។​ @Google

ខណៈ​ដែល​ប្រជាកសិករ​ខ្មែរ​ជា​ច្រើន​នាក់​កំពុង​តែ​ត្អូញ​ត្អែរ​រឿង​តំលៃ​ដំឡូង​មី​ធ្លាក់​ចុះ​ខ្លាំង​នៅ​ពេល​នេះ​ ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​ដំឡូង​មី​នៅ​ក្នុង​ស្រុក​មួយ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អង្គារ ទី​១៩ មករា​នេះ​ថា ចាប់​ពី​ខែ​មីនា​ទៅ​ តំលៃ​ដំឡូង​មី អាច​នឹង​ឡើង​ថ្លៃ​វិញ ដោយសារ​តែ​ប្រទេស​ចិន​នឹង​បើក​កូតា​នាំចូល​ដំឡូង​មី​នេះ​ជា​ថ្មី​វិញ។

បច្ចុប្បន្ន​នេះ​តំលៃ​ដំឡូង​មី​ខ្មែរ​ធ្លាក់​ចុះ​ខ្លាំង​រហូត​ដល់​មួយ​គីឡូ​២០០៛ សម្រាប់​ដំឡូង​ស្រស់​និង ស្ងួត​ឬ​ក្រៀម តំលៃ​៤០០៛ នៅ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ប៉ៃលិន។ នេះ​បើ​យោង​តាម​កសិករ​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ ដែល​ប្រកប​របរ​ដំា​ដំឡូង​មី។ តំលៃ​នេះ​គឺ​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល​បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ឆ្នាំ​មុន​ៗ​នេះ។ ដំឡូង​មី​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ហើយ​ប្រទេស​ទាំង​ពីរ​នេះ​ធ្វើ​ការ​នាំ​ចេញ​បន្ត​ទៅ​កាន់​ប្រទេស​ចិន​ ដែល​ជា​ទីផ្សារ​នាំ​ចូល​ធំ​បំផុត។

លោក​សុង សារ៉ន អគ្គនាយក និង​ជា​ប្រធាន​ក្រុមហ៊ុន​អេមរុ រ៉ាយស៍ ខេមបូឌា ដែល​ក្រុមហ៊ុន​របស់​លោក​ធ្វើ​ការ​នាំ​ចេញ​ដំឡូង​មី​ដែរ​នោះ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា តំលៃ​ដំឡូង​មី​សព្វ​ថ្ងៃ​ចុះ​ថោក ដោយសារ​តែ​ចិន​បាន​បិទ​ទីផ្សារ​នាំ​ចូល​របស់​ខ្លួន។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លំហូរ​នៃ​ការ​ទិញ​លក់​ដំឡូង​មី​នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​ទ្រឹង​មួយ​កន្លែង។
 
ជាមួយ​គ្នា​នេះ​ដែរ ក្រុម​ការងារ​ស្រាវជ្រាវ​ខាង​ដំណាំ​ដំឡូង​មី​របស់​ក្រសួង​​ពាណិជ្ជកម្ម​​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កត្តា​ធម្មជាតិ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព និង​បរិមាណ​នៃ​ការ​ប្រមូល​ផល​ដំឡូង​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។ ព្រោះ​ថា​នៅ​ពេល​ដែល​ចាប់​ផ្តើម​ដាំ​មិន​សូវ​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​នៅ​ពេល​ជិត​ប្រមូល​ផល​បែរ ជា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ទៅ​វិញ។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​គុណភាព​មួយ​ផ្នែក។ ដូច្នេះ​ក៏​ធ្វើ​ឲ្យ​តំលៃ​ដំឡូង​ធ្លាក់​ចុះ​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក កែន រដ្ឋា អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។
 
ប៉ុន្តែ​លោក​សុង សារ៉ន បាន​បង្ហើប​ឲ្យ​ដឹង​ថា​តំលៃ​ដំឡូង​មី​ខ្មែរ អាច​នឹង​ឡើង​ថ្លៃ​វិញ​នៅ​ក្នុង​អំឡុង​ខែ​មីនា ខាង​មុខ​នេះ​ បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​ហើយ ព្រោះ​ថា​បណ្តា​ក្រុមហ៊ុន​ចិន​ដែល​ធ្លាប់​នាំ​ចូល​ដំឡូង​មី​ពី​ប្រទេស​ថៃ​ និង​វៀតណាម​ផ្ទាល់​នោះ នឹង​ទទួល​បាន​កូតា​ថ្មី​ពី​រដ្ឋាភិបាល​របស់​ខ្លួន ដើម្បី​ធ្វើការ​នាំ​ចូល​សម្រាប់​ឆ្នាំ​ថ្មី​នេះ។ លោក​បន្ត​ថា ប្រជាកសិករ​អាច​ដក​ដំឡូង​លក់​ជា​បណ្តើរ​ៗ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​សិន ប៉ុន្តែ​កុំ​ដក​ទាំង​អស់ ព្រោះ​ថា​បើ​ទុក​ដល់​ខែ​បី​ អាច​នឹង​លក់​បាន​ថ្លៃ​ជាង​ពេល​នេះ។
 
គួរ​ជម្រាប​ជូន​ផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម បាន​ព្យាយាម​ចរចា ជាមួយ​នឹង​ភាគី​ថៃ ដើម្បី​អាច​នាំ​ចេញ​ដំឡូង​មី​ខ្មែរ​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់ ព្រោះ​ថា​កន្លង​មក​កសិករ​ខ្មែរ​តែង​តែ​លក់​ទិន្នផល​របស់​ខ្លួន​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​និង​ថៃ រួច​ហើយ​ឈ្មួញ​ទាំង​នោះ​បន្ត​នាំ​ចេញ​ដំឡូង​មី​ទាំង​អស់​នោះ​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ធំ​ចុង​ក្រោយ ដើម្បី​ធ្វើការ​កែច្នៃ​វត្ថុ​ធាតុ​ដើម​នេះ ទៅ​ជា​ម្សៅមី ឬ​ក៏​ផលិតផល​កសិ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត។
 
លោក​កែន រដ្ឋា ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ធ្វើ​ការ​បង្កើត​សមាគម​ដំឡូង​មី​កម្ពុជា​បាន​ចំនួន​១៣ ផង​ដែរ​នៅ​ក្នុង​ខេត្ត​ចំនួន​៧ ដែល​មាន​ដូច​ជា​ខេត្ត​ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ក្រចេះ ត្បូងឃ្មុំ និងឧត្តមានជ័យ ហើយ​នៅ​ក្នុង​នោះ​មាន​មនុស្ស​១៧៥១នាក់ បាន​ចុះ​ឈ្មោះ​ចូលរួម​នៅ​ក្នុង​សមាគម​នេះ។ ក្រៅ​ពី​ចរចា​ជាមួយ​នឹង​ប្រទេស​ថៃ ក្រសួង​ក៏​បាន​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន ដើម្បី​ធ្វើការ​នាំ​ចេញ​ដំឡូង​មី​របស់​កសិករ​ខ្មែរ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ។ ប៉ុន្តែ​ការ​ចរចា​នេះ​កំពុង​តែ​ដំណើរ​ការ​នៅ​ឡើយ ហើយ​មិន​ទាន់​សម្រេច​បាន​យ៉ាង​ណា​នោះទេ។ ក្រសួង​ក៏​បាន​ព្យាយាម​ទាក់​ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​តម្លើង​រោងចក្រ​កៃច្នៃ​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ដើម្បី​កាត់​បន្ថយ​តំលៃ​ដឹក​ជញ្ជូន​នៅ​ពេល​នាំចេញ។
 
សូម​បញ្ជក់​ថា​កន្លង​មក​ដំឡូង​មី​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​ច្រើន​ជាង​គេ បន្ទាប់​មក​ប្រទេស​វៀតណាម​ និង​ប្រទេសចិន។ យោង​តាម​របាយការណ៍​របស់​ក្រសួង បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា​នាំ​ចេញ​ដំឡូង​មី​បាន​ចំនួន ជាង៤លានតោន ក្នុង​រង្វង់​ទឹក​ប្រាក់​ជាង​៤៤៧​លាន​ដុល្លារ​អាមេរិក៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ