ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
កម្ពុជា

រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ប្រាប់​ប៉ូលីស ​កុំ​លើកលែង​ឲ្យ​ជន​ជាតិ​ចិន​ប្រព្រឹត្ត​ខុស​ច្បាប់​ និង​ការពារ​អ្នក​គោរព​ច្បាប់

media  
ជនជាតិចិនជំរិតទារប្រាក់តាមទូរស័ព្ទ ជនជាតិចិនជិត១០០០នាក់ ត្រូវបានឃាត់ខ្លួនពីករណីជំរិតទារប្រាក់តាមទូរស័ព្ទនៅកម្ពុជា police

ក្រសួង​​មហា​​ផ្ទៃ​បាន​ជម្រុញ​ឲ្យ​កង​​កម្លាំង​ប៉ូ​លី​ស ​បង្ក្រាប​​ទៅ​លើ​ជន​ជាតិ​ចិន​ទាំង​ឡាយ​ណា ដែល​បាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ច្បាប់​របស់​​កម្ពុជា ​ព្រមទាំង​ស្នើ​ឲ្យ​មាន​ការ​ការពារ​ផងដែរ ​ដល់​​ជនជាតិ​ចិន ​​ដែល​​គោរព​ច្បាប់​។ ​ការ​រំលឹក​យ៉ាង​ម៉ឺងម៉ាត់​បែប​នេះ ​បាន​ធ្វើ​ឡើង ​នៅ​​​ក្នុង​​​ពិធី​​សំណេះ​សំណាល​​មួយ ​រវាង ​លោក ​សុខ ផល ​រដ្ឋ​លេខាធិការ​​ក្រសួង​មហា​ផ្ទៃ ​ជា​មួយ​នឹង​​មន្ត្រី​ប៉ូលីស​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ​។

នៅ​ចំពោះ​មុខ​មន្ត្រី​ប៉ូលីស​អន្តោប្រវេសន៍​ជា​ច្រើន​នាក់ ​លោក​ សុខ ផល ​រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​ទើប​បាន​តែង​តាំង​ថ្មី​នា​អាណត្តិ​ទី​៦​នៃ​រដ្ឋាភិបាល​នេះ ​បាន​ណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច​ ត្រូវ​តែ​បង្ក្រាប​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ ​ដោយ​គ្មាន​ការ​លើកលែង ​ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​ច្បាប់​របស់​កម្ពុជា​ ដាច់ខាត​ត្រូវ​តែ​មាន​ការ​ការពារ​។

តាម​ការ​ផ្សព្វផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការ​ប៉ូលីស​ជាតិ ​លោក​រដ្ឋ​លេខាធិការ​ដែល​ជា​អតីត​អគ្គនាយក​អន្តោប្រវេសន៍ ​ក្រសួង​មហាផ្ទៃ ​បាន​និយាយ​សំដៅ​ដល់​ជនជាតិ​ចិន ​ខណៈ​បច្ចុប្បន្ន​ជនជាតិ​ចិន​ដែល​មាន​វត្តមាន ​នៅ​ប្រទេស​កម្ពុជា ​បាន​កើន​ឡើង​រហូត​ដល់​ជាង​២០​ម៉ឺន​នាក់​។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​បញ្ជា​ដល់​អង្គភាព​សំខាន់​ៗ​ចំនួន​៤ ​របស់​ក្រសួង​មហាផ្ទៃ ​ឲ្យ​បង្កើត​ក្រុម​ប្រតិបត្តិការ ​ចុះ​ទៅ​ខេត្ត​ព្រះសីហនុ​ជា​បន្ទាន់ ​ដើម្បី​ស្រាវជ្រាវ​ និង​ជួយ​បង្ក្រាប​បទល្មើស ​បន្ទាប់ពី​លេច​ឡើង​នូវ​សកម្ម​ភាពមិន​ប្រក្រតី​មួយ​ចំនួន​។

ជាការ​កត់​សម្គាល់​ ខេត្ត​ព្រះ​សីហនុ ​រយៈពេល​ជាង​១​ឆ្នាំ​ចុង​ក្រោយ​នេះ ​គឺ​ជា​គោលដៅ ​ដែល​ជនជាតិ​ចិន ​ចាត់ទុក​ថា​ជា​ដែនដី​វិនិយោគ​មួយ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ជាមួយ​គ្នា​នេះ ​បទល្មើស​ដែល​បណ្តាល​មក​ពី​ជនជាតិ​ចិន ​ក៏​បាន​កើត​ឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផង​ដែរ ​ដូចជា​ប្លន់ កាប់​ចាក់​ ចាប់​ជំរិត ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ​បើកបរ​ដោយ​ខុស​ច្បាប់ ​និង​ពេស្យា​កម្ម​ជាដើម​។

វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧ ​មាន​តែ​ជាង​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ ​ដោយ​ចំនួន​នេះ​អត់​បូក​បញ្ចូល​ជាមួយ​អ្នកកា​ទូត ​អ្នក​ទេសចរណ៍ ​និង​អង្គការ​សង្គម​ស៊ីវិល​ទេ ​ក៏​ប៉ុន្ដែ​នៅ​ចុង​ឆមាស​ទី​២​ឆ្នាំ​២០១៨​នេះ ​កំណើន​ជនជាតិ​ចិន​មាន​ការ​កើន​ឡើង​ទ្វេរ​ដង​ដល់​ជាង​២០​ម៉ឺន​នាក់​ ។ តួលេខ​នេះ ​គឺ​យោង​តាម​ស្ថិតិ​ជន​ជាតិ​ចិន ​ដែល​ទៅ​ពន្យា​ទិដ្ឋាការ​។ នេះ​បើ​តាម​លោក ​សុខ ផល​។

ដោយឡែក​ ក្នុង​ចំណោម​ជនជាតិ​ចិន​ទាំង​ជាង​២០​ម៉ឺន​នាក់​នេះ ​មាន​ជាង ​៧៨ ០០០​នាក់ ​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ប៉ុន្ដែ​ក្នុងនោះ ​អ្នក​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ ​មាន​តែ​ជាង​២​ម៉ឺន​នាក់​ប៉ុណ្ណោះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ