ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
កម្ពុជា

សហភាព​អឺរ៉ុប៖ បញ្ហា​សិទ្ធិ​មនុស្ស​និង​នយោបាយ​មាន​សារៈ​សំខាន់​សម្រាប់​គោល​នយោបាយ​ពាណិជ្ជកម្ម​អឺរ៉ុប

media  
លោក​ស្រី Cecilia Malmström អ្នក​ដឹក​នាំ​គណៈប្រតិភូ​សហភាព​អឺរ៉ុប @សហការី

បន្ទាប់​ពី​បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា​រយៈ​ពេល​១​សប្តាហ៍ គណៈកម្មាការ​សហភាព​អឺរ៉ុប បាន​ព្រមាន​ដក​កម្ពុជា​ចេញ​ពី​គម្រោង​អនុគ្រោះ​ពន្ធ(EBA)។ ជា​វិធានការ​ចុង​ក្រោយ ដែល​គណៈកម្មាការ​សហភាព​អឺរ៉ុប អះអាង​ថា ប្រសិន​បើ​រាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បរាជ័យ។ យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​សុទិដ្ឋិនិយម​ថា កិច្ច​សហការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា នឹង​នៅ​តែ​បន្ត​យ៉ាង​ស្អិត​រមួត​ដដែល។

សហភាព​អឺរ៉ុប ​កំពុង​ពិចារណា​ ថា​តើ​ត្រូវ​បន្ត​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ទៀត ​ឬ​លុប​ចោល បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា រយៈ​ពេល​១​សប្តាហ៍ ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១​ខែ​កក្កដា។ បេសកកម្ម​ស្វែង​រក​ការ​ពិត​របស់​គណៈប្រតិភូ​អឺរ៉ុប​នេះ​ ធ្វើ​ឡើង​​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​លើក​លែង​តែ​អាវុធឬ EBA។

លោក​ស្រី Cecilia Malmström អ្នក​ដឹក​នាំ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ សម្រាប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​ បាន​លើក​ឡើង​ថា គំនិត​ផ្តួច​ផ្តើម​នៃ​គម្រោង​ពាណិជ្ជកម្ម​សេរី ​ឬ​អ្វី​ទាំង​អស់​លើក​លែង​តែ​អាវុធ EBA មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​កម្ពុជា។

ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​គណៈប្រតិភូ​សហភាព​អឺរ៉ុ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ១២ កក្កដា បាន​លើក​ឡើង​ថា ការ​វិវត្ត​ថ្មីៗ​ដ៏​គួរ​ឲ្យ​បារម្ភ​នៅ​កម្ពុជា បាន​ធ្វើ​ឱ្យមាន​ការ​វាយ​តម្លៃ​កាន់​តែ​ល្អិត​ល្អន់​ជាង​មុន​ ថា​តើ​កម្ពុជា​កំពុង​បំពេញ​តាម​ការ​ប្តេជ្ញា​ចិត្ត​ និង​កិច្ច​សន្យា​របស់​ខ្លួន​ឬ​យ៉ាង​ណា។ ខណៈ​ការ​ពិភាក្សា​ និង​ការ​ប្រមូល​ព័ត៌មាន នៅ​អំឡុង​ដំណើរ​បេសកកម្ម​ បាន​ផ្តោត​លើ​ការ​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​ផ្នែក​នយោបាយ​ និង​សិទ្ធិ​បោះ​ឆ្នោត។ ព្រម​ជាមួយ​នឹង ការ​រា​រាំង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល បញ្ហា​ចន្លោះ​ប្រហោង​ចំពោះ​យន្តការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី និង ការ​គំរាម​កំហែង​​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​សិទ្ធិ​ចរចា​ជា​សមូហភាព។

បើ​តាម​លោក​ស្រី Cecilia Malmström គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប យុត្តិធម៌​សង្គម ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ ដែល​ក្នុង​នោះ​រួម​មាន​ ការ​គោរព​សិទិ្ធ​មនុស្ស​ សេរីភាព​ជា​មូលដ្ឋាន ​និង​ស្តង់ដា​ការងារ។ ដូច្នេះ​ការ​ដក​កម្ពុជា​ចេញ​ពី​គ្រោង​ការណ៍​ពាណិជ្ជកម្ម គឺ​ជា​វិធានការ​នៃ​ជម្រើស​ចុង​ក្រោយ ប្រសិន​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្សេង​ទៀត​របស់​សហភាព​អឺរ៉ុប ត្រូវ​បាន​បរាជ័យ ក្នុង​ការ​ដោះ​ស្រាយ​ការ​ព្រួយ​បារម្ភ​ទាំង​នោះ។

ប្រសិន​បើ​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់​ពន្ធ​នាំ​ចូល​នោះ ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​គិត​ជា​មធ្យម មាន​រហូត​ដល់ ៦៧៦​លាន​ដុល្លារ​អាមេរិកក្នុង​មួយ​ឆ្នាំ ដែល​ផលិតកម្ម​ទំនិញ​នាំ​ចេញ​ទាំង​នេះ​ប្រើ​ប្រាស់​កម្មករ​ប្រមាណ​៤០​ម៉ឺន​នាក់។

យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​អះអាង​ថា ការ​ចាប់​ខ្លួន​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ លោក ផៃ ស៊ីផាន អះអាង​ថា នៅ​អំឡុង​ពេល​បំពេញ​បេសកកម្ម​នេះ គណៈប្រតិភូ បាន​យល់​កាន់​តែ​ច្បាស់​ពី​ភាព​ប្រសើរ​ឡើង​នៃ​លក្ខខណ្ឌ ជា​ពិសេស​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​សុទិដ្ឋនិយម​ថា ប្លុក​សេដ្ឋកិច្ច​មួយ​នេះ នឹង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​កម្ពុជា តាម​រយៈ​ការ​បែង​ចែក​ឱ្យ​ដាច់​រវាង បញ្ហា​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​រយៈ​ពេល​ពេញ​មួយ​សប្តាហ៍​នេះ​​ គណៈប្រតិភូ​សហភាព​អឺរ៉ុប បាន​ជួប​ជាមួយ​នឹង សមាជិក​រដ្ឋាភិបាល​កម្ពុជា តំណាង​សហជីព សង្គម​ស៊ីវិល​ ពាណិជ្ជករ តំណាង​អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ជា​ដើម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ