អានតួអត្ថបទ
កម្ពុជា

CCHR ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ពី​ការអនុវត្ត​ច្បាប់ NGO នៅ​ថ្នាក់​មូលដ្ឋាន

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ពី​ការ​អនុវត្ត​ច្បាប់ NGO នៅ​ថ្នាក់​មូលដ្ឋាន និង​ក្រុម​បណ្ដាញ​ក្រៅផ្លូវការ​។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី CCHR ពិនិត្យ​ឃើញ​ថា ការ​តវ៉ា​នៅ​សហគមន៍​ក្នុង​ខេត្ត​ក្រចេះត្រូវ​បាន​អាជ្ញាធរ​រារាំង​។ អាជ្ញាធរ​តម្រូវ​ឲ្យ​សហគមន៍​ទៅ​ចុះ​បញ្ជី​នៅ ក្រសួង​មហាផ្ទៃ​ជា​មុន​សិន​ មុន​នឹង​ធ្វើ​ការ​តវ៉ា​។ បើ​តាម CCHR សកម្មភាព​របស់​អាជ្ញាធរ​ដូច្នេះ ផ្ទុយ​ពីការ​អះអាង​របស់​​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដែល​ថា ច្បាប់ NGO នឹង​មិន​ត្រូវ​អនុវត្ត​ទៅ លើ​ក្រុម​សហគមន៍​នៅ​ថ្នាក់​មូលដ្ឋាន​នោះ​ទេ​។

ស្លាក​សញ្ញា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR
ស្លាក​សញ្ញា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ នៅ​ក្នុង​លិខិត​ចំហ ផ្ញើ​ជូន​រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ CCHR អះអាង​ថា ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ខែ​មេសា​ថ្មី​ៗ​នេះ ទទួល​រង​ការ​រារាំង និង​គម្រាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​។ បើ​តាម CCHR អាជ្ញាធរ​បាន​ប្រាប់​តំណាង​សហគមន៍​ឲ្យ​ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជា​មុន​សិន មុន​នឹង​ធ្វើ​ការ​តវ៉ា​។ និង​ថា សហគមន៍​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដាក់​ពិន័យ បើ​មិន​គោរព​តាម​។

 

សកម្មភាព​របស់​អាជ្ញាធរ​ដូច្នេះ ផ្ទុយ​ពីការ​អះអាង​របស់​​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃនា​ពេល​កន្លង​មក​ ​ដែល​ថា ច្បាប់ NGO នឹង​មិន​ត្រូវ​អនុវត្ត​ទៅ លើ​ក្រុម​សហគមន៍​នៅ​ថ្នាក់​មូលដ្ឋាន​នោះ​ទេ​។ នេះ​បើ​តាម CCHR ។ អង្គការ​សង្គម​ស៊ីវិល​នេះ បាន​ស្រង់​ប្រសាសន៍​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា ដែល​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី​ច្បាប់ NGO ថា ច្បាប់​នេះ នឹង​មិន​ត្រូវ​អនុវត្ត​ទៅ​លើ​ក្រុម​សហគមន៍​នៅ​ថ្នាក់​មូលដ្ឋាន ដែល​មាន​បំណង​សម្ដែង​ពី​ក្ដី​បារម្ភ​ទៅ​លើ​បញ្ហា​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​។

បើ​តាម CCHR ប្រសិន​បើ​ច្បាប់​សមាគម អង្គការ ត្រូវ​បាន​អនុវត្ត​ចំពោះ​ក្រុម​អង្គការ​តូច​ៗ​នៅ​ថ្នាក់​មូលដ្ឋាន និង​ក្រុម​បណ្ដាញ​មិន​ផ្លូវ​ការ នោះ​ជា​ការ​ផ្ទុយ​ទៅ​នឹង​គោល​បំណង​របស់​រដ្ឋាភិបាល​ ហើយ​សិទ្ធិ​សេរីភាព​ខាង​ការ​បង្កើត​សមាគម​នៅ​កម្ពុជា ប្រាកដ​ជា​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​នោះ​ទេ​។ ជាង​នេះ​ទៅ​ទៀត សកម្មភាព​ដូច្នេះ ទំនង​ជា​ប៉ះ​ពាល់​ដល់​សិទ្ធិ​ខាង​ជួប​ប្រជុំ សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ក៏​ដូច​ជា​សិទ្ធិ​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​។ នេះ​បើ​តាម CCHR។

CCHR ស្នើ​ឲ្យ​រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ថ្លែង​បញ្ជាក់​អំពី​ការ​អនុវត្ត​ច្បាប់​សមាគម​អង្គការ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​មិន​បញ្ចូល​ក្រុម​អង្គការ​នៅ​ថ្នាក់​មូលដ្ឋាន និង​បណ្ដាញ​មិន​ផ្លូវ​ការ​នៅ​ក្នុង​បញ្ជី​។ CCHR អះអាង​ថា ខ្លួន​នឹង​ចូលរួម​សហការ​ការងារ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ធានា​ថា ច្បាប់​នេះ នឹង​ត្រូវ​បាន​អនុវត្ត​ ឬ​ធ្វើ​វិសោធនកម្ម​ដោយ​គោរព​ទៅ​លើ​បទដ្ឋាន​សិទ្ធិ​មនុស្ស​៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ