អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍​

ឆ្នាំ ២០១៧៖ ចំនួន​ភ្ញៀវ​ទេសចរ​ចិន នាំ​មុខ​គេ​នៅ​កម្ពុជា

នៅ​ក្នុង​ឆ្នាំ​២០១៧ ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា បាន​កើន​ឡើង​ជាង ១១ ភាគ​រយ ដែល​នាំ​មុខ​ដោយ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន និង​តាម​ពី​ក្រោយ​ដោយ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​វៀតណាម។ បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ទេសចរ ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង ៥ លាន ៦ សែន​នាក់ ដោយ​ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចិន មាន​រហូត​ដល់​ជាង ១ លាន ២​សែន​នាក់។

តំបន់​ទេសចរណ៍​ខេត្តព្រះសីហនុ
តំបន់​ទេសចរណ៍​ខេត្តព្រះសីហនុ @RFI
ផ្សាយពាណិជ្ជកម្ម

កំណើន​នៃ​ភ្ញៀវ​ទេសចរ​បរទេស ចូល​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិសាស្រ្ត​នានា បាន​ហក់​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ ​២០១៧ ​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា​ ​ទេសចរ​អន្តរ​ជាតិ​សរុប​មាន​ចំនួន​ជាង​ ៥,៦ ​លាន​នាក់ ​មក​ទស្សនា​កម្ពុជា ​កើន​ឡើង​ ១១,៨​ ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។ នៅ​ក្នុង​នោះ គេ​កត់​សម្គាល់​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន បាន​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់​ស្តែង នៅ​ក្នុង​ឆ្នាំ ២០១៧ ភ្ញៀវ​ទេសចរ​ចិន​បាន​ឈរ​នៅ​លំដាប់​ឈាន​មុខ​គេ​ដែល​មាន​រហូត​ដល់​ជាង​ ១,២​ លាន​នាក់​ កើន​ឡើង ​៤៥,៩​ ភាគ​រយ​ធៀប​នឹង​​ឆ្នាំ​២០១៦ ​ដែល​មាន​តែ​ជាង​ ៨៣ ​ម៉ឺន​នាក់​ប៉ុណ្ណោះ។​ ដោយ​ឡែក ភ្ញៀវ​ទេសចរ​វៀត​ណាម​ឈរ​នៅ​លំដាប់​ទីពី​រ​ដែល​មាន​ជាង​ ៨៣ ​ម៉ឺន​នាក់​ ខណៈ​ទេសចរ​មក​ពី​ប្រទេស​ឡាវ​ ឈរ​នៅ​លេខ​រៀង​ទីបី ​ដែល​មាន​ជាង​ ៥០ ​ម៉ឺន​នាក់​។

យ៉ាង​ណា​ក៏​ដោយ​បច្ចុប្បន្ន ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ភាគ​ច្រើន បាន​សម្រុក​ទៅ​តំបន់​មាត់​សមុទ្រ ជា​ពិសេស​គឺ​ខេត្ត​ព្រះសីហនុ ហើយ​ជន​ជាតិ​ចិន​ទាំង​នោះ​មួយ​ចំនួន កំពុង​តែ​ក្តោប​ក្តាប់​អាជីវកម្ម​​ ដូច​ជា ​​កាស៊ីណូ សណ្ឋាគារ ​ និង​ភោជនីយដ្ឋាន។

បើ​តាម​របាយការណ៍​របស់​អភិបាល​ខេត្ត​ព្រះសីហនុ ផ្ញើ​ទៅ​កាន់​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ បច្ចុប្បន្ន​នេះ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ជន​ជាតិ​បរទេស​ជាង ៦ ពាន់​នាក់ ហើយ​ជន​ជាតិ​ចិន មាន​ចំនួន​រហូត​ទៅ​ដល់​ជាង​៤ ពាន់​នាក់។ ជន​ជាតិ​ចិន​ទាំង​នោះ បាន​មក​ស្នាក់​នៅ និង​រក​ស៊ី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ក្រោម​រូប​ភាព​ជា​អ្នក​វិនិយោគ អ្នក​ទេសចរ អ្នក​បម្រើ​ការ​ក្នុង​កាស៊ីណូ និង​អ្នក​ផ្តល់​សេវា​ផ្សេងៗ។ របាយការណ៍​ដដែល​បន្ត​ទៀត​ថា ទោះ​បី​វត្តមាន​នៃ​ជន​ជាតិ​ចិន​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​នៅ​ក្នុង​ជម្រុញ​ការ​អភិ​វឌ្ឍ នៅ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ក៏​ប៉ុន្តែ​ជន​ជាតិ​មួយ​ចំនួន​បាន ប្រព្រឹត្តិ​បទ​ល្មើស និង​បង្ក​អសន្តិសុខ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន សម្តែង​ការ​មិន​ពេញ​ចិត្ត។

យ៉ាង​ណា​ក៏​ដោយ ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ដាក់​ចេញ​ជា​វិធាន​តឹង​រឹង​ជា​បន្ត​បន្ទាប់ និង​ចាត់​វិធានការ​ភ្លាមៗ​ចំពោះ​ភាព​អវិជ្ជមាន​ទាំង​នោះ។ លោក បន្ត​ថា បាន​គូស​បញ្ជាក់​ថា ជន​បរទេស​ទាំង​អស់​ដែល​ទៅ​លេង​ក្រុង​ព្រះសីហនុ​ត្រូវ​តែ​គោរព​ច្បាប់​របស់​កម្ពុជា មិន​ថា​តែ​ជន​ជាតិ​ចិន​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ