ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
កម្ពុជា

ក្រសួងទេសចរណ៍សហការជាមួយចិនជម្រុញការបណ្តុះបណ្តាលទេសចរណ៍ឌីជីថល

media  
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីការអភិវឌ្ឍ និង ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជាឆ្ពោះទៅឧស្សាហកម្ម ៤.០ @FB

ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ហៃណាន របស់​ចិន បើក​វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​១៥​ថ្ងៃ ស្តី​ពី​ការ​អភិវឌ្ឍ និង​ការ​គ្រប់​គ្រង​ឧស្សាហ​កម្ម​ទេសចរណ៍​កម្ពុជា​ឆ្ពោះ​ទៅ​ឧស្សាហកម្ម ៤.០​។ ការ​បណ្ដុះ​បណ្ដាល​មួយ​នេះ គឺ​ក្នុង​បំណង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធន​ធាន​មនុស្ស ដែល​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​មាន​ការ​រីក​ចំរើន​ខ្លាំង​នៅ​ក្នុង​សម័យ​កាល​បច្ចេកវិទ្យា​ឌីជីថល​។ 

លោក ហ័ង ឆាងស្យុង (HAUNG Changxiong) ទីប្រឹក្សា​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ហៃណាន របស់​ចិន បាន​ឲ្យ​ដឹង​ថាលក្ខណៈ​នៃ​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​ទេសចរណ៍​ក្នុង​បរិបទ​ឧស្សាហ​កម្ម ៤.០ នឹង​ត្រូវ​យក​មក​បង្រៀន​ដល់​សិក្ខា​កាម​កម្ពុជា ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​បណ្តាញ​ទិន្នន័យ​ធំៗ និង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត (AI) និង​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និច ដែល​ជា​បច្ចេក​វិទ្យា​ស្នូល​ក្នុង​ការ​គ្រប់​គ្រង​សេវាកម្ម​ទេសចរណ៍​។

បើ​តាម​ក្រសួង​ទេសចរណ៍ វិស័យ​ទេសចរណ៍​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ បាន និង​កំពុង​មាន​ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​យុទ្ធ​សាស្ត្រ​ស្ដី​ពី ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាម​បែប​ឌីជីថល​ហើយ​។ ក្នុង​ការ​អនុវត្ត​នោះ​មាន​ដូច​ជា សមត្ថភាព​ក្នុង​ការ​ចុះ​បញ្ជី​អាជ្ញា​បណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​អនឡាញ ប្រព័ន្ធ​ធ្វើ​ចំណាត់​ថ្នាក់​សណ្ឋាគារ​និង​ភោជនីយ​ដ្ឋាន​នា​នា តាម​ប្រព័ន្ធ​អន​ឡាញ ប្រព័ន្ធ​គ្រប់​គ្រង​មគ្គុ​ទ្ទេសក៍​ទេសចរណ៍​អន​ឡាញ ប្រព័ន្ធ​មធ្យោ​បាយ​ដឹក​ជញ្ជូន​វៃ​ឆ្លាត និង​នៅ​មាន​ប្រពន្ធ័​ដំណើរ​ការ​ជា​ច្រើន​ទៀត ដែល​តម្រូវ​ឲ្យ​មាន​ប្រតិបត្តិ​ការ​តាម​រយៈ QR-CODE និង ទូរសព្ទ​ស្មាត​ហ្វូន​ជា​ដើម​។

ជាមួយ​គ្នា​នេះ លោក ហោ មុនីរត្ន័ រដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ មាន​ប្រមាណ​តែ​២០%​ប៉ុណ្ណោះ ដែល​ធ្លាប់​សិក្សា​ជំនាញ តាម​សាលា ឬ​តាម​វគ្គ​បណ្ដុះ​បណ្ដាល​នា​នា​។ នៅ​ឆ្នាំ​២០២០​ខាង​មុខ កម្ពុជា​នៅ​ត្រូវ​ការ​អ្នក​បម្រើ​ការ​ចំនួន ២០​ម៉ឺន​នាក់ បន្ថែម​ទៀត ដើម្បី​អាច​បំពេញ​តម្រូវ​ការ​កំណើន​ទេសចរ​របស់​កម្ពុជា​បាន​។

សូម​រំឮក​ជូន​ថា បើ​តាម​ក្រសួង​ទេសចរណ៍ កាល​ពី​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៦លាន​នាក់ កើន​ឡើង​ជាង​១០% ហើយ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន គឺ​ជា​ទីផ្សារ​ធំ​ជាង​គេ​លេខ​មួយ​របស់​កម្ពុជា​។ ក្រសួង​ថែម​ទាំង​រំពឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​ចិន នឹង​កើន​ឡើង​រហូត​ដល់ ៣លាន​នាក់ ក្នុង​ឆ្នាំ​២០២០ ខណៈ​ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន មាន ប្រមាណ​ជា ២លាន​នាក់​៕

អត្ថបទ​ដោយ៖ ងួន វឌ្ឍនៈ​បណ្ឌិត

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ