អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទំនាក់ទំនង​​ចិន​​កម្ពុជា​​ងាយ​​ធ្វើ​ឱ្យ​​អាមេរិក​​ត្រូវ​មាត់​​រដ្ឋាភិបាល​​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហាអំណាច​អាមេរិក​គិតថា ខ្លួន​ជា​បងធំ​នៅ​អាស៊ីអាគ្នេយ៍។ ដូច្នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​ភ្នំពេញ មិន​ខ្លាច​ធ្វើ​អត្ថាធិប្បាយ​លើ​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឡើយ។ ប៉ុន្តែ កម្ពុជា​ដ៏​តូច​នេះ​ជា​រដ្ឋ​អធិបតេយ្យ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​មហាអំណាច​ចិន។ ដូច្នេះហើយ រដ្ឋាភិបាល​ខ្មែរ​កម្រ​តម​ការវាយប្រហារ​អាមេរិក​ណាស់។ ការបញ្ចេញ​កំណត់​ទូត​កាលពី​ថ្ងៃ​ពុធ ដៀលត្មះ​លោក វីលៀម ថដ (William E. Todd) ថា«ព្រហើន​ខ្លាំង» សបញ្ជាក់​អំពី​គម្លាត​រវាង​អាមេរិក​និង​កម្ពុជា។

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ឆ្វេង) និងលោកស៊ី ជីងពីង ប្រធានាធិបតីចិន(ស្តាំ)។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ឆ្វេង) និងលោកស៊ី ជីងពីង ប្រធានាធិបតីចិន(ស្តាំ)។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

វា​ជាការ​​វាយប្រហារ​​ថ្មី​​បំផុត​​របស់​​កម្ពុជា​ ទៅលើ​​មហាអំណាច​​ប​ស្ចឹ​ម​​លោក​ ដូចជា​​សហរដ្ឋ​អាមេរិកនេះ។កាលពីខែមីនាឆ្នាំ២០១៥ប្រមុខរដ្ឋាភិបាលកម្ពុជាបានរិះគន់​ភរិយា​ប្រធានា​ធិ​បតីអាមេរិកមីស្សែល អូបាម៉ាដែលបានមកកម្ពុជាដើម្បីឃោសនា«គំនិតផ្តួចផ្តើមឱ្យកុមារីចូលរៀន»ថា«បោកប្រាស់»ព្រោះ​​លោក​ស្រី​​បាន​ជម្រុញ​​រដ្ឋាភិបាល​​កម្ពុជា​​ឱ្យ​​ផ្តល់​​អាហា​រូប​ករណ៍​​ទៅ​​កុមារី១០​នាក់​​សម្រាប់​​រៀន​នៅ​ ឧត្តមសិក្ស​​ ខណៈ​ដែល​​សហរដ្ឋអាមេរិក​​ជា​​អ្នក​​ជ្រើស​រើស ​និង​​ឧបត្ថម្ភ​​ឱ្យ​​រៀន​​ត្រឹម​​ចប់​​ថ្នាក់​​ទី១២។​

កំណត់​ទូត​កម្ពុជា​ថ្ងៃ​ពុធ ជូន​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ ជា​សំឡេង​ខ្ទ័រ​នៃ​ប្រតិកម្ម​របស់លោក ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ ដែល​ឆ្លើយតប​ចំពោះ​ការរិះគន់​របស់​ឯកអគ្គ​រដ្ឋទូត​បរទេស អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ មកលើ​គម្រោង​ច្បាប់​មួយចំនួន​របស់​កម្ពុជា ដែល​គេ​សង្ស័យថា​នឹង​អាច​រឹតត្បិត​សេរីភាព រំលោភសិទ្ធិ​មនុស្ស និង​ដែល​អាច​នាំ​កម្ពុជា​ដើរ​ខុសពី​គន្លង​ប្រជាធិបតេយ្យ។

ទំនាក់ទំនង​អាមេរិក​កម្ពុជា មិន​ស៊ីសង្វាក់​គ្នា។ ម្យ៉ាង ដោយសារ​កម្ពុជា​មាន​មហាមិត្ត​ចិន​ដែល​ប៉ិនប្រសព្វ​ពូនជ្រំ​ទំនាក់ទំនង​ជាមួយ​កម្ពុជា។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រី ជូ អេន​ឡាយ ដែល​ចង់​សម្រន់​ក្តីបារម្ភ​នៃ​មេ​ដឹក​នានា​ចំពោះ​លទ្ធិកុម្មុយនីស្ត អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ី អាហ្វ្រិក ក្នុង​ក្រុង​ទីក្រុង​បាន​ឌុ​ង ឆ្នាំ១៩៥៥ បាន​ទាក់ទាញ​ព្រះអង្គម្ចាស់ នរោត្តម សីហនុ ដោយ​ថ្លែងថា ចិន​គ្មាន​បំណង​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទេ។

ជំនួប​ពេលនោះ បាន​ផ្តួចផ្តើម​ទំនាក់ទំនង​ចិន​និង​កម្ពុជា។ បន្តិចម្តងៗ មិត្តភាព​នោះ​ធ្វើឱ្យ​ចំណង​ការទូត​អាមេរិក​កម្ពុជា​ពី​ឆ្នាំ១៩៥០មក បត់បែន​ខ្លាំង៖ ផ្តាច់​មេត្រីភាព​នៅ​ខែឧសភា ឆ្នាំ១៩៦៥ ស្តារឡើងវិញ​នៅ​ខែកក្កដា ឆ្នាំ១៩៦៩ ហើយ​ល្អប្រសើរ​ជាមួយ​សាធារណរដ្ឋ​ខ្មែរ​ពី​ខែមីនា ឆ្នាំ១៩៧០ ធ្លាក់​ដល់​កម្រិត​សូន្យ​នៅ​ខែមេសា ឆ្នាំ១៩៧៥ ពេល​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ ហើយ​អាមេរិក​បាន​រត់ចោល​កម្ពុជា​នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥។

ចិន​បាន​បន្ត​គាំទ្រ​ខ្មែរក្រហម​ដែល​វៀតណាម​រំលំ​ពី​អំណាច​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង​នេះ​បាន​នាំទៅ ការបោះឆ្នោត​សាកល​បែប​ប្រជាធិបតេយ្យ​នៅ​ខែឧសភា ឆ្នាំ១៩៩៣ ដែល​ខ្មែរក្រហម​បានធ្វើ​ពហិការ។ ជ័យជម្នះ​គណបក្ស​ហ្វុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណរិទ្ធ បុត្រា​សម្តេច នរោត្តម សីហនុ ពង្រឹង​ទំនាក់ទំនង​រវាង​ចិន​និង​រដ្ឋាភិបាល​រាជានិយម​កម្ពុជា ក្រោយ​ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ។

មិន​យូរ​ប៉ុន្មាន​ រដ្ឋាភិបាល​ចម្រុះ​​នោះ​បាន​​ដួល​រលំ​​ដោយ​សារ​​ជម្លោះ​​ប្រដាប់​អាវុធ​​នៅ​​ខែ​កក្កដា​ ឆ្នាំ១៩៩៧​រវាង​​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច​​របស់​​ព្រះអង្គម្ចាស់ ​នាយករដ្ឋមន្ត្រី​ទី១ ​និង​គណបក្ស​ប្រជាជន​​កម្ពុជា​​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី២។​

ចិន​​ចាប់ផ្តើម​​បង្វែរ​​ទិស​រ​ក​លោក​នាយករដ្ឋមន្ត្រី​ទី២ ហ៊ុន សែន​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានឈ្នះ​សង្គ្រាម​នៅ​ឆ្នាំ១៩៩៧នោះ ស្រប​​ពេល​ដែល​​សហរដ្ឋ​អាមេរិក​​ព្យួរ​​ជំនួយ​​សេដ្ឋកិច្ច​ និង​​យោធា​​សម្រាប់​​រដ្ឋាភិបាល​​កម្ពុជា​ បន្ទាប់​ពី​​អ្វី​ដែល​​មហាអំណាច​នេះ​​ចាត់ទុកថា​​ជា​​រដ្ឋប្រហារ។​  ដូច្នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចាប់ដៃ​ជាមួយ​រដ្ឋាភិបាល​ចិន​ ដែល​បានប្រកាស​គាំទ្រ និង​ផ្តល់ជំនួយ​យោធា​តម្លៃ២,៨លាន​ដុល្លារ​អាមេរិក​ឱ្យ​កម្ពុជា។
លោក ហ៊ុន សែន ក៏បាន​ប្រកាស​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ ហើយ​បាន​សម្រេចចិត្ត​បិទ​ស្ថានទូត​តៃវ៉ាន់​ប្រចាំ​កម្ពុជា​តែម្តង។

ចំណង​​រវាង​​ចិន​​និង​​កម្ពុជា​​គឺ​​កាន់​តែ​​ល្អ​ប្រសើរ​។ ខែ​មេសា ឆ្នាំ២០០៦ ​នាយករដ្ឋមន្ត្រី​​ចិន​ វេន​ ជា​​ប៉ាវ​ (Wen Jiabao) មក​​បំពេញ​​ទស្សនកិច្ច​​នៅ​​កម្ពុជា​ និង​​បាន​​ចុះហត្ថលេខា​លើ​​សន្ធិ​សញ្ញា​«ដៃ​គូ​សហប្រតិបត្តិការ​​គ្រប់​ជ្រុងជ្រោយ» ព្រមទាំង​​កិច្ចព្រម​ព្រៀង​ទ្វេភាគី​​ជា​ច្រើន​​ទៀត​។ ចិន​​បង្កើន​​ជំនួយ​​និង​​វិនិយោគទុន មក​កម្ពុជា​ច្រើនជាងគេ ដោយ​ផ្តោតលើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ ឧស្សាហកម្ម​ កសិកម្ម សុខាភិបាល យោធា និង​ការបណ្ដុះបណ្តាល​ធនធាន​មនុស្ស ។ គិត​​ត្រឹម​​ឆ្នាំ២០១២ ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា បាន​កើន​ដល់​ប្រមាណ១,៤១ពាន់​លាន​​ដុល្លា​រ​អាមេរិក។ ជំនួយ និង​កម្ចី​ឥណទាន គឺមាន​ប្រមាណ​ជាង ២,៦ពាន់​លាន​ដុល្លារ​អាមេរិក នៅ​​ឆ្នាំ​​ដដែល។​

ថ្វីបើ​នៅ​ចំពោះមុខ​ម្ចាស់ជំនួយឯទៀតៗរបស់​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​សរសើរ​ជំនួយ​ចិន​ថា«គ្មាន​លក្ខខណ្ឌ» ក៏​នៅ​ឆ្នាំ២០១២ ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន កម្ពុជា​បានបង្ហាញ​ជំហរ​ល្អៀង​ទៅរក​ចិន​កាន់តែច្បាស់ ដោយ​មិន​អនុ​ញ្ញ​ត​ឱ្យមាន​សេចក្តី​ថ្លែង​ការរួម​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ទាក់ទង​នឹង​ជម្លោះដែនសមុទ្រ ដែល​នៅ​ក្នុងនោះ សម្ព័ន្ធមិត្ត​អាមេរិក​ដូចជា​ហ្វីលីពីន និង​វៀតណាម កំពុង​ប្រឈមមុខ​នឹង​ចិន​ខ្លាំង។

បន្ទាប់មក ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា​ខែកក្កដា ឆ្នាំ២០១៣ សហរដ្ឋអាមេរិក​បាន​បដិសេធ​លទ្ធផល ផ្លូវការ​ដែល​ធ្វើឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់ នៅពេលដែល​ទីក្រុង​ប៉េកាំង​បាន​គាំ​ទ្រ​ និង​អបអរសាទរ​លោក ហ៊ុន សែន ដែល​ត្រូវ​ដឹកនាំ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ជាថ្មី។

ទោះ​បីជា​​យ៉ាង​នេះ​ក្តី​ កម្ពុជា​​ទំនង​ជា​​ធ្លាប់​បាន​​បោះដៃ​​ទៅ​​សហរដ្ឋអាមេរិក​​ជា​ច្រើន​​ដង​​ដែរ​ ព្រោះ​​មេដឹកនាំ​​កម្ពុជា​​តែងតែ​​ជឿថា​ នយោបាយ​​ការបរទេស​​អព្យាក្រឹត​​និង​​សិល្បៈ​​នៃ​​ការ​ថ្លឹង​​ទម្ងន់​​មហាអំណាច​​នៅ​លើ​​ទឹកដី​​កម្ពុជា គឺ​ជា​​មធ្យោបាយ​​ល្អប្រសើរ​សម្រាប់​​ឱ្យ​​ប្រទេស​​នេះ​​មាន​​ស្ថិរភាព សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍន៍។ លោកស្រី ហ៊ី​ឡារីគ្លីន​តុន រដ្ឋមន្ត្រីការបរទេស​​អាមេរិក​ ដែល​បានមក​កម្ពុជា​នៅ​ឆ្នាំ២០១០ ក៏បាន​ក្រើនរម្លឹក​ដែរ​ថា កម្ពុជា​មិនគួរ​បណ្តោយ​ខ្លួន​ឱ្យ​ពឹង​ផ្អែកលើ​ជំនួយ​ចិន​ខ្លាំងពេក​ទេ គួរ​ស្វែងរក​ប្រភព​ជំនួយ​ឱ្យបាន​ច្រើន និង​កសាង​​នយោបាយ​​ការបរទេស​​ឯករាជ្យ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​តែង​តែ​បាន​​ថ្លែង​ជា​រឿយៗផងដែរ​ថា រដ្ឋាភិបាល​កម្ពុជា​មិនគួរ​ទុកចិត្ត​មហាមិត្ត​ទាំងឡាយ​របស់ខ្លួន​ពេក​ទេ ព្រោះ​កម្ពុជា​ត្រូវ​គ្រប់គ្រង​វាសនា​អនាគត​ដោយ​ខ្លួនឯង។

ដូច្នេះ ចាប់តាំងពី​ឆ្នាំ២០០៨មក សហប្រតិបត្តិការ​ទ្វេភាគី​អាមេរិក​កម្ពុជា​ដែល​បាន​រីកចម្រើន​កាន់តែខ្លាំង​ឡើង គឺ​ផ្តោតលើ​វិស័យ​សុខាភិបាល អប់រំ អភិបាលកិច្ច និង​កំណើនសេដ្ឋកិច្ច។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អាមេរិក​ក្នុងការ​គាំទ្រ​កម្ពុជា​គឺ​សំដៅ​ការប្រឆាំង​ភេរវកម្ម ការប្រយុទ្ធ​​នឹង​​ជំងឺអេដស៍ ការលើកស្ទួយ​សិទ្ធិមនុស្ស ការកសាង​ស្ថាប័ន​ប្រជាធិបតេយ្យ ការ​ពង្រឹង​​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច ការ​កម្ចាត់​អំពើពុករលួយ ការទប់ស្កាត់​ការជួញដូរ​មនុស្ស និង​ការស្វែងរក​យុត្តិធម៌​​ឱ្យ​ជនរងគ្រោះ​ដោយ របប​ខ្មែរក្រហម​ជាដើម។

យ៉ាងនេះ​ក្តី ចរិត​ជា​បងធំ​របស់​មហាអំណាច​បស្ចឹ​ម​លោក អាច​បង្ក​ជាការ​ខកចិត្ត​នឹង​អាមេរិក ដែល​ជម្រុញ​ឱ្យ​កម្ពុជា​ងាក​ទៅរក​ចិន​កាន់តែខ្លាំង និង​ប្តូរផ្តាច់​ការពារ​ផលប្រយោជន៍​ចិន​ទាំង​នៅលើ​ឆាក​តំបន់ ទាំង​លើ​ឆាក​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ