វិនិយោគិនចិនផ្នែកកាត់ដេរមានគុណសម្បត្តិ និងគុណវិបត្តិប្រហាក់ប្រហែលគ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១០
វិស័យឧស្សាហកម្មកាត់ដេរ និងដេរស្បែកជើង បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់។ វិស័យនេះត្រូវបានគ្របដណ្តប់ដោយវិនិយោគិនជនជាតិចិនដីគោក ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ច្រើនជាងពាក់កណ្តាល ក្នុងចំណោមវិនិយោគិនបរទេសផ្នែកកាត់ដេរទាំងអស់។ ការលោតចូលទាំងភ្នែនមកក្នុងប្រទេសកម្ពុជា របស់អ្នកវិនិយោគចិនផ្នែកវិស័យកាត់ដេរ កាលពីទសវត្សឆ្នាំ ៩០មកនោះ ប្រៀបបាននឹងការលោតដណ្តើមសាច់ជ្រូក ៣ជាន់ដូច្នោះដែរ នៅក្នុងប្រទេស ដែលងើបពីសង្គ្រាមមួយនេះ ត្រូវការអភិវឌ្ឍន៍ហើយកម្ពុជាទទួលបានកូតានាំចេញដោយអនុគ្រោះ ជាពិសេសទៅកាន់អាមេរិក និងអឺរ៉ុប។
ជាការពិត វត្តមានរបស់អ្នកវិនិយោគជនជាតិចិនលើវិស័យឧស្សាហកម្មកាត់ដេរ ពិតជាផ្នែកមួយជួយឲ្យមានការលូតលាស់ដល់សេដ្ឋកិច្ចកម្ពុជា។ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៧ភាគរយ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមពីវិស័យកាត់ដេរ ដែលភាគច្រើនលើសលប់ ជាវិនិយោគិនចិន។
តាមការវិវត្តវិស័យកាត់ដេរ និងដេរស្បែកជើង បានកម្រើកខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៩៦ មក វិស័យនេះបាន ក្លាយជាវិស័យដំបូង ដែលជនជាតិចិន បានដឹកនាំ និងដាក់ទុនវិនិយោគនាំមុខ បន្ទាប់ពីកម្ពុជា បានចាប់ផ្តើមរៀបចំប្រទេស ដែលហែកហួរដោយសារសង្គ្រាមឡើងវិញ។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន កាលពីដើមទសវត្សឆ្នាំ ៩០ មានប្រមាណជា ១៣លានដុល្លារប៉ុណ្ណោះ ហើយក៏បានកើនឡើងជិត ៤ពាន់លានដុល្លារកាលពីឆ្នាំ២០១៤ និងមានការប្តេជ្ញាចិត្ត បង្កើនឲ្យបានជាង ៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧ខាងមុខ។
ទាំងនេះពិតជាមិនអាច មិននិយាយបានទេថា វិស័យកាត់ដេរ គឺជាផ្នែកមួយ ដែលមានជាប់ទាក់ទងទៅនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការរីកធំធាត់នៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ អ្នកវិនិយោគចិន រហូតមកទល់ពេលនេះ បានផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណជា ៩០ម៉ឺននាក់ តាមរយៈវត្តមាននៃបរិមាណរោងចក្រ សហគ្រាសកាត់ដេរ ទាំងបានចុះបញ្ជី និងមិនទាន់បានចុះបញ្ជី ប្រមាណ ១ពាន់ក្រុមហ៊ុន។
ការជួយផ្តល់ចំណូល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងទប់ស្កាត់ការចំណាកស្រុករបស់ពលរដ្ឋខ្មែរមួយផ្នែកទៅរកការងារធ្វើនៅក្រៅប្រទេស គឺជាចំណុចវិជ្ជមានមួយ ដែលកើតឡើងដោយសារ អ្នកវិនិយោគជនជាតិចិន រួមទាំងអ្នកវិនិយោគជាតិសាសន៍ដទៃបន្ទាប់បន្សំទៀត។
បន្ថែមពីនេះ ការដាក់ទុនវិនិយោគលើវិស័យកាត់ដេរ និងដេរស្បែកជើងរបស់ជនជាតិចិន បានជួយបណ្តុះបណ្តាលជំនាញដល់កម្មករខ្មែរ ផ្តល់នូវការអភិវឌ្ឍលើកម្រិតបច្ចេកទេស និងសមត្ថភាពផលិតខាងឧស្សាហកម្ម ដែលមានប្រាក់ចំណូលមួយនេះ។
ទន្ទឹមនឹងនេះ វិនិយោគិនចិន ក៏បានរងនូវការរិះគន់លើចំណុចអវិជ្ជមានមួយចំនួនដែរ ពីអ្វីដែលមានការកត់សម្គាល់ថាបានដើរតួនាទីជាឈ្មួញកណ្តាលសម្រាប់ទីផ្សារអន្តរជាតិ ដោយកេងយកចំណេញជាច្រើននូវភាគលាភ ដែលជាកាដូរសម្រាប់ពលរដ្ឋកម្ពុជា។ នោះគឺការបែងចែកប្រាក់ចំណេញមិនមានលក្ខណៈសមភាព ពីភាពអនុគ្រោះរបស់ប្រទេស ឬក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់អន្តរជាតិ ដែលបានផ្តល់កូតាអនុគ្រោះដល់ប្រទេស និងប្រជាជនកម្ពុជា។ នេះបើតាមការលើកឡើងពីក្រុមអ្នកសហជីពមួយចំនួន និងអង្គការអន្តរជាតិ ដែលបំពេញតួនាទីជាអ្នកការពារសិទ្ធិកម្មករខ្មែរ។
បើទោះជាស្ថានភាពវិស័យកាត់ដេរខ្មែរ មានការវិវត្តទៅមុខប្រសើរជាងអតីតកាលច្រើនយ៉ាងណាក៏ដោយ វិនិយោគិនចិនលើវិស័យនេះ នៅតែត្រូវបានគេមើលឃើញថាបានរំលោភលើសិទ្ធិកម្មករច្រើនដែរនាពេលកន្លងមក ដោយសារអ្នកបណ្តាក់ទុនភាគច្រើនមកពីប្រទេសកុម្មុយនីស្ត ជាហេតុធ្វើឲ្យមានការវាយតម្លៃថា គុណសម្បត្តិ និងគុណវិបត្តិរបស់អ្នកវិនិយោគចិន មានភាពប្រហាក់ប្រហែលគ្នា។
សូមរំលឹកថាការនាំចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារបរទេសនៅឆ្នាំ២០១៥ មានប្រមាណជាង ៦២០០លានដុល្លារ។ ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៦នេះ ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ បានកើនឡើងចំនួន ១៤,៧ភាគរយ គឺស្មើនឹង ១៦០០លានដុល្លារ។ ជាមួយគ្នានេះ គេរំពឹងថាចំណូលពីការនាំចេញសរុបពេញមួយឆ្នាំ ២០១៦នេះអាចនឹងកើនឡើងរហូតដល់ ៨ពាន់លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ