ការចូលរួមអភិវឌ្ឍន៍កម្ពុជារបស់វិនិយោគិនចិន និងកង្វល់របស់ពលរដ្ឋខ្មែរ មិនអាចខ្វះមួយណាឡើយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០១
ជុំវិញលំហូរជនជាតិចិនយ៉ាងគំហុកចូលប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឲ្យពលរដ្ឋខ្មែរម្ចាស់ស្រុកសម្តែងការអបអរផង ព្រួយបារម្ភផង។ ការព្រួយបារម្ភគឺពលរដ្ឋខ្មែរ ក៏ដូចជាបញ្ញវន្ត ឬអ្នកនយោបាយ បានធ្វើការវាយប្រហារត្រង់ៗទៅលើសកម្មភាព ដែលជនជាតិចិនបានប្រព្រឹត្តជាបន្តបន្ទាប់ ទាំងក្នុងនិងក្រៅប្រទេសកម្ពុជា។ ក៏ប៉ុន្តែការស្តីបន្ទោសនេះ ត្រូវបានការពារដោយមនុស្សមួយក្រុមផ្សេងទៀត ខណៈប្រទេសកម្ពុជាចាំបាច់ទទួលយកការអភិវឌ្ឍ។
តាមពិតវត្តមានរបស់ជនជាតិចិន ឬអ្នកវិនិយោគចិន នៅប្រទេសកម្ពុជា គឺមិនមែនជារឿងអវិជ្ជមាននោះទេ ខណៈនៅតាមបណ្តាប្រទេសនានាលើពិភពលោក ជនជាតិចិនបានបង្ហាញវត្តមានដូចគ្នាដែរ ទៅតាមស្ថានភាពទីផ្សារជំនួញតូចឬធំរបស់ពួកគេ។
អ្នកជំនួញចិន ដោយមានការព្រមព្រៀងពីរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកខេត្តព្រះសីហនុ ដែលជាខេត្តទេសចរណ៍ជាប់សមុទ្រ ជាទីកន្លែងឈរជើង។ ការឈរជើងរបស់អ្នកមានចិន ភ្លាមៗបានផ្តល់នូវផលប្រយោជន៍លើវិស័យអចលទ្រព្យ ដល់ពលរដ្ឋខ្មែរនៅខេត្តព្រះសីហនុ និងនៅតំបន់មួយចំនួនទៀត។
ក៏ប៉ុន្តែពលរដ្ឋខ្មែរផ្សេងទៀត ចង់មិនចង់តែងមានប្រតិកម្មដោយចំៗទៅលើអាកប្បកិរិយា និងការប្រព្រឹត្តខុសឆ្គងរបស់ជនជាតិចិនម្តងហើយម្តងទៀត។ អ្នកនយោបាយប្រឆាំង អង្គការសង្គមស៊ីវិល តែងសម្តែងការព្រួយបារម្ភថា ចិនអាចនឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនមកលើប្រទេសកម្ពុជា។
ជាការកត់សម្គាល់ ក្រៅពីភាពបាត់សណ្តាប់ធ្នាប់កន្លងមក ដែលបង្កឡើងដោយជនជាតិចិន ដូចជាការបង្កប្រទូសរ៉ាយរវាងចិននិងចិន ការប្រមាថដល់ខេមរភាសានៅលើស្លាកយីហោក្រុមហ៊ុន ឬភោជនីយដ្ឋាន ការចាប់ជំរិតតាមប្រព័ន្ធអនឡាញ ការបើកបនពេស្យាក្រោមរូបភាពម៉ាស្សា ចុងក្រោយនេះ គឺការគម្រាមបង្កអសន្តិសុខតាមរយៈឃ្លីបវីដេអូនៅខេត្តព្រះសីហនុ គឺជាចំណុចសំខាន់មួយ ដែលក្រុមអ្នករិះគន់យល់ថាជាការបង្ហាញចរិក និងឥទ្ធិពលអវិជ្ជមានរបស់ចិនជាបណ្តើរៗ។
ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជា តែងព្យាយាមថ្នមស្ថានការណ៍ ដោយសមត្ថកិច្ច បាននិងកំពុងដោះស្រាយបញ្ហា ដែលជនជាតិចិនបង្កឡើងជាបន្តបន្ទាប់ ក្រោមកិច្ចសហការពីស្ថានទូតចិននៅកម្ពុជា។
នៅក្នុងទិដ្ឋភាពទូទៅ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនដែរ តែងអះអាងថាប្រទេសកម្ពុជាចាំបាច់ត្រូវមានការអភិវឌ្ឍ ដោយមានការបើកទូលាយការវិនិយោគដល់វិស័យឯកជន ដោយមិនមានការរើសអើង។
ទោះជាមានការទទួលយក ឬមិនទទួលយកការវិនិយោគដោយជនជាតិចិនយ៉ាងច្រើនសន្ធឹក ជាពិសេសនៅខេត្តព្រះសីហនុក៏ដោយ ក៏ដំណើរការអភិវឌ្ឍប្រទេសកម្ពុជាភាគខាងត្បូង គឺពឹងផ្អែកចំបងទៅលើវិស័យឯកជនរបស់ចិន ហើយពេលនេះកំពុងបន្ថែមល្បឿនទៅមុខ។
ទន្ទឹមគ្នានឹងការអភិវឌ្ឍដោយបើកចំហរ ប្រកបដោយភាពរកាំរកូសនេះ កម្ពុជាដែលជាម្ចាស់ប្រទេសក៏ត្រូវត្រៀមខ្លួនដែរ ដើម្បីទប់ទល់សភាពការណ៍អាក្រក់ជាយថាហេតុណាមួយ ដោយចាប់ផ្តើមពីការអនុវត្តច្បាប់គ្រប់គ្រងទៅលើជនជាតិបរទេសឲ្យបានច្បាស់លាស់។ អាជ្ញាធរត្រូវណែនាំឲ្យបានជាក់លាក់ដល់ជនបរទេស ក៏ដូចជាជនជាតិចិនដែរ ដោយឲ្យពួកគេគោរពតាមច្បាប់ និងទំនៀមទំលាប់ ប្រពៃណីរបស់កម្ពុជា។
កន្លងមកអាជ្ញាធរខ្មែរ ត្រូវគេមើលឃើញថា មានការយឺតយ៉ាវ ក្នុងការបង្ការ និងទប់ស្កាត់បទល្មើសនានា ដែលបណ្តាលមកពីជនជាតិចិន។ ផ្ទាំងអក្សរខ្មែររាប់រយ ត្រូវបានលើកទាំងខុស អក្ខរាវិរុទ្ធដោយជនជាតិចិន នៅតាមកន្លែងប្រកបអាជីវកម្មរបស់ពួកគេ។ នេះជាឧទាហរណ៍មួយនៃលទ្ធផល ដែលសមត្ថកិច្ចខ្មែរ មិនបានប្រុងប្រយ័ត្ន និងត្រួតពិនិត្យជាមុន។
ក៏ប៉ុន្តែ វាមិនយឺតពេលទេ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ចាប់ផ្តើមធ្វើការដោយយកចិត្តទុកដាក់ ពង្រឹងច្បាប់អន្តោប្រវេសន៍ ដោយបង្វែការព្រួយបារម្ភរបស់សាធារណជន ទៅជាការធានា និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍប្រទេសកម្ពុជា ដែលកន្លងមកមានការយឺតយ៉ាវ ជាងប្រទេសជិតខាង ដោយសារតែសង្គ្រាមផ្ទៃក្នុង។
សរុបមក រវាងការជួយជម្រុញការអភិវឌ្ឍប្រទេសកម្ពុជាពីសំណាក់អ្នកវិនិយោគចិន នៅក្នុងដំណាក់កាលនេះ និងការព្រួយបារម្ភ ដែលជារឿងធម្មតាសម្រាប់ពលរដ្ឋខ្មែរចំពោះប្រទេសជាតិ គឺគេមិនអាចទាត់ចោលមួយណាបានឡើយ ខណៈប្រទេសកម្ពុជាស្ថិតនៅក្នុងបន្ទាត់ក្រីក្រនៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ