អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ស្ថាន​ទូត​ចិន​ពន្យល់​ប្រាប់​កម្ពុជា​ថា ​ការ​ប្រឌិត​ព័ត៌មាន​រឿង​មូល​ដ្ឋាន​ទ័ព​ចិន ​គឺ​ជា​គន្លង​នៃ​ការ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​

ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា «ប្រឆាំង​ដាច់​ខាត​ភាព​ចលា​ចល​នៅ​ហុង​កុង រំពឹង​ថ្ងៃ​ស្អែក​នៃ​ហុងកុង​នឹង​កាន់​តែ​ល្អ»។ ជា​អត្ថបទ​ពន្យល់​ដល់​កម្ពុជា​អំពី​បញ្ហា​ចលា​ចល​នៅ​ក្នុង​ទីក្រុង​ហុង​កុង​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ពេល​នេះ​។ ភ្ជាប់​បញ្ហា​នៅ​ហុង​កុង​នេះ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ក៏​បាន​ពន្យល់​ប្រាប់​កម្ពុជា​ដែរ​ថា ការ​បង្កើត​ឱ្យ​មាន​ព័ត៌មាន​ថា កម្ពុជា​និង​ចិន​ព្រម​ព្រៀង​ឱ្យ​មាន​មូល​ដ្ឋាន​ទ័ព​ចិន​លើ​ទឹក​ដី​ខ្មែរ គឺ​ជា​គន្លង​នៃ​ការ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​ពី​កម្លាំង​ខាង​ក្រៅ​។ 

នាវាចម្បាំងរបស់ខ្មែរ នៅឯមូលដ្ឋានកងទ័ពជើងទឹករាម (រូបភាពឯកសារ)
នាវាចម្បាំងរបស់ខ្មែរ នៅឯមូលដ្ឋានកងទ័ពជើងទឹករាម (រូបភាពឯកសារ) @REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​អត្ថបទ​កម្រាស់​៤ទំព័រ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian បាន​បញ្ជាក់​ប្រាប់​កម្ពុជា​៤​ចំណុច​អំពី​បញ្ហា​នៅ​ក្នុង​ទីក្រុង​ហុង​កុង​។ ទី១. លោក​បាន​គូស​បញ្ជាក់​អំពី​សមិទ្ធ​ផល​នៃ​ការ​គ្រប់​គ្រង​បែប​«ប្រទេស​មួយ ប្រព័ន្ធ​គ្រប់​គ្រង​ពីរ»ដែល​កំពុង​ធ្វើ​នៅ​ហុង​កុង​។ តាម​លោក Wang Wentian ប្រព័ន្ធ​គ្រប់​គ្រង​នេះ បាន​ធ្វើ​ឱ្យ​ទីក្រុង​ហុង​កុង​មាន​ភាព​រីក​ចម្រើន​ដែល​មិន​អាច​ប្រកែក​បាន​។ ទី២. លោក​ឯក​អគ្គ​រដ្ឋ​ទូត​ចិន បាន​អះអាង​ថា ភាព​ចលា​ចល​នៅ​ទីក្រុង​ហុង​កុង​ដែល​ត្រូវ​បាន​មជ្ឈ​ដ្ឋាន​មួយ​ចំនួន​ហៅ​ថា ជា​ការ​ប្រឆាំង​តទល់​ដោយ​សន្តិភាព គឺ​ជា​សកម្មភាព​ហិង្សា​យ៉ាង​ននល​ទៅ​វិញ​ទេ​។

ចំណុច​ទី៣. លោក Wang Wentian បាន​គូស​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋា​ភិបាល​ចិន​ដែល​គាំទ្រ​សមត្ថ​កិច្ច​ហុង​កុង​អនុវត្ត​ច្បាប់​ដោយ​ម៉ឺង​ម៉ាត់​។ នៅ​ត្រង់​ចំណុច​នេះ លោក​បាន​បរិហារ​រដ្ឋា​ភិបាល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាមេរិក​ថា មិន​បាន​លើក​ឡើង​ពី​សកម្មភាព​ហិង្សា​គ្មាន​ច្បាប់​ទម្លាប់​របស់​បាតុករ​ហុង​កុង​នោះ​ទេ តែ​បែរ​ជា​ចោទ​ប្រកាន់​ទាំង​កម្រោល​មក​លើ​សកម្មភាព​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ហុង​កុង​ទៅ​វិញ​។ ចំណែក​ចំណុច​ទី៤. លោក Wang Wentian បាន​អះអាង​ប្រាប់​កម្ពុជា​ថា ភាព​ចលាចល​នៃ​ទីក្រុង​ហុង​កុង គឺ​ជា​លទ្ធ​ផល​នៃ​ការ​ជ្រៀត​ជ្រែក​ពី​កម្លាំង​ខាង​ក្រៅ​។ កម្លាំង​ខាង​ក្រៅ​នេះ គឺ​លោក​ចង់​សំដៅ​ទៅ​សហរដ្ឋ​អាមេរិក និង បស្ចិម​ប្រទេស​មួយ​ចំនួន​ទៀត​។

និយាយ​ដល់​ចំណុច​នេះ លោក​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ក៏​បាន​ទាញ​ភ្ជាប់​មក​បញ្ហា​របស់​កម្ពុជា​។ បញ្ហា​ដែល​លោក​ថា ថ្មីៗ​នេះ មាន​កម្លាំង​ខាង​ក្រៅ​បាន​ប្រឌិត​ពាក្យ​ចចាម​អារ៉ាម​ទាក់​ទង​នឹង​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ដែល​ជា​ប្រទេស​អធិបតេយ្យ​មួយ​។ លោក Wang Wentian ចង់​សំដៅ​ដល់​ព័ត៌មាន​ដែល​ថា​កម្ពុជា និង​ចិន​បាន​ព្រម​ព្រៀង​គ្នា​ឱ្យ​មាន​មូល​ដ្ឋាន​ទ័ព​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា​ដែល​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាមេរិក​។

លោក​Wang Wentian បាន​ហៅ​ការ​បង្កើត​ព័ត៌មាន​ទាំង​នេះ​ថា ជា​គន្លង​នៃ​ការ​ជ្រៀត​ជ្រែក​ដោយ​កម្រាល​ទៅ​លើ​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ​ដែល​ជា​ទង្វើ​ជាន់​ឈ្លី​ជា​សាធារណៈ​ទៅ​លើ​គោល​ការណ៍​គ្រឹះ​នៃ​ច្បាប់​អន្តរ​ជាតិ និង​ទំនាក់​ទំនង​អន្តរ​ជាតិ​ដែល​ចិន​ប្រឆាំង​ជា​ដាច់​ខាត​។ បន្ថែម​លើ​នេះ លោក​Wang Wentian ក៏​បាន​លើក​ឡើង​ថា ទង្វើ​នេះ គឺ​ប្រទេស​ទាំង​នោះ​មិន​ចាត់​ទុក​កិច្ច​សហ​ប្រតិបត្តិ​ការ​បើក​ចំហរ និង​តម្លា​ភាព​រវាង​ចិន និង​កម្ពុជា​ក្នុង​កែវ​ភ្នែក​នោះ​ទេ តែ​បែរ​ជា​មាន​គំនិត​បង្ក​ចលា​ចល​ដោយ​បំភ័ន្ត​ភ្នែក​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​ប្រឌិត​ព័ត៌​មាន​ក្លែង​ក្លាយ លាប​ពណ៌ និង បំផ្លាញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវាង​ចិន និង​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ