ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT

វិនិយោគិន​ចិន​ផ្នែក​កាត់​ដេរ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ប្រហាក់​ប្រហែល​គ្នា

វិនិយោគិន​ចិន​ផ្នែក​កាត់​ដេរ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ប្រហាក់​ប្រហែល​គ្នា
 
កម្មករ កម្មការិនីកាត់ដេរកម្ពុជា។ RFI

វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ និង​ដេរ​ស្បែក​ជើង បាន​ក្លាយ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​លូត​លាស់។ វិស័យ​នេះ​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​វិនិយោគិន​ជន​ជាតិ​ចិន​ដីគោក ហុងកុង ម៉ាកាវ និង​តៃវ៉ាន់ ច្រើន​ជាង​ពាក់​កណ្តាល ក្នុង​ចំណោម​វិនិយោគិន​បរទេស​ផ្នែក​កាត់​ដេរ​ទាំង​អស់។ ការ​លោត​ចូល​ទាំង​ភ្នែន​មក​ក្នុង​ប្រទេស​កម្ពុជា របស់​អ្នក​វិនិយោគ​ចិន​ផ្នែក​វិស័យ​កាត់ដេរ កាល​ពី​ទសវត្ស​ឆ្នាំ​ ៩០​មក​នោះ ប្រៀប​បាន​នឹង​ការ​លោត​ដណ្តើម​សាច់​ជ្រូក ៣​ជាន់​ដូច្នោះ​ដែរ នៅ​ក្នុង​ប្រទេស​ ដែល​ងើប​ពី​សង្គ្រាម​មួយ​នេះ ត្រូវ​ការ​អភិវឌ្ឍន៍​ហើយ​កម្ពុជា​ទទួល​បាន​កូតា​នាំ​ចេញ​ដោយ​អនុគ្រោះ ជា​ពិសេស​ទៅ​កាន់​អាមេរិក និង​អឺរ៉ុប។

ជា​ការ​ពិត វត្ត​មាន​របស់​អ្នក​វិនិយោគ​ជន​ជាតិ​ចិន​លើ​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ ពិត​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​មាន​ការ​លូត​លាស់​ដល់​សេដ្ឋកិច្ច​កម្ពុជា។ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់​ ៧​ភាគរយ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិត​ជា​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ចូលរួម​ពី​វិស័យ​កាត់ដេរ ដែល​ភាគ​ច្រើន​លើស​លប់ ជា​វិនិយោគិន​ចិន។

តាម​ការ​វិវត្ត​វិស័យ​កាត់ដេរ និង​ដេរ​ស្បែក​ជើង បាន​កម្រើក​ខ្លួន​យ៉ាង​ឆាប់​រហ័ស នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៦ មក វិស័យ​នេះ​បាន ក្លាយ​ជា​វិស័យ​ដំបូង​ ដែល​ជនជាតិ​ចិន បាន​ដឹកនាំ និង​ដាក់​ទុន​វិនិយោគ​នាំ​មុខ បន្ទាប់​ពី​កម្ពុជា បាន​ចាប់​ផ្តើម​រៀបចំ​ប្រទេស ដែល​ហែកហួរ​ដោយ​សារ​សង្គ្រាម​ឡើង​វិញ។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន កាល​ពី​ដើម​ទសវត្ស​ឆ្នាំ ៩០ មាន​ប្រមាណ​ជា​ ១៣​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក៏​បាន​កើន​ឡើង​ជិត​ ៤​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៤ និង​មាន​ការ​ប្តេជ្ញា​ចិត្ត បង្កើន​ឲ្យ​បាន​ជាង​ ៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧​ខាង​មុខ។

ទាំងនេះ​ពិត​ជា​មិន​អាច មិន​និយាយ​បាន​ទេ​ថា វិស័យ​កាត់ដេរ​ គឺ​ជា​ផ្នែក​មួយ ដែល​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​រីក​ធំ​ធាត់​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ អ្នក​វិនិយោគ​ចិន រហូត​មក​ទល់​ពេល​នេះ បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​ ៩០​ម៉ឺន​នាក់ តាម​រយៈ​វត្ត​មាន​នៃ​បរិមាណ​រោង​ចក្រ សហគ្រាស​កាត់​ដេរ ទាំង​បាន​ចុះ​បញ្ជី និង​មិន​ទាន់​បាន​ចុះ​បញ្ជី ប្រមាណ​ ១​ពាន់​ក្រុម​ហ៊ុន។

ការ​ជួយ​ផ្តល់​ចំណូល​ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​ទប់​ស្កាត់​ការ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ផ្នែក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស គឺ​ជា​ចំណុច​វិជ្ជមាន​មួយ ដែល​កើត​ឡើង​ដោយ​សារ អ្នក​វិនិយោគ​ជន​ជាតិ​ចិន រួម​ទាំង​អ្នក​វិនិយោគ​ជាតិ​សាសន៍​ដទៃ​បន្ទាប់​បន្សំ​ទៀត។

បន្ថែម​ពី​នេះ ការ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​កាត់ដេរ និង​ដេរ​ស្បែក​ជើង​របស់​ជនជាតិ​ចិន បាន​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​ដល់​កម្មករ​ខ្មែរ ផ្តល់​នូវ​ការ​អភិវឌ្ឍ​លើ​កម្រិត​បច្ចេក​ទេស និង​សមត្ថភាព​ផលិត​ខាង​ឧស្សាហកម្ម​ ដែល​មាន​ប្រាក់​ចំណូល​មួយ​នេះ។

ទន្ទឹម​នឹង​នេះ វិនិយោគិន​ចិន ក៏​បាន​រង​នូវ​ការ​រិះគន់​លើ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែរ ពី​អ្វី​ដែល​មាន​ការ​កត់​សម្គាល់​ថា​បាន​ដើរ​តួនាទី​ជា​ឈ្មួញ​កណ្តាល​សម្រាប់​ទីផ្សារ​អន្តរជាតិ ដោយ​កេង​យក​ចំណេញ​ជា​ច្រើន​នូវ​ភាគ​លាភ ដែល​ជា​កាដូរ​សម្រាប់​ពលរដ្ឋ​កម្ពុជា។ នោះ​គឺ​ការ​បែង​ចែក​ប្រាក់​ចំណេញ​មិន​មាន​លក្ខណៈ​សមភាព ពី​ភាព​អនុគ្រោះ​របស់​ប្រទេស​ ឬ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​អន្តរជាតិ ដែល​បាន​ផ្តល់​កូតា​អនុគ្រោះ​ដល់​ប្រទេស និង​ប្រជាជន​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ក្រុម​អ្នក​សហជីព​មួយ​ចំនួន និង​អង្គការ​អន្តរជាតិ ដែល​បំពេញ​តួនាទី​ជា​អ្នក​ការពារ​សិទ្ធិ​កម្មករ​ខ្មែរ។

បើ​ទោះ​ជា​ស្ថានភាព​វិស័យ​កាត់​ដេរ​ខ្មែរ មាន​ការ​វិវត្ត​ទៅ​មុខ​ប្រសើរ​ជាង​អតីត​កាល​ច្រើន​យ៉ាង​ណា​ក៏​ដោយ វិនិយោគិន​ចិន​លើ​វិស័យ​នេះ នៅ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​រំលោភ​លើ​សិទ្ធិ​កម្មករ​ច្រើន​ដែរ​នា​ពេល​កន្លង​មក ដោយសារ​អ្នក​បណ្តាក់​ទុន​ភាគ​ច្រើន​មក​ពី​ប្រទេស​កុម្មុយនីស្ត ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ថា គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​របស់​អ្នក​វិនិយោគ​ចិន មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។

សូម​រំលឹក​ថា​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ឆ្នាំ​២០១៥ មាន​ប្រមាណ​ជាង​ ៦២០០​លាន​ដុល្លារ។ ក្នុង​រយៈ​ពេល​ ៨​ខែ​ដើម​ឆ្នាំ​២០១៦​នេះ ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សំខាន់​ៗ បាន​កើន​ឡើង​ចំនួន​ ១៤,៧ភាគរយ គឺ​ស្មើ​នឹង​ ១៦០០​លាន​ដុល្លារ។ ជាមួយ​គ្នា​នេះ គេ​រំពឹង​ថា​ចំណូល​ពី​ការ​នាំ​ចេញ​សរុប​ពេញ​មួយ​ឆ្នាំ​ ២០១៦​នេះ​អាច​នឹង​កើន​ឡើង​រហូត​ដល់​ ៨​ពាន់​លាន​ដុល្លារ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ទោះបី​មិន​ទាន់​ជំពាក់​គេ​វណ្ឌក តែ​បំណុល​អន្តរជាតិ​ត្រូវ​ចាត់​ចែង​ឲ្យ​មាន​តម្លាភាព!

    ស្វែងយល់បន្ថែម

  • កម្ពុជា-ច្បាប់

    ធនាគារ​ពិភពលោក ៖ ការ​បោះឆ្នោត​ខាងមុខ អាច​នាំ​ហា​និ​ភ័យ​ដល់​សេដ្ឋកិច្ច​កម្ពុជា

    ស្វែងយល់បន្ថែម

  • កម្ពុជា

    សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា៖ កសិករ​កម្ពុជា​មិន​ទាន់​លក់​ស្រូវ​បាន​ស្រួល​នៅ​ឡើយ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ