អានតួអត្ថបទ
កម្ពុជា

ចូល​ឆ្នាំចិន៖ ប្រជា​ជន​ចំណាយ​ច្រើន ជាង​ឆ្នាំ​មុន​ខណៈ​ទំនិញ​ឡើង​ថ្លៃ

នៅ​ថ្ងៃ​សុក្រ​ទី​២៧ មករា​នេះ គឺ​ជាថ្ងៃ​នៃ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជន​ជាតិ​ចិន និង​វៀត​ណាម។ សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំនេះ ក្រុម​អាជីវ​ករ និង​ប្រជាពល​រដ្ឋ​ បាន​ឱ្យ​ដឹង​ថា​ពួក​គាត់​បានចំណាយ​ច្រើន​ជាង​ឆ្នាំ​មុន ខណៈ​ដែល​តម្លៃ​ទំនិញ​ក៏​បាន​ឡើង​ផង​ដែរ​។ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​បញ្ជាក់​ថា ការ​ចំណាយ​សាច់​ប្រាក់​ក្នុង​សេដ្ឋកិច្ច​គឺ​ជារឿង​ល្អ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ជាកំណើន​ក្នុង​ស្រុក ឬជា​កំណើន​ដែល​ប៉ះពាល់​ដល់​ថ្ងៃ​មុខ។ 

ជ្រូកខ្វៃ ​ដាក់​តាំង​លក់​នៅ​តាម​ដង​ផ្លូវ​ និ​ង​នៅ​តាម​ទីផ្សារ​ ក្នុង​ឪកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​ទើប​តែ​បាន​បញ្ចប់​កាល​ពីម្សិល​មិញ​នេះ។
ជ្រូកខ្វៃ ​ដាក់​តាំង​លក់​នៅ​តាម​ដង​ផ្លូវ​ និ​ង​នៅ​តាម​ទីផ្សារ​ ក្នុង​ឪកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​ទើប​តែ​បាន​បញ្ចប់​កាល​ពីម្សិល​មិញ​នេះ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ចំណាយ​របស់​ប្រជា​ពល​រដ្ឋ​សម្រាប់​អ្នក​គោរព​ប្រពៃ​ណី​ចិន-វៀត​ណាម គឺ​ប្រមាណ​ពី​៤០ម៉ឺន​រៀល រហូត​ដល់ ២លាន​រៀល។ ទំហំ​ទឹក​ប្រាក់​ដែល​បាន​កើន​ឡើង​លើស​ពី​ឆ្នាំ​មុន​ប្រមាណ១០ ទៅ​២០​ភាគរយ។ ទឹក​ប្រាក់​ទាំង​នេះ គឺត្រូវ​ចំណាយ​ទៅ​លើ​របស់​របរ​ សែន គ្រឿង​តុប​តែងរៀប​ចំ​ផ្ទះ និង​ម្ហូបអាហារ​ដូច​ជាជ្រូក​ខ្វៃ មាន់ និង​នំ​នែក​ជា​ច្រើន​មុខ​ផ្សេង​ទៀត​ដែល​រៀប​ចំ​ទៅតាម​លទ្ធភាព​នៃ​គ្រួសារ​នីមួយ​ៗ។ អ្នក​ជំនាញ​សេដ្ឋកិច្ច​អបអរ​សាទរ​ប្រសិន​បើ​កំណើន​សេដ្ឋកិច្ច​នេះ ​ជា​កំណើន​ក្នុង​ស្រុក។​ 

អាជីវករ​ក្នុង​ផ្សារ​ធំៗ​ដូច​ជា​អូរឬស្សី និង​ផ្សារ​អូឡាំពិក និង​ផ្សារ​ធំថ្មី​ជាដើម បាន​បញ្ជាក់​ថា កំណើន​នៃ​តម្រូវ​ការ​ម្ហូបអាហារ និង​គ្រឿង​សែន​មាន​ការ​កើន ទាំង​ក្រដាស​សែន គោម​ពណ៌ក្រហម និង​ផ្កា​ជា​ដើម។ ចំណែក​ឯ​ជ្រូក​ខ្វៃ​មាន់ ទា វិញ​ក៏​បាន​កើន​ឡើង​ផង​ដែរ ដោយ​ជា​មធ្យមអាជីវករ​ជ្រូក​ខ្វៃ​ម្នាក់​លក់​បាន​ប្រមាណ​២០០​ជ្រូក ដែល​មាន​តម្លៃ​ជា​មធ្យម​២០​ម៉ឺន​រៀល។ តម្លៃនេះ​ក៏​បាន​កើន​ឡើង​ប្រមាណ​ចន្លោះ​ពី​១០ ទៅ​២០​ភាគ​រយ​ផងដែរ។ អ្នក​លក់​ដូរ​ទាំង​អស់​បានលើក​ឡើង​ថា អ្នក​ទិញ បាន​ចំណាយ​ច្រើន​ជាង​ឆ្នាំ​មុន ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ពល​រដ្ឋ​បច្ចុប្បន្ន​អាច​មាន​ចំណូល​ប្រចាំ​គ្រួសារ​កើន​ឡើង។ អ្នក​លក់​ខ្លះ​ថែម​ទាំង​ហ៊ាន​អះ​អាង​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន គឺ​លក់​ដាច់ និង​កាក់​កប​ជាបុណ្យ​ផ្សេង​ទៀត។

ប្រជា​ពល​រដ្ឋ​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ទាំង​អស់ បាន​បញ្ជាក់​ថា សម្រាប់​គ្រួសារ​ដែល​បានសែន​ដាក់​ជ្រូក​ខ្វៃ បន្ថែម​លើការ​សែន​មាន់ និង​នំ​ចំណី​ផ្លែ​ឈើ បាន​ចំណាយ​ប្រមាណ​ក្នុង​រង្វង់មួយ​លានរៀល​ដោយ​មិន​ទាន់​គិត​ពីការ​ទិញ​សំភារៈ​សម្រាប់​គ្រួសារ និង​ចំណាយ​បន្តិច​បន្តួចផ្សេងៗ​ទៀត។ អ្នក​ទាំង​នោះ​ក៏​បាន​អះអាង​ថា ថ្លៃ​ទំនិញ​បាន​កើន​ឡើង​ផង​ដែរ។ ឧទាហរណ៍​ឆ្នាំមុន​មាន​ទឹក​ប្រាក់​៣៥​ដុល្លារ​អាច​ទិញ​ជ្រូក​ខ្វៃ​ទំងន់៥-៦​គីឡូ​បាន ប៉ុន្តែ​ឆ្នាំ​នេះ តម្លៃ​បាន​ឡើងដល់​៤០ដុល្លារ​ជា​ដើម។

អ្នកជំនាញ​សេដ្ឋកិច្ច បាន​អះអាង​ថា ការ​កើន​ការ​ចំណាយ​នោះ​គឺ​ជា​បច្ច័យ​ល្អ​សម្រាប់​ដំណើរការ​សេដ្ឋកិច្ច​ទាំង​មូល។ ប៉ុន្តែ​លោក​ចាន់ សុផល អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​ប្រយ័ត្ន​ប្រយែង​ក្នុងការ​វាយ​តម្លៃ​ថា ចំណូល​គ្រួសារ​កម្ពុជា​នីមួយៗ​បាន​កើន​ឡើង​ខណៈ​កំណើន​សេដ្ឋកិច្ច​បាន​កើនឡើង​ក្នុង​រង្វង់​៧​ភាគ​រយ​ដដែល។

យ៉ាង​ណា​ក៏​ដោយ លោក​បាន​លើក​ឡើង​ថា កំណើន​នៃ​ចំណាយ​នេះ គឺ​សម្រាប់​កំណើន​ក្នុងស្រុក​នោះ វា​ជា​កំណើន​ល្អ ប៉ុន្តែ​ប្រសិន​បើ​ទំនិញ​នោះ​ជា​របស់​នាំចូល​ពី​ក្រៅ​ប្រទេស​នោះ​ទេ វាមិន​មែន​ជាកំណើន​ពិត​របស់​កម្ពុជា​ឡើយ ព្រោះ​វា​ជាកំណើន​ដែល​ហុច​ផល​ទៅ​ក្រៅ​ប្រទេស ហើយ​កម្ពុជា​ទទួល​បាន​ផល​តិច​តួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ