ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

វិនិយោគិន​​ខ្មែរ​និង​ចិន ចាប់​ដៃ​គ្នា​បង្កើត​ទីក្រុង​ចិន​មួយ នៅ​ជាយ​រាជធានី​ភ្នំពេញ

media  
វិនិយោគិនខ្មែរនិងចិន ចាប់ដៃគ្នាបង្កើតទីក្រុងចិនមួយ នៅជាយរាជធានីភ្នំពេញ

ក្រុមហ៊ុន LYP Group របស់​លោក លី យ៉ុងផាត់ នឹង​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​ចិន China Minsheng Investment ដើម្បី​សង់​ទីក្រុង​ចិន​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ​។ បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ ក្រុមហ៊ុន​ទាំង​ពីរ​​នឹង​ត្រូវ​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​ធ្នូ មុន​នឹង​ឈាន​ទៅ​សាង​សង់​ទីក្រុង​ចិន​ ដែល​មាន​តម្លៃ​១​ពាន់​៥​រយ​លាន​ដុល្លារ​នេះ នា​ដើម​ឆ្នាំ​២០១៧​ខាង​មុខ​។

«ទីក្រុង​មិត្តភាព កម្ពុជា-ចិន» នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃ​ដី​៥៥០​ហិកតា នៅ​ក្នុង​បរិវេណ​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ LYP Group ដែល​មាន​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​ភាគ​កណ្ដាល​រាជធានី​ភ្នំពេញ​។ ​តាម​ផែនការ​មេ ​ទីក្រុង​មិត្តភាព កម្ពុជា-ចិន ដែល​មាន​តម្លៃ​ជាង​១​ពាន់​៥​រយ​លាន​ដុល្លារ​នេះ នឹង​មាន​គម្រោង​តូច​ៗ​ជា​ច្រើន​រួម​មាន សាលា​រៀន ផ្សារ​ទំនើប កន្លែង​តាំង​ពិព័រណ៍ និង​គម្រោង​វិនិយោគ​ដទៃ​ផ្សេង​ទៀត​។

ប្រសិន​បើ​គ្មាន​ការ​ប្រែ​ប្រួល​ណា​មួយ​ទេ បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​នៅ​ក្នុង​វេទិកា​ធុរកិច្ច​កំពូល​កម្ពុជា-ចិន នៅ​ដើម​ខែ​ធ្នូ ក្រុមហ៊ុន LYP Group និង​ក្រុមហ៊ុន China Minsheng Investment នឹង​ចាប់​ផ្ដើម​សាងសង់​ទីក្រុង​មិត្តភាព កម្ពុជា-ចិន នៅ​ដើម​ឆ្នាំ​២០១៧​តែម្ដង​។

គម្រោង​ទីក្រុង​មិត្តភាព កម្ពុជា-ចិន ជា​គម្រោង​ថ្មី មាន​តម្លៃ​ដល់​ទៅ​១​ពាន់​៥​រយ​លាន​ដុល្លារ​។ ចង់​ឬ​មិន​ចង់ គម្រោង​​​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​សង្ស័យ​។ សង្ស័យ​ព្រោះ​វា​ជាគម្រោង​ធំ​ពេក ហើយ​ទំនង​ជា​មិន​សមមាត្រ​ទៅ​នឹង​ទីផ្សារ​តូច​នៅ​ប្រទេស​កម្ពុជា​ឡើយ​។

គួរ​រម្លឹកជូន​​ថា ប្រទេស​ចិន​គឺ​ជា​ប្រភព​ឈាន​មុខ​គេ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ជា​ប្រទេស​ផ្ដល់​ជំនួយ​អភិវឌ្ឍ​ក៏​ដូច​ជា​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប​ឈាន​មុខ​គេ​ដល់​កម្ពុជា​។ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ ទឹក​ប្រាក់​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​មានចំនួន​ប្រមាណ ៧ប៊ី​លាន​ដុល្លារ តាម​រយៈ​ក្រុមហ៊ុន​ចំនួន​១០២ និង​គម្រោង​ចំនួន​៣៣៥​។ ហើយ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ប្រទេស​ទាំង​ពីរ​បាន​ដាក់​ទិស​ដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​និង​ចិន ឲ្យ​បាន​៥​ប៊ីលាន​ដុល្លារ​អាមេរិក។

កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​កន្លង​ទៅ ​ក្នុង​ដំណើរ​ទស្សនកិច្ចរយៈ​ពេល​ពីរ​ថ្ងៃ ​របស់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅ​កម្ពុជា ប្រទេសទាំង​ពីរ​បាន​សម្រេច​នូវ​កិច្ច​ព្រម​ព្រៀង​និង​ពិធីសារ​ចំនួន​​៣១ ដែល​បាន​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​មុខ​ជា​ច្រើន​ដល់​កម្ពុជា សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​។ ក្នុង​នោះ​រួម​មាន ការ​កសាង​ព្រលានយន្តហោះ​នៅ​ខេត្ត​សៀមរាប ការ​ជួស​ជុល​ប្រាសាទ​ព្រះវិហារ ការ​លើក​ទឹក​ចិត្ត​ឲ្យ​វិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​កម្ពុជា ការ​បង្កើន​ផ្លូវ​ហោះ​ហើារ​ត្រង់​ពី​ទីក្រុង​នានា​របស់​ចិន​មក​កម្ពុជា និង​ការ​បង្កើន​ចំនួន​ទេសចរ​ចិន​មក​កម្ពុជា ពី​៧​សែន​នាក់ ទៅ​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​ជា​ដើម​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ