អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ជាម យៀប​ថា​សមាសភាព គជប អាច​ទុក​ដដែល បើ​ចុះ​ចូល​គណបក្ស​ប្រជាជន

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​លើក​ឡើង​ថា សមាសភាព គជប មក​ពី​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​រលាយ​ជា​ស្វ័យ​ប្រវត្តិ​នៅ​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ។ ប៉ុន្តែ​លោក​ថា​ប្រសិន​បើ​ពួក​គេ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច នោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​អាច​នឹង​ពិចារណា។ យ៉ាង​ណា​ក៏​ដោយ គជប នៅ​មិន​ទាន់​អាច​បញ្ជាក់​ជំហរ​យ៉ាង​ណា​ទេ ដោយ​ថា​រង់​ចាំ​មើល​ច្បាប់​ដែល​ទើប​អនុម័ត​នេះ​មក​ដល់​ដៃ​សិន។

លោក ជាម យៀប តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា
លោក ជាម យៀប តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

លោក ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា តាម​ការ​ឯក​ភាព​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ឬ​កន្លង​មក គឺ​សមាសភាព គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត គជប ទាំង​៩​រូប នឹង​ត្រូវ​រលាយ​ជា​ស្វ័យ​ប្រវត្តិ នៅ​ពេល​បក្ស​ណា​មួយ​ត្រូវ​រំលាយ។ ​ទោះ​ជា​យ៉ាង​ណា​លោក​ថា សមាសភាព​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​គជប អាច​រក្សា​នៅ​ដដែល បើ​សិន​ជា​អ្នក​ទាំង​នោះ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន។

ប៉ុន្តែ​វិទ្យុ​បារាំង​RFI​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ជាម យៀប បាន​ទេ។ ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ក្នុង​នាម​បុគ្គល​ផ្ទាល់​ខ្លួន​ថា បញ្ហា​ទាក់​ទង​គជប គឺ​មាន​ច្បាប់​មួយ​ដោ​យ​ឡែក ហើយ​ថា​សមាសភាព គជប ទាំង​នោះ​បាន​លា​លែង​ចេញ​ពី​សមាជិក​គណបក្ស​រួច​ហើយ​មុន​ចូល​កាន់​តំណែង។ ដូច​នេះ​លោក​ថា ទោះ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ​ក៏​សមាសភាព​គជប​នៅ​រក្សា​ដដែល។

សម្រាប់​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៃ​អង្គការ​និចហ្វិច លោក សម គន្ធាមី មិន​យល់​ដូច​នេះ​ទេ​។ លោក សម គន្ធាមី យល់​ថា បើ​គេ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​សមាសភាព​ គជប ដែល​ជា​កូត្តា​គណបក្ស​នេះ​នឹង​ត្រូវ​រំលាយ​ទៅ​តាម​នោះ​ដែរ។ ប៉ុន្តែ​លោក​ព្រមាន​ថា បើ​សមាសភាព គជប ដែល​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ផង​នោះ ត្រូវ​បាន​រំលាយ លោក​ថា​ការ​បោះ​ឆ្នោត​នឹង​អាច​ជួប​បញ្ហា។

ចំណែក លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គជប ដែល​លោក​ថា​មិន​បាន​ឭ​សំដី​លោក ជាម យៀប ផ្ទាល់ លោក​សូម​មិន​បង្ហាញ​ជំហរ​តំណាង​ឲ្យ​សមាសភាព​គជប​ទាំង​អស់​នោះ​ទេ។ តែ​លោក​ថា​ត្រូវ​រង់​​ចាំ​ពិនិត្យ​មើល​ច្បាប់​ដែល​បាន​អនុម័ត​នោះ​មក​ដល់​ដៃ​សិន។

សូម​ជម្រាប​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំ​លើក​ដៃ អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ចំនួន​៤ នៅ​សប្តាហ៍​នេះ​ ដែល​មាន​ខ្លឹម​សារ​បើក​ផ្លូវ​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​​ដែល​ត្រូវ​រំលាយ​ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត​ដែល​មិន​បាន​ជាប់​ឆ្នោត។ ប៉ុន្តែ​ការ​អនុម័ត​ច្បាប់​នេះ ត្រូវ​រង​ការ​រិះគន់​ពី​ក្រសួង​ការ​បរទេស​អាមេរិក សហភាព​អឺរ៉ុប និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ