អានតួអត្ថបទ
កម្ពុជា

ទិវា​កុមារ​អន្តរជាតិ​១​មិថុនា៖ សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​ការពារ​កុមារ​បន្ថែម​ទៀត

ថ្ងៃ​ទី​១​ មិថុនា​នេះ​ គឺ​ជា​ខួប​លើក​ទី​៦៦ ​នៃ​ទិវា​កុមារ​អន្តរជាតិ។ នៅ​កម្ពុជា រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើ​ការ​ផ្នែក​កុមារ បាន​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ផ្សេង​ៗ​គ្នា។ ឆ្លៀត​ឱកាស​នេះ​ អង្គការ​សង្គម​ស៊ីវិល​ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ពង្រឹង​ការ​ការពារ​កុមារ​ទាំង​ផ្នែក​សុខមាលភាព​ និង ផ្លូវ​ច្បាប់​បន្ថែម​ទៀត។ រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ថា​ ខ្លួន​កំពុង​បន្ត​ធ្វើ​កិច្ចការ​ទាំង​នេះ​ហើយ។

កុមារីនៅក្នុងមណ្ឌលដើម្បីភាពញញឹមនៃកុមារ។
កុមារីនៅក្នុងមណ្ឌលដើម្បីភាពញញឹមនៃកុមារ។ @Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី​១ ​មិថុនា​នេះ​ រដ្ឋាភិបាល​កម្ពុជា ​បាន​រៀបចំ​ជា​រួម​នូវ​ការ​ប្រារព្ធ​ខួប​លើក​ទី​៦៦ ​ទិវា​កុមារ​អន្តរជាតិ​ និង​ខួប​ទី​១៤​ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ ១២ មិថុនា នៅ​ឯ​មជ្ឈមណ្ឌល​កោះពេជ្រ​ រាជធានី​ភ្នំពេញ។ ការ​ប្រារព្ធ​ខួប​ទិវា​កុមារ​អន្តរជាតិ​នៅ​ឆ្នាំ​នេះ ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ “លើក​កម្ពស់​អាហារូបត្ថម្ភ​ប្រកប​ដោយ​គុណភាព ដើម្បី​អភិវឌ្ឍ​កុមារ” និង​ ទិវា​ពិភព​លោក​ប្រឆាំង​ពលកម្ម​កុមារ​១២ មិថុនា ក្រោម​ប្រធាន​បទ “គ្មាន​ពលកម្ម​កុមារ ផ្តល់​ការ​អប់រំ​ដែល​មាន​គុណភាព”។  

ក្រៅ​ពី​រដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើ​ការ​ផ្នែក​កុមារ​ក៏​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​នេះ​ផង ​ដែរ។ អង្គការ លីកាដូ បាន​សហការ​ជាមួយ​បណ្តាញ​ក្រុម​ការពារ​កុមារ (CPG) ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៦៦ ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​នៅ​ទីតាំង​ផ្សេង​គ្នា​ទាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត។ នៅ​តាម​ទី​កន្លែង​ទាំង​នោះ ​អង្គការ លីកាដូ បាន​រៀបចំ​វេទិកា​សាធារណៈ ​និង​ការ​សម្តែង​ល្ខោន​អប់រំ​ ស្តី​ពី​សិទិ្ធ​កុមារ។ ជាង​នេះ​ទៀត​សោត ​អង្គការ​ លីកាដូ ក៏​បាន​សហការ​ជាមួយ​ការិយាល័យ​សិទិ្ធ​កុមារ​ (CRO) រៀបចំ​ការ​លេង​ល្បែង ​និង​ចែក​ជូន​សម្ភារៈ​នានា​ដល់​យុវជន ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ជាប់​ពន្ធនាគារ​ និង​កូន​ៗ​របស់​ឆ្មាំ​ពន្ធនាគារ​ នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (ម២) នៅ​ព្រៃស ​រាជធានី​ភ្នំពេញ ​និង​ពន្ធនាគារ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល។ ចំណែក​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ អង្គការ​សមាគម​ធាង​ត្នោត​ និង​អង្គការ​ភីពផល​អ៊ីននីត​ ក៏​បាន​រៀបចំ​ប្រារព្ធ​ខួប​កុមារ​អន្តរជាតិ១​មិថុនា ក្រោម​ប្រធាន​បទ “ ទីក្រុង​សម្រាប់​កុមារ” នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ។

យ៉ាង​ណា​ក៏​ដោយ ​ឆ្លៀត​ឱកាស​នេះ​ អង្គការ​លីកាដូ ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ប្រឹងប្រែង​ឲ្យ​កាន់​តែ​ខ្លាំង​ក្នុង​ការ​លើក​កំពស់ ​និង​ការពារ​សុខុមាលភាព សុភមង្គល និង​ការ​រីក​ចម្រើន​លូតលាស់​ជា​ទូទៅ​របស់​កុមារ។ រដ្ឋាភិបាល​កម្ពុជា​ បាន​គូស​បញ្ជាក់​ថា​ ខ្លួន​បាន​ខិតខំ​លើក​កម្ពស់​អាហារូបត្ថម្ភ​ដល់​កុមារ​គ្រប់​រូប​តាម​រយៈការ​អនុវត្ត​កម្មវិធី​សុខភាព​បន្ត​ពូជ​មាតា ​ទារក កុមារ និង​អាហារូបត្ថម្ភ​ដែល​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ពន្លឿន​ការ​កែ​លម្អ​អាហា​រូបត្ថម្ភ​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០២០។ បើ​តាម​រដ្ឋាភិបាល កុមារ​កង្វះ​អាហារូបត្ថម្ភ​មាន​ការ​ថយ​ចុះ ​ដោយ​កុមារ​មាន​ទម្ងន់​ខ្វះ​គីឡូ​អាយុ​ពី​០​ទៅ​៥​ឆ្នាំ​ត្រូវ​បាន​កាត់​បន្ថយ​ពី​២៨%​មក​ត្រឹម​២៣% ហើយ​កុមារ​ក្រិន​មាន​ការ​ធ្លាក់​ចុះ​ពី​៤០%​មក​នៅ​ត្រឹម​៣២%​រវាង​ឆ្នាំ​២០១០​ និង​ឆ្នាំ​២០១៤។

បន្ថែម​លើ​នេះ​ អង្គការ​លីកាដូ​ ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បង្កើត​នូវ​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​អនីតិជន​ដាច់​ដោយ​ឡែក​មួយ​ ដោយ​បញ្ចប់​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ “កុមារ​ទំនាស់​នឹង​ច្បាប់” និង​អនុវត្ត​ច្បាប់​នោះ​ដោយ​មិន​មាន​ការ​ពន្យា​ពេល។ រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​នេះ​ មិន​បាន​លើក​ឡើង​ពី​សេចក្តី​ព្រាង​នេះ​ទេ​ ក៏​ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​អំពី​លិខិត​បទដ្ឋាន​ ផែនការ​ជាតិ​ យុទ្ធសាសស្រ្ត​ជាតិ​ អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​និង​ពិធី​សារ​បន្ថែម​ និង​លិខិត​តុបករណ៍​អន្តរជាតិ​ស្តីពី​ការ​ការពារ​កុមារ​ ការ​កាត់​បន្ថយ ​និង​ការ​លុប​បំបាត់​ពលកម្ម​កុមារ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ