ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/06 12h00 GMT
កម្ពុជា

​ចិន​ឲ្យ​កម្ចី​ខ្មែរ​ជាង​១​ពាន់​លាន​ដុល្លារ​​សង់​ព្រលាន​យន្តហោះ​នៅ​ក្រុង​តាខ្មៅ

media  
​ចិន​ឲ្យ​កម្ចី​ខ្មែរ​ជាង​១​ពាន់​លាន​ដុល្លារ​​សង់​ព្រលាន​យន្តហោះ​នៅ​ក្រុង​តាខ្មៅ @សហការី

គម្រោង​សាង​សង់​ព្រលាន​យន្តហោះ​ថ្មី​មួយ នៅ​ក្រុង​តាខ្មៅ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ព័ត៌មាន​លម្អិត នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​មាន​ការ​ចុះ​ហត្ថលេខា រវាង​ធនាគារ​ចិន និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។ ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ នឹង​ធ្វើ​ឡើង​លើ​ទំហំ​ដី ២​ពាន់​៦​រយ​ហិកតា ដោយ​ប្រើ​ទុន​វិនិយោគ ១​ពាន់​៥​រយ​លាន​ដុល្លារ ក្នុង​នោះ​ទឹក​ប្រាក់​ ​១​ពាន់​១​រយ​លាន​ដុល្លារ ជា​កម្ចី​ពី​ធនាគារ​ចិន។

តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាង នៅ​កម្ពុជា មាន​កិច្ច​ព្រម​ព្រៀង​គម្រោង​ចំនួន ១៩​ឯកសារ​ឯណោះ ត្រូវ​បាន​ចុះ​ហត្ថលេខា។ ហើយ​នៅ​ក្នុង​នោះ ក៏​មាន​គម្រោង​ធំ​មួយ គឺ​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាស​យានដ្ឋាន​ថ្មី​​ដែល​​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​តំណាង​ធនាគារ​ចិន​ China Development Bank និង​លោក​ឧកញ៉ា ពុង ឃាវ​សែ ​ប្រធាន​ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)​។

​​លិខិត​ផ្លូវ​ការ​មួយ​ច្បាប់​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ផ្ញើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ចុះ​ថ្ងៃ​ទី ២១​ធ្នូ ឆ្នាំ ២០១៧ តែ​ទើប​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី ១២​មករា​នេះ បាន​បញ្ជាក់​ថា អាកាស​យានដ្ឋាន​អន្តរជាតិ​លំដាប់ 4F ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​នោះ មាន​ទុន​វិនិយោគ​សុរប ១.៥០០​លាន​ដុល្លារ។
ក្នុ្ងង​នោះ មាន​កម្ចី​ពី​ធនាគារ​ចិន​ចំនួន ១​ពាន់​១​រយ​លាន​ដុល្លារ កម្ចី​ពី​ភាគ​ទុន​ក្រុមហ៊ុន OCIC ចំនួន ២៨០​លាន​ដុល្លារ និង​ដើម​ទុន​ចុះ​បញ្ចី​ចំនួន ១២០​លាន​ដុល្លារ។​ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន OCIC មាន ៩០​ភាគ​រយ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​មាន ១០​ភាគ​រយ។ ​គម្រោង​អាកាស​យានដ្ឋាន​លើ​ផ្ទៃ​ដី ២.៦០០​ហិក​តា​នេះ នឹង​ដំណើរ​ការ​ក្រោម​ឈ្មោះ ក្រុមហ៊ុន ខេម​បូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co.,Ltd)។

លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ប្រាប់​វិទ្យុ​បារាំង​ថា គិត​មក​ដល់​ឆ្នាំ ២០១៨​នេះ ប្រទេស​កម្ពុជា មាន​ព្រលាន​យន្តហោះ​អន្តរជាតិ​ធំៗ ចំនួន​៣ ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ។ ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង ៣​នេះ បាន​ទទួល​អ្នក​ដំណើរ​ប្រមាណ​ជាង ២​លាន​នាក់ នៅ​ក្នុង​ឆ្នាំ ២០១៧។

​ចាប់​ពី​ឆ្នាំ ២០១៨​នេះ​ត​ទៅ រាជរដ្ឋាភិបាល​កម្ពុជា ​គ្រោង​នឹង​ពង្រីក​ទុន​វិនិយោគ​លើ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​នេះ ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ ដើម្បី​ឆ្លើយ​តប​ទៅនឹង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស ដែល​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា មាន​ចំនួន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ព្រលាន​យន្តហោះ​អន្តរជាតិ​ធំៗ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​សាង​សង់​បន្ថែម ចាប់​ពី​ឆ្នាំ ២០១៨​នេះ មាន​ចំនួន ២ គឺ​មួយ នៅ​ស្រុក​សូរ្យ​និគម ក្នុង​ខេត្ត​សៀមរាប និង​មួយ​ទៀត ស្ថិត​នៅ​ក្នុង​ក្រុង​តាខ្មៅ ជិត​រាជធានី​ភ្នំពេញ​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ