ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
កម្ពុជា

CCHR៖ សិទ្ធិ​របស់​ជន​ជាប់​ចោទ មិន​ត្រូវ​បាន​គោរព​ពេញ​លេញ​នៅ​ក្នុង​ដំណាក់​កាល​ជំនុំ​ជម្រះ នៅ​សាលា​ឧទ្ធរណ៍

media  
សាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ fb

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាល​ពី​ថ្ងៃ​ទី ១៩ មិថុនា បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ បង្ហាញ​ពី​ ការ​សង្កេតការណ៍​សវនាការ​របស់​ខ្លួន នៅ​សាលា​ឧទ្ធរណ៍។ របាយការណ៍​នេះ រក​ឃើញ​ថា ការ​សន្មត​ទុក​ជា​មុន​ថា​គ្មាន​ទោស សិទ្ធិ​ទទួល​បាន​សេចក្ដី​សម្រេច​មាន​សម្អាង​ហេតុ និង​សិទ្ធិ​ទទួល​បាន​មេធាវី​ការពារ​ជន​ជាប់​ចោទ មិន​ត្រូវ​បាន​គោរព​ពេញ​លេញ​នោះ​ទេ។ អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ ស្វាគមន៍​ការ​រិះគន់​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ ក៏​ប៉ុន្តែ​ស្នើ​ឱ្យ​CCHR សិក្សា​ពី​លំហូរ​នៃ​នីតិវិធី​ជំនុំ​ជម្រះ​នៅ​ក្នុង​សាលា​ឧទ្ធរណ៍​ឱ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ចេញ​ផ្សាយ​របាយការណ៍​លើក​ក្រោយ​ទៀត។

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ដែល​ចេញ​ផ្សាយ​នៅ​ដើម​សប្តាហ៍​នេះ បាន​បង្ហាញ​ថា សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​សំខាន់ៗ​មួយ​ចំនួន ត្រូវ​បាន​គោរព​នៅ​ដំណាក់​កាល សាលា​ឧទ្ធរណ៍ ដូច​ជា ការ​ការពារ​ពី​ការ​វិនិច្ឆ័យ​ទោស​ពីរ​ដង​ចំពោះ​បទ​ល្មើស​ដដែល មូលហេតុ​នៃ​ការ​ចោទ​ប្រកាន់ សិទ្ធិ​មាន​ពេល​វេលា និង​មធ្យោបាយ​គ្រប់​គ្រាន់ ដើម្បី​រៀប​ចំ​ការពារ​ក្តី ព្រម​ទាំង​សិទ្ធិ​ទទួល​បាន​ការ​ប្រកាស​សេចក្តី​សម្រេច​ជា​សាធារណៈ​ជា​ដើម។

ផ្អែក​តាម​របាយការណ៍​ដដែល ខណៈ​ដែល​មាន​ភាព​ប្រសើរ​ឡើង​មួយ​ចំនួន ចំពោះ​ការ​គោរព​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​នៅ​សាលា​ឧទ្ធរណ៍ ក៏​នៅ​មាន​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​មួយ​ចំនួន​ផ្សេង​ទៀត មិន​ទាន់​ត្រូវ​បាន​គោរព​នៅ​ឡើយ ពិសេស សិទ្ធិ​របស់​ជន​ជាប់​ចោទ​ជា​អនីតិជន ដែល​គួរ​ត្រូវ​បាន​ផ្តល់​ការ​ការពារ​ជា​ពិសេស​តាម​ច្បាប់​ជាតិ និង​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ក្រៅ​តែ​ពី​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ CCHR បាន​ជម្រុញ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ចាត់​វិធានការ​ជាប​ន្ទាន់ និង​សម​ស្រប​ដើម្បី​ធានា​ថា សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ និង​ជា​ពិសេស​ការ​សន្មត​ទុក​ជា​មុន​ថា​គ្មាន​ទោស សិទ្ធិ​ទទួល​បាន​សេចក្តី​សម្រេច​មាន​សម្អាង​ហេតុ និង​ការ​ការពារ​ឯកជន​ភាព​របស់​អនីតិជន ត្រូវ​បាន​ការពារ​យ៉ាង​ដិត​ដល់។

លោក ទូច ថារិទ្ធ អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ បាន​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​ក្នុង​របាយការណ៍​នេះ ដើម្បី​កែ​លម្អ​នីតិវិធី​ជំនុំ​ជម្រះ​នៅ​ក្នុង​សាលា​ឧទ្ធរណ៍​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​រូប​នេះ ក៏​ស្នើ​ឱ្យ​ក្រុម​ការងារ​ដែល​សង្កេតការណ៍​លើ​បញ្ហា​នេះ សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ធ្វើ​ការ​ចេញ​ផ្សាយ​របាយការណ៍​លើក​ក្រោយ​ទៀត។ លោក ទូច ថារិទ្ធ លើក​ឡើង​ថា ក្រុម​ការងារ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​សង្កេតការណ៍​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​នេះ មិន​ទាន់​យល់​ច្បាស់​ពី​នីតិវិធី​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ទេ។

សូម​ជម្រាប​ជូន​ថា របាយការណ៍​ប្រចាំ​ឆ្នាំ​ពី​ការ​សង្កេតការណ៍​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧ ដោយ​សង្កេតការណ៍​សវនាការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចំនួន ៣៤០​ករណី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ