ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
កម្ពុជា

លោក​ឈាង វុន ប្រាប់​លោក​ស្រី​រ៉ូណា ស្មីត​ថា​បើ​មិន​យក​កៅអី​អតីត​បក្ស​ប្រឆាំង​ឲ្យ​បក្ស​ផ្សេង​អង្គុយ​ទេ នោះ​ជាតិ​ខ្មែរ​នឹង​ស្លាប់

media  
លោក​ឈាង វុន នៅ​ក្នុង​ជំនួប​ជាមួយ​​លោក​ស្រី​រ៉ូណា ស្មីត​ នៅព្រឹក​ថ្ងៃទី ១៣ មីនា​នេះ។ @Dapnews

នៅ​ព្រឹក​នេះ លោក​ស្រី​រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​បន្ត​ជួប​ជាមួយ​លោក​ហេង សំរិន ប្រធាន​រដ្ឋសភា​ខ្មែរ។ ប៉ុន្តែ​ជំនួប​នេះ​គ្រាន់​តែ​ជា​ការ​ជួប​សម្តែង​ការ​គួរ​សម​ប៉ុណ្ណោះ រីឯ​ជំនួប​ពិភាក្សា​ផ្លូវ​ការ​គឺ​លោក​ស្រី​រ៉ូណា ស្មីត​ត្រូវ​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក​ឈាង វុន តំណាង​ឲ្យ​រដ្ឋសភា​ខ្មែរ។ នៅ​ក្នុង​ជំនួប​ជាង​មួយ​ម៉ោង​នេះ លោក​ឈាង វុន បាន​ប្រាប់​លោក​ស្រី​រ៉ូណា ស្មីត​ថា ការ​បែង​ចែក​កៅអី​របស់​អតីត​បក្ស​សង្រ្គោះ​ជាតិ គឺ​ដើម្បី​ឲ្យ​រដ្ឋសភា​គ្រប់​លក្ខណៈ បើ​ពុំ​ដូច្នោះ​ទេ​ជាតិ​ខ្មែរ​នឹង​ស្លាប់​ពុំ​ខាន។

លោក​ឈាង វុន អ្នក​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​លោក​ហេង សំរិន ដែល​ជា​ប្រធាន​រដ្ឋសភា​ខ្មែរ​ចាត់​ឲ្យ​ធ្វើ​ជា​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា ដើម្បី​ជួប​ជជែក​ផ្លូវ​ការ​ជាមួយ​លោក​ស្រី​រ៉ូណា ស្មីត។ លោក​ឈាង វុន បាន​អះអាង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​នេះ​ថា លោក​ស្រី​រ៉ូណា ស្មីត​បាន​សួរ​លោក​បី​ចំណុច គឺ​ទី​មួយ​អំពី​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្រ្ត​ខ្មែរ​និង​បទ​ល្មើស​ជាក់​ស្តែង ហើយ​ទី​ពីរ​អំពី​ការ​កែ​រដ្ឋធម្មនុញ្ញ និង​ក្រម​ព្រហ្មទណ្ឌ​ដែល​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ដែល​ប្រមាថ​ព្រះ​មហាក្សត្រ និង ទី​បី គឺ​សួរ​អំពី​ការ​បែង​ចែក​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។

គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​លោក​ឈាង វុន បាន​ប្រាប់​ទៅ​លោក​ស្រី​រ៉ូណា ស្មីត​ថា នៅ​កម្ពុជា ការ​បោះ​ឆ្នោត​គឺ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​សមាមាត្រ​មិន​មែន​បោះ​ឆ្នោត​ឲ្យ​បុគ្គល​ឡើយ។ ហេតុ​ដូច្នេះ​ហើយ ប្រសិន​គណបក្ស​ជាប់​ឆ្នោត​ណា​មួយ​ត្រូវ​រំលាយ នោះ​កៅ​អី​នៅ​ក្នុង​រដ្ឋសភា​ក៏​ត្រូវ​រលាយ​ដូច​គ្នា​ដែរ។ លោក​ឈាង វុន បាន​អះអាង​ទៀត​ថា រដ្ឋសភា​ខ្មែរ​មិន​អាច​ទុក​ចោល​របៀប​នេះ​បាន​ទេ ព្រោះ​ថា​រដ្ឋសភា​នឹង​មិន​គ្រប់​លក្ខណៈ​ហើយ​បើ​កៅអី​គ្មាន​មនុស្ស​អង្គុយ នោះ​ជាតិ​ខ្មែរ​នឹង​ស្លាប់។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ លោក​ឈាង វុន​បាន ប្រាប់​ទៅ​លោក​ស្រី​រ៉ូណា ស្មីត​ថា ត្រូវ​តែ​ពង្រឹង​រដ្ឋសភា​ដែល​ជា​តំណាង​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​តាម​រយៈ​ការ​ចែង​ចែក​កៅអី​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ឲ្យ​ទៅ​គណបក្ស​ផ្សេង។

អាសនៈ​​នៅ​ក្នុង​​រដ្ឋសភា​​ចំនួន​​៥៥​​​កៅអី​​របស់​​អតីត​​គណបក្ស​​សង្រ្គោះ​ជាតិ​ ត្រូវ​​បាន​​គ.ជ.ប​ ដែល​ផ្អែក​តាម​ច្បាប់​ថ្មី​អនុម័ត​ដោយ​រដ្ឋសភា​​ខ្មែរ​​ យក​ទៅ​បែង​ចែង​ឲ្យ​គណបក្ស​ចំនួន​៤​ផ្សេង​ទៀត គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ចំណាត់​ការ​​របស់​គ.ជ.ប​ និង​រដ្ឋសភា​ខ្មែរ​នេះ បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ ក៏​ប៉ុន្តែ​លោក​តំណាង​រាស្រ្ត​ឈាង វុន បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋសភា​ខ្មែរ​នេះ​នៅ​ចំពោះ​មុខ​លោក​ស្រី​រ៉ូណា ស្មីត ថា ធ្វើ​ឡើង​ដោយ​ត្រឹម​ត្រូវ ​គឺ​ត្រឹម​ត្រូវ​ឲ្យ​ខ្មែរ​រស់​នៅ​ក្នុង​សន្តិភាព។ លោក​ឈាង វុន ក៏​បាន​អះអាង​ជំនួស​លោក​ស្រី​រ៉ូណា ស្មីត​ប្រាប់​ទៅ​អ្នក​កាសែត​ដែរ​ថា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​រូប​នេះ បាន​យល់​ហើយ​ពី​ចំណុច​នេះ បន្ទាប់​ពី​ការ​បក​ស្រាយ​របស់​លោក។ តាម​លោក​ឈាង វុន​ដដែល លោក​ស្រី​រ៉ូណាស្មីត មិន​មាន​សំណូម​ពរ​ឬ​ក៏​សំណើ​ណា​មួយ​មក​កាន់​រដ្ឋសភា​ឡើយ។

លោក​ស្រី​រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ មីនា។ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោក​ស្រី​នឹង​ធ្វើ​សន្និសិទ​កាសែត​មួយ​ដូច​សព្វ​មួយ​ដង​ដែរ​នៅ​ការិយាល័យ​សិទ្ធិ​មនុស្ស​អ.ស.ប (OHCHR)​នៅ​ក្នុង​រាជធានី​ភ្នំពេញ មុន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ