អ្នកនាំពាក្យការបរទេសចិន៖មហាយក្សចិននឹងនៅតែបន្តជួយកម្ពុជា ដើម្បីរក្សាស្ថិរភាពនិងការអភិវឌ្ឍ
បន្ទាប់ពីនាយករដ្ឋមន្ត្រីចិនលោកលី ខឺឈាំង បានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជានិងត្រឡប់ទៅដល់ប្រទេសចិនវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសន្និសីទកាសែតមួយជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន មហាចិននឹងនៅតែបន្តជួយដល់កម្ពុជា ដើម្បីរក្សានូវស្ថិរភាព សម្រេចនូវការអភិវឌ្ឍ និងជួយស្ទួយដល់ការរស់នៅរបស់ប្រជាជនកម្ពុជាតាមតែលទ្ធភាពដែលខ្លួនមាន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥០
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានអះអាងថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកលី ខឺឈាំងនៅក្នុងប្រទេសកម្ពុជា គឺភាគីទាំងពីរបានសម្រេចថា នឹងរក្សាការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ជាប្រចាំ ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសំខាន់ផ្សេងៗទៀត។ បើតាមលោក Lu Kang ចិននឹងបន្តគាំទ្រឧបត្ថម្ភដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសមាគាអភិវឌ្ឍដែលត្រូវនឹងភាពពិតជាក់ស្តែងនៅកម្ពុជា និងផ្តល់នូវជំនួយដល់កម្ពុជាដើម្បីរក្សាស្ថិរភាព ការសម្រេចលើការអភិវឌ្ឍ និងលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ បន្ថែមលើនេះ ចិននឹងបង្កើននូវទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ហើយលើកទឹកចិត្តឲ្យប្រជាជនចិនធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា និងបង្កើតឱកាសកាន់ច្រើនឡើងបន្ថែមទៀតសម្រាប់យុវជននៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក។
នាយករដ្ឋមន្ត្រីចិនលោកលី ខឺឈាំង បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ មករាក្នុងសប្តាហ៍នេះ។ នេះគឺជាដំណើរទស្សនកិច្ចលើកទី១របស់លោក តាំងពីឡើងកាន់តំណែងនៅឆ្នាំ២០១៣ និងជាដំណើរទស្សនកិច្ចទី១របស់ថ្នាក់ដឹកនាំចិននៅបរទេសដែរនៅក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។ យោងតាមអ្នកនាំពាក្យដដែល នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីចិន និងកម្ពុជាបានលើកឡើងពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាក្នុងរយៈពេល៦ទសវត្សដែលកម្ពុជា និងចិនបានចាប់ផ្តើមបង្កើតចំណងការទូតរវាងគ្នា និងបានឯកភាពគ្នាកសាងលើសមិទ្ធផលកន្លងមកនិងនាំមកនូវអនាគតថ្មីនិងចូលរួមបង្កើតសហគមន៍យុទ្ធសាស្ត្ររួមគ្នា។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិននៅកម្ពុជានេះដែរ ភាគីទាំងពីរបានសម្រេចនូវអនុស្សារណៈចំនួន១៩ ដែលក្នុងនោះ ១៧ឯកសារ ជាកិច្ចព្រមព្រៀងរវាងវិស័យរដ្ឋ និងរដ្ឋ និង ២ឯកសារទៀត ជាការព្រមព្រៀងរវាងវិស័យឯកជន និងឯកជន។ ជាមួយគ្នានេះ កម្ពុជានិចិនក៏បានប្រកាសរួមគ្នាឲ្យដំណើរការជាផ្លូវការលើគម្រោង «ដំណើរនៃក្តីស្រលាញ់ពីបេះដូង» នៅកម្ពុជា គម្រោងសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យព្យាបាលជំងឺទូទៅ នៅខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង ក៏បានអះអាងប្រាប់នាយករដ្ឋមន្ត្រីកម្ពុជាដែរថា ចិនបានត្រៀមកញ្ចប់ថវិកាប្រមាណ២៧៦លានដុល្លារ សម្រាប់គម្រោងតូច-ធំ នៅក្នុងប្រទេសកម្ពុជា។ សូមជំរាបជូនថា ចិនគឺជាប្រទេសដែលផ្តល់ជំនួយដល់កម្ពុជាច្រើនជាងគេ ហើយទាក់ទងនឹងផ្នែកពាណិជ្ជកម្មវិញ មកដល់ពេលនេះទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនមានដល់ទៅជាង៥ពាន់លានដុល្លារក។ ចំណែកការវិនិយោគវិញ គឺគិតមកដល់ពេលនេះ ការវិយោគរបស់ចិននៅក្នុប្រទេសកម្ពុជាមានចំនួនដល់ទៅ១៦ពាន់លានដុល្លារអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ