អានតួអត្ថបទ
កម្ពុជា

ទិវា​អាស៊ាន​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ៖​ កុមារ​គឺ​ជា​ក្រុម​មនុស្ស​ងាយ​​រង​គ្រោះ​ខ្លាំង​ជាង​គេ​

ក្រុម​មនុស្ស​ដែល​បណ្តា​ប្រទេស​ជា​សមា​ជិក​អាស៊ាន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ គឺ​កុមារ ​ដោយ​សារ​តែ​ពួក​គេ​ទាំ​ង​នោះ ​គឺ​ជា​មនុស្ស​ងាយ​រង​គ្រោះ​ពី​គ្រោះ​មហន្តរាយ​នានា​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​អាស៊ាន​នៅ​ព្រឹក​នេះ។​ ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ​អាស៊ាន​បាន​ជួប​នឹង​គ្រោះ​មហន្ត​រាយ​ធំៗ​មួយ​ចំនួន​ ដែល​បាន​បណ្តាល​ឲ្យ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់​ និង​បាត់​បង់​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​

សាលាកុមារពិការភ្នែក និងកុមារគ ថ្លង់ ភ្នំពេញថ្មី
សាលាកុមារពិការភ្នែក និងកុមារគ ថ្លង់ ភ្នំពេញថ្មី @RFI/ស្រី សុភក្ត្រ
ផ្សាយពាណិជ្ជកម្ម

លោក រស់ សុវណ្ណ អគ្គ​លេខាធិរង​នៃ​គណៈ​កម្មធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​បាន​ឲ្យ​ដឹង​ថា​ការ​ជ្រើស​រើស​ប្រធាន​បទ ​ដើម្បី​យក​មក​ពិភាក្សា​នៅ​ក្នុង​ទិវា​អាស៊ាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​និង​ទិវា​អន្តរ​ជាតិ​កាត់​បន្ថយ​គ្រោះ​មហន្ត​រាយ ​ឆ្នាំ​២០១៥ ​គឺ​មាន​៣ប្រធាន​បទ​សំខាន់ៗ ​ក្នុង​នោ​សា​លា​រៀន​មាន​សុវត្ថិ​ភាព​គឺ​ជា​ប្រធាន​បទ​មួយ​សំខាន់​ជាង​គេ។​

លោក​បាន​បញ្ជាក់​ថា​កុមារ​ គឺ​ជា​ប្រភេទ​មនុស្ស​ ដែល​ងាយ​រង​គ្រោះ​ពី​គ្រោះ​មហន្ត​រាយ​ ដោយ​សារ​តែ​ការ​យល់​ដឹង ​វ័យ ​និង​សមត្ថ​ភាព​របស់​ពួក​គាត់​នៅ​មាន​កម្រិត​។ ​ក្នុង​កិច្ច​ពិភាក្សា​នោះ ​បាន​លើ​យក​ពី​បញ្ហា​ថា ​តើ​គ្រឹះ​ស្ថាន​សិក្សា​ ត្រូវ​បាន​សាង​សង់​ដោយ​របៀប​ណា ​ហើយ​ត្រូវ​ឲ្យ​សិស្ស​ដឹង​ពី​វិ​ធិ​សាស្ត្រ​​គេច​​ចេញ​ពី​គ្រោះ​មហន្ត​រាយ​ជា​ដើម​។​

លោក ​Jan​ Jaap​ Kleinrenskin​ នា​យក​គ្រប់​គ្រង​អង្គ​ការ ​Plan International ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ថ្លែង​ថា អង្គការ​របស់​លោក​គឺ​ជា​អង្គការ​ ដែល​បាន​ផ្តោត​សំខាន់​លើ​សិទ្ធិ​របស់​កុមារ ​ម្យ៉ាងវិញ​ទៀត ​គឺ​លោក​ចង់​ឲ្យ​អាស៊ាន​មាន​ការ​រៀប​ចំ​ជា​ស្រេច​ចំពោះ​ការ​យល់​ដឹង​របស់​កុមារ​ទាំង​អស់​នោះ ​ពី​គ្រោះ​មហន្ត​រាយ។​ ការ​ពិភាក្សា​លើ​ប្រធាន​បទ​នេះ ​នឹង​ជួយ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​អាច​ស្វែង​រក​នូវ​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​។ លោក​បញ្ជាក់​ទៀត​ថា ​ការ​ពិភាក្សា​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​នេះ នឹង​ជួយ​កាត់​បន្ថយ​ចំនួន​កុមារ​ស្លាប់​ដោយ​សារ​គ្រោះ​មហន្ត​រាយ​។ សម្រាប់​ឆ្នាំ​ក្រោយ​ៗទៀ​ត ប្រធាន​បទ​ពិភាក្សា​មួយ​នេះ ​នឹង​នៅ​តែ​សំខាន់​ជា​និច្ច​សម្រាប់​ទិវា​អាស៊ាន​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ។​

លោក​ស្រី​ Adelina Kamal ជា​ប្រធាន​ផ្នែក​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៃ​សមាគម​អាស៊ាន​បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​នា​ពេល​កន្លង​មក​ថា ​សាលា​រៀន​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​មិន​មានភាព​រឹង​មាំ ​ហើយ​អាច​បំផ្លាញ ​ដោយ​សារ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ ​និង​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​របស់​កុមារ​ថែម​ទៀត​ផង​។ លោក​ស្រី​បន្ថែម​ថា ​ដូច្នេះ​គេ​ត្រូវ​សាង​សង់​សាលា​រៀន​ឡើង​វិញ ​ឲ្យ​មាន​ភាព​​រឹង​មាំ ​ដែល​អាច​ធានា​បាន​ ឬទប់​ទល់​នឹង​គ្រោះ​ធម្ម​ជាតិ ​នោះ​នឹង​អាច​ជួយ​កុមារ​ជំនាន់​ក្រោយ​ៗ​ទៀត។​

សម្រាប់​កម្ពុជា​គ្រោះ​មហន្តរាយ ​ដែល​បាន​បណ្តាល​ឲ្យ​ជីវិត​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ ​គឺ​គ្រោះ​ទឹក​ជំនន់​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ ​រហូត​មក​ដល់​បច្ចុប្បន្ន​។ នេះ​បើ​តាម​ទិន្ន​ន័យ​របស់​គណៈកម្មធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ។​

សូម​បញ្ជាក់​ថា ​ទិវា​អាស៊ាន​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​១៣ ​តុលា ​ប្រព្រឹត្តិ​ទៅ​ក្រោម​ពាក្យ​ស្លោក​ “អាស៊ាន​គឺ​ភាព​ធន់​តែ​មួយ”​ ធ្វើ​ឡើង​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ ​នៅ​ព្រឹក​ថ្ងៃទី​៩ ​និង​ទី១០​ តុលា ​ដោយ​មាន​អ្នក​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិ ​សិស្ស​និស្សិត​ប្រមាណ​៦០០​នាក់​។ ចំពោះ​ប្រធាន​បទ​ឆ្នាំ​នេះ ​គឺ​ជា​លើក​ទី​១​​ហើយ ដែល​អាស៊ាន​ បាន​សម្រេច​យក​ប្រធាន​បទ​ខ្លួន​ឯង ​ដោយ​​កន្លង​មក​អាស៊ាន​បាន​រើស​យក​ប្រធាន​បទ​ក្រោម​ប្រធាន​បទ​ធំ​របស់​អង្គការ​សហ​ប្រជា​ជាតិ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ