ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
កម្ពុជា

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌៖ មាន​តែ​ព្រះ​រាជអាជ្ញា​ទេ​អាច​សន្និដ្ឋាន​ថា មន្ត្រី​ណា​ខ្លះ​ពាក់​ព័ន្ធ​លោក កឹម សុខា

media  
លោក ជិន ម៉ាលីន​ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​។​ @Facebook

មាន​តែ​ព្រះ​រាជ​អាជ្ញា​ទេ ដែល​អាច​សន្និដ្ឋាន​បាន​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ខ្លះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង លោក កឹម សុខា ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​មក​កាន់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ពុធ​នេះ។ ការ​លើក​ឡើង​នេះ​គឺ​ឆ្លើយ​តប​នឹង​សេចក្ដី​រាយការណ៍​នានា​មក​ថា មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៤​រូប​រួម នឹង​កូន​ស្រី​ទាំង​ពីរ​របស់​លោក កឹម សុខា មាន​ជាប់​ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បន្ថែម​ថា ពង្រីក​ការ​ស៊ើប​អង្កេត​រក​អ្នក​សម​គំនិត​ក្នុង​សំណុំ​រឿង​លោក កឹម សុខា គឺ​អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​ព្រះ​រាជ​អាជ្ញា។ ដូច្នេះ​គឺ​មាន​តែ​ព្រះ​រាជ​អាជ្ញា​ទេ ទើប​អាច​សន្និដ្ឋាន​បាន​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ខ្លះ​មាន​ជាប់​ពាក់​ព័ន្ធ លោក កឹម សុខា។ ​នេះ​បើ​តាម​លោក​ជិន ម៉ាលីន។

សូម​បញ្ជាក់​ថា ហ្វេស​បុក​ឈ្មោះ​សីហា ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ដក​ស្រង់​យក​មក​ផ្សាយ​បន្ត​ថា លោក ប៉ុល ហំម លោក យ៉ែម បុញ្ញាឬទ្ធិ លោក អ៊ូ ចាន់រិទ្ធ និង សុនឆ័យ មាន​ជាប់​ពាក់​ព័ន្ធ​លោក កឹម សុខា បន្ទាប់​ពី​មន្ត្រី​ទាំង​៤​នេះ​ធ្លាប់​ទៅ​ធ្វើ​ទស្សនកិច្ច​ជួប​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឬ​ធ្លាប់​បម្រើ​ការងារ​ជាមួយ​លោក កឹម សុខា កាល​ពី​នៅ​គណបក្ស​លោក​តា សឺន សាន។ តែ​យ៉ាង​ណា​ក៏​ដោយ​ការ​លើក​ឡើង​នេះ​នៅ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ពី​មន្ត្រី​ទាំង​នេះ​នៅ​ឡើយ​ទេ។

ក្រៅ​ពី​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ កូន​ស្រី​ទាំង​ពីរ​របស់​លោក កឹម សុខា ក៏​ត្រូវ​បាន​ទាញ​ភ្ជាប់​នឹង​សកម្មភាព​របស់​ឱពុក​ដែរ​តាម​រយៈ​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ភ្នាក់ងារ​CIA​អាមេរិក។ និយាយ​ជាមួយ​កាសែត​ក្នុង​ស្រុក​កូន​ស្រី​ទាំង​ពីរ​នាក់​របស់​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា និង កញ្ញា កឹម សាម៉ាធីតា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​និង​ជោគ​វាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ដោយ​ឡែក នៅ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា នេះ ចៅ​ក្រម​ស៊ើប​សួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​សួរ​ចម្លើយ លោក កឹម សុខា បន្តទៀត ដោយធ្វើឡើងនៅក្នុងពន្ធ​នាគារ​ត្រ​ពាំ​ង​ ថ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាទីដែល លោក កឹម សុខា ត្រូវបានឃុំខ្លួន។​ ការបន្តនីតិវិធីស៊ើបសួរនេះធ្វើឡើងបន្ទាប់ពីក្រុម​ព្រះ​រាជអាជ្ញាសម្រេច​ចោទ​ប្រកាន់ ​លោក​កឹម សុខា ជា​ផ្លូវ​ការ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​ បទ​ចោទ​នេះ លោក​កឹម សុខា អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ