អានតួអត្ថបទ
កម្ពុជា-នយោបាយ

សហជីព​ជាង​១០០​ប្តឹង​ទារ​ប្រាក់​១​លាន​ដុល្លារ​ពី​លោក ជា មុនី ពី​បទ​ញុះ​ញង់​កម្មករ

សហភាព​និង​សហព័ន្ធ​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ចំនួន ១២០ បាន​ដាក់​ពាក្យ​ប្តឹង​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ពី​បទ​ញុះញង់​ដោយ​ទាម​ទារ​ប្រាក់​១​លាន​ដុល្លារ​អាមេរិក។ ពាក្យ​បណ្តឹង​បាន​ដាក់​ដល់​ដៃ​តុលាការ​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​ធ្នូ ក្រោយ​ពី​លោក ជា មុនី បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី។

រូបភាព​ចាស់៖ លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
រូបភាព​ចាស់៖ លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា @Seng thai
ផ្សាយពាណិជ្ជកម្ម

ពាក្យ​បណ្តឹង​របស់​មេ​ដឹក​នាំ​សហជីព​ទាំង​១២០ ដឹក​នាំ​ដោយ​លោក ជួន មុំថុល ដែល​គេ​ដឹង​ថា ជា​ទីប្រឹក្សា​ក្រសួង​ការងារ បាន​ប្តឹង​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​បទ​ញុះញង់ ដោយ​ទាម​ទារ​ប្រាក់​ជំងឺ​ចិត្ត​ពី​១​លាន​ដុល្លារ​អាមេរិក។ បើ​តាម​ពាក្យ​បណ្តឹង​នេះ ក្រុម​មេ​ដឹក​នាំ​សហភាព​និង​សហព័ន្ធ​សហជីព​ទាំង​១២០​ស្ថាប័ន​នេះ បាន​ចាត់​ទុក​បទ​សម្ភាសន៍​របស់​លោក ជា មុនី សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១៨ ធ្នូ​ថា មាន​ខ្លឹម​សារ​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​ស្រប​ច្បាប់​កម្ពុជា​ឲ្យ​កាន់​តែ​លឿន​កាន់​តែ​ល្អ។ ប៉ុន្តែ​បើ​តាម​លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ជិត​ស្និទ្ធ​ជាមួយ​លោក ជា មុនី បាន​ចាត់​ទុក​ថា ពាក្យ​បណ្តឹង​របស់​មេ​ដឹក​នាំ​សហជីព​ទាំង​នោះ មិន​ត្រឹម​ត្រូវ​ទេ។ លោក​ថា អ្វី​ដែល​លោក ជា មុនី បាន​លើក​ឡើង​តាម​រយៈ​បទ​សម្ភាសន៍​នោះ គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ។

លោក ជា មុនី នៅ​ថ្ងៃ​នេះ មិន​អាច​ទាក់​ទង​តាម​ទូរសព្ទ​បាន​ទេ ហើយ​គេ​មិន​ដឹង​ថា តើ​លោក​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​បាន​ចាក​ចេញ​នៅ​ឡើយ​ទេ បន្ទាប់​ពី​រង​ពាក្យ​បណ្តឹង​ពី​មេ​ដឹក​នាំ​សហជីព​ទាំង​១២០​នេះ។ ប៉ុន្តែ​បើ​តាម​លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក ជា មុនី បាន​បញ្ជាក់​ថា លោក ជា មុនី មិន​រត់​ទៅ​ណា​នោះ​ទេ ត្បិត​ការ​លើក​ឡើង​របស់​លោក គឺ​គ្រាន់​តែ​បាន​លើក​ឡើង​តាម​ក្រោយ ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប៉ុណ្ណោះ។

គួរ​ជំរាប​ជូន​ថា ក្រៅ​ពី​បាន​ដាក់​ពាក្យ​ប្តឹង​លោក ជា មុនី ពី​បទ​ញុះ​ញង់​ហើយ​នោះ ក្រុម​មេដឹក​នាំ​សហជីព​ទាំង​១២០ ក៏​បាន​ព្រមាន​ប្តឹង​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​នេះ​ថា អ្នក​ដែល​គួរ​ប្តឹង គឺ​អ្នក​ដែល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ឯ​ណោះ​ទៅ​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ