អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ជន​ជាតិ​ចិន​រាប់​ពាន់​នាក់​សម្រុក​ចេញ​ពី​កម្ពុជា ​ក្រោយ​រដ្ឋា​ភិបាល​បិទ Game Online ​តែ​មន្ត្រី​ថា​មិន​ភ្ញាក់​ផ្អើល​

ជន​ជាតិ​ចិន​រាប់​ពាន់​នាក់​បាន​សម្រុក​ចាក​ចេញ​ពី​ខេត្ត​ព្រះ​សីហនុ​ព្រមៗ​គ្នា កាល​ពី​រាត្រី​ថ្ងៃទី ៣១ សីហា ដោយ​មិន​ដឹង​មូល​ហេតុ។ ប៉ុន្តែ​ការ​ចាក​ចេញ​នេះ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​ប្រកាស​បិទ​អាជីវ​កម្ម ល្បែង​តាម​អន​ឡាញ (Game Online) ដែល​ជា​វិធាន​ការ​មួយ​ដើម្បី​ពង្រឹង​សន្តិ​សុខ និង ការ​ពារ​កុំ​ឲ្យ​ឧក្រិដ្ឋ​ជន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ក្រោម​ស្លាក​អាជីវ​កម្ម Game Online នេះ​។ យ៉ាង​ណា​ក្តី មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា មិន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ឡើយ ចំពោះ​ករណី​នេះ ត្បិត​ចំនួន​ជន​ជាតិ​ចិន​ដែល​ចូល​មក​កម្ពុជា ក៏​មិន​ក្រោម​ខ្ទង់​ពាន់​ដែរ នៅ​ក្នុង​មួយ​ថ្ងៃៗ​។ 

ជនជាតិចិនសម្រុកចាកចេញពីប្រទេសកម្ពុជា នាពេលថ្មីៗនេះ
ជនជាតិចិនសម្រុកចាកចេញពីប្រទេសកម្ពុជា នាពេលថ្មីៗនេះ @FB
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ខេត្ត​ព្រះ​សីហនុ លោក ឃាង ភារម្យ មិន​ភ្ញាក់​ផ្អើល​ឡើយ ចំពោះ​ការ​ចាក​ចេញ​របស់​ជន​ជាតិ​ចិន កាល​ពី​រាត្រី​ថ្ងៃទី ៣១ សីហា ត្បិត​វា​ជា​ចរន្ត​ចេញ​ចូល​ជា​ធម្មតា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​របស់​លោក​។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​លើក​ឡើង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន ដែល​ចាក​ចេញ​ពី​កម្ពុជា​កាល​ពីថ្ងៃទី ៣១ សីហា មាន​ចំនួន​៣០៩៥​នាក់​។ ប៉ុន្តែ​ចំនួន​ចូល​វិញ ក៏ មាន​ច្រើន​ដែរ ពោល​គឺ​២៤៩៤​នាក់​។ លោក ភារម្យ បាន​ដាក់​ជា​សំណួរ​ថា តើ​ហេតុ​អ្វី យើង​ចាប់​អារម្មណ៍​តែ​ចំនួន​អ្នក​ចាក​ចេញ តែ​មិន​ចាប់​អារម្មណ៍​ពី​ចំនួន​អ្នក​ចូល​។ បើ​តាម​តួ​លេខ​ខាង​លើ​នេះ មាន​ន័យ​ថា ការ​ចាក​ចេញ​និង​ចូល​នៃ​ជន​ជាតិ​ចិន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​មាន​ប្រហាក់​ប្រហែល​គ្នា​។

ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ខេត្ត​ព្រះសីហនុ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​បណ្តាញ​សង្គម​ហ្វេស​បុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្សព្វ​ផ្សាយ​ថា ជន​ជាតិ​ចិន​រាប់​ពាន់​នាក់​បាន​ចាក​ចេញ​សម្រុក​ចាក​ចេញ​ពី​កម្ពុជា​យ៉ាង​គំហុក នា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​នៅ​ព្រលាន​យន្ត​ហោះ​កង​កេង​ខេត្ត​ព្រះ​សីហនុ​ទៀត​ផង​។ ការ​សម្រុក​ចាក​ចេញ​នេះ ត្រូវ​បាន​មហា​ជន​ដាក់​ការ​សង្ស័យ​ថា តើ​ក្រុម​ជន​ជាតិ​ចិន​ទាំង​នោះ មាន​ធុម​ក្លិន​អ្វី​មិន​ល្អ ឬ​មក​ពី​រដ្ឋា​ភិបាល​កម្ពុជា ទើប​តែ​ប្រកាស​បិទ​អាជីវ​កម្ម Game Online កាល​ពី​ពេល​ថ្មីៗ​នេះ? ប៉ុន្តែ​លោក ឃាង ភារម្យ បាន​ពន្យល់​ថា វា​ជា​រឿង​ចៃដន្យ​តែ​ប៉ុណ្ណោះ​។ វា​អាច​មក​ពី​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន ឬ​កម្មករ​ចិន សម្រុក​ចាក​ចេញ​ទៅ​ព្រមៗ​គ្នា ក្នុង​ពេល​តែ​មួយ​។ ចំណែក​លោក ជា អូន ជាអ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋ​លេខា​ធិការ​អាកាស​ចរណ៍​ស៊ីវិល ដែល​គ្រប់​គ្រង​លើ​ការ​ហោះ​ហើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មិន​ភ្ញាក់​ផ្អើល​ដែរ​។ លោក​ថា ជួន​កាល​ជា​ពេល​វេលា​មួយ​ដែល​កម្មករ​ចិន​ដែល​អស់​កុង​ត្រា​ជាមួយ​ក្រុម​ហ៊ុន​ណា​មួយ ដែល​ត្រូវ​វិល​ត្រលប់​ទៅ​វិញ​តែ​ប៉ុណ្ណោះ​។

គួរ​ជំរាប​ជូន​ថា ផ្អែក​តាម​របាយ​ការណ៍​របស់​អាជ្ញាធរ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៣១ ខែ​សីហា​ថា ត្រឹម​តែ​១យប់​ប៉ុណ្ណោះ ជន​ជាតិ​ចិន​ប្រមាណ​ជា​ជាង​៣០០០​នាក់ បាន​ចាក​ចេញ​ពី​ខេត្ត​ព្រះ​សីហនុ តាម​ជើង​ហោះ​ហើរ ត្រឡប់​ទៅ​កាន់​ប្រទេស​ពួក​គេ​វិញ បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​ឈប់​ផ្ដល់​អាជ្ញា​ប័ណ្ណ​សម្រាប់​អាជីវ​កម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិច​ត្រូ​និក និង​តាម​អ៊ីន​ធឺណែត​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ចាប់​ពី​ថ្ងៃទី ១៨ ខែ​សីហា​មក​។ សារាចរ​ណែ​នាំ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​ប្រមុខ​រដ្ឋា​ភិបាល លោក ហ៊ុន សែន នោះ បាន​លើក​ឡើង​ថា ពួក​ឧក្រិដ្ឋ​ជន​បរទេស​មួយ​ចំនួន បាន​ជ្រក​ក្រោម​រូប​ភាព​ល្បែង​ភ្នាល់​ប្រភេទ​នេះ ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ សណ្ដាប់​ធ្នាប់​សាធារណៈ និង​របៀប​រៀប​រយ​សង្គម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ