ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
កម្ពុជា

នាយក​រដ្ឋមន្រ្តី​ចិន គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ

media  
នាយក​រដ្ឋមន្រ្តី​ចិន លោក លី គឺឈាំង (Li Keqiang) និង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន @សហការី

នាយក​រដ្ឋមន្រ្តី​ចិន លោក លី គឺឈាំង (Li Keqiang) គ្រោង​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​នា​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​មេគង្គ-ឡានឆាំង ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ចិន បើក​ទំព័រ​ឆ្នាំ​ថ្មី​នៅ​កម្ពុជា​នេះ​ នឹង​នាំ​មក​នូវ​អ្នក​វិនិយោគ​ចិន​ជា​ច្រើន ដើម្បី​ស្វែង​រក​ឱកាស​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា។ បន្ថែម​លើ​នេះ ភាគី​ទាំង​ពីរ នឹង​មាន​គម្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ផង។

បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ នាយក​រដ្ឋមន្រ្តី​ចិន លោក លី គឺឈាំង (Li Keqiang) នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​នេះ។ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ចិន នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១២ ខែ​មករា ដោយ​នាំ​មក​ជាមួយ​នូវ​អ្នក​វិនិយោគ​ចិន​ជា​ច្រើន​ផង។ នេះ​បើ​តាម​ការ​សរសេរ​នៅ​លើ​គណនី​ហ្វេសបុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី ០២ មករា​នេះ។

ដោយ​ឡែក លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ចិន​នៅ​កម្ពុជា គឺ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​មេគង្គ-ឡានឆាង លើក​ទី​០២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១២ មករា។ កិច្ច​ប្រជុំ​មេគង្គ-ឡានឆាង ដែល​នឹង​មាន​ប្រទេស​៤​ទៀត​ចូល​រួម​ក្រៅ​ពី​ចិន​និង​កម្ពុជា គឺ​ប្រទេស​ថៃ ឡាវ វៀតណាម និង​ប្រទេស​ភូមា។ បើ​តាម​មន្រ្តី​ក្រសួង​ការ​បរទេស​ដដែល នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​នេះ លោក លី គឺឈាំង នឹង​ចំណាយ​ពេល​ចុង​ក្រោយ ដើម្បី​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរ​ក៏​មាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ផង។

គួរ​ជំរាប​ជូន​ថា នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី០​១ ​របស់លោក លី គឺ​ឈាំ​ង មក​កម្ពុជា ក្រោយ​ពី​លោក​បាន​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចិន កាល​ពី​ឆ្នាំ​២០១៣។ លោក លី គឺ​ឈាំ​ង គឺជា​មន្ត្រី​កំពូល​លំដាប់​ទី០​២ របស់​មហា​យក្ស​ចិន​បន្ទាប់ពី​លោក ស៊ី ជិន​ភីង​។

សូម​បញ្ជាក់​ថា ចិន​គឺ​ជា​ប្រទេស​ទី​០១ ដែល​បាន​ប្រកាស​គាំទ្រ​ជានិច្ច​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ចំពោះ​វិធានការ​ក្តៅ​បង្រ្កាប​លើ​គណបក្ស​ប្រឆាំង​នា​ពេល​កន្លង​មក។ ហើយ​ប្រទេស​ចិន ក៏​ជា​ប្រទេស​ទី​០១​ដែរ ដែល​បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ខណៈ​ដែល សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ផ្តាច់​ជំនួយ។ កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​កន្លង​ទៅ​នេះ ចិន​បាន​ផ្តល់​ជំនួយ​ជា​សំភារៈ​ជាង​៣០​មុខ ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (គជប) រួម​មាន កុំព្យូទ័រ​ជាង​១០០​គ្រឿង វិទ្យុ​ទាក់ទង​៥៥០​គ្រឿង កាមេរ៉ា​៣០​គ្រឿង ព្រម​ទាំង​សម្ភារៈ​បរិក្ខារ​ចាំ​បាច់ផ្សេង​ៗ​ទៀត​។

តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ចិន​នៅ​កម្ពុជា​នា​សប្តាហ៍​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសបុក នៅ​ថ្ងៃ​ទី​០២​មករា​នេះ ថា ចូល​ឆ្នាំ​សកល​ថ្មី ឆ្នាំ​២០១៨​នេះ កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ ជាមួយ​នឹង​ការ​រីក​ចម្រើន​ដែល​ជា​មោទនៈភាព​របស់​ជាតិ​ទាំង​មូល។ លោក​នាយក​រដ្ឋមន្រ្តី​បន្ត​ថា ដោយ​សារ​ស្ថេរភាព​នយោបាយ និង​លំនឹង​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ កម្ពុជា​បាន​ទាក់​ទាញ វិនិយោគ​ទុន​បរទេស​ជា​ច្រើន ជា​ពិសេស​មក​ពី​ប្រទេស​ចិន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ