អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វីលោក សម រង្ស៊ី បង្ហោះ​សារ​នយោបាយ​ក្តៅ​ផង​ត្រជាក់​ផង​ជះ​ទៅលើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោក សម រង្ស៊ី មេបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​រស់​នៅឯ​បរទេស តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​បង្ហោះ​សារ​នយោបាយ​ទឹក​ក្តៅ ទឹក​ត្រជាក់ ជៈ​មកលើ​រដ្ឋអំណាច​ទីក្រុង​ភ្នំពេញ។ នយោបាយ​ក្តៅ ត្រជាក់ តាម​អារម្មណ៍បែបនេះ ត្រូវ​បាន​បក្ស​កាន់អំណាច និង​អ្នកវិភាគ​យល់ស្រប​គ្នា​ថា នឹង​ប៉ះពាល់​ដល់​ទំនុកចិត្ត​ដៃគូ​​ចរចា​សន្ទនា​​យោ​បាយ ដូច​ធ្លា​ប់រង​ការចោទប្រកាន់ថា កន្លងមក បក្សប្រឆាំង​តែង​ចាប់ដៃ ជាន់​ជើង។ ហេតុអ្វី លោក សម រង្ស៊ី បង្ហោះ​សារ​នយោបាយ​ក្តៅ​ផង​ត្រជាក់​ផង​ជះទៅលើ​រដ្ឋា​ភិបាល​ទីក្រុង​ភ្នំពេញ ?

ហ្វេសប៊ុកលោក សម រង្ស៊ី បង្ហោះផ្សាយវិដេអូ យើងត្រូវចេះរស់នៅជាមួយគ្នា កាលពីថ្ងៃទី៨ ខែកុម្ភៈ។
ហ្វេសប៊ុកលោក សម រង្ស៊ី បង្ហោះផ្សាយវិដេអូ យើងត្រូវចេះរស់នៅជាមួយគ្នា កាលពីថ្ងៃទី៨ ខែកុម្ភៈ។ @RFI
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី៨ ខែកុម្ភៈ លោក សម រង្ស៊ី បាន​បង្ហោះ វិ​ដេ​អូ​ក្លី​ប​មួយ រយៈពេល​ជាង បី​នាទី ក្រោម​ចំណងជើង​ថា «យើង​ត្រូវ​ចេះ​រស់នៅ​ជាមួយគ្នា»។ ជា​វិ​ដេ​អូ កាលពី​ឆ្នាំ២០១៥ ដែល​បង្ហាញ​ពី កិច្ច​សំណេះសំណាល​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ នៅ​ប្រទេស​ម៉ាឡេស៊ី ដោយមាន​លោក សម រង្ស៊ី អង្គុយ​អម និង​ញញឹមញញែម​ជាមួយ​គ្នា។ ទីនោះ​ហើយ ដែល​មេដឹកនាំ​នយោបាយ​កម្ពុជា​ទាំងពីរ ប្រកាស​ពី​ជំហរ រួម​រួប​គ្នា​រវាង​ខ្មែរ និង​ខ្មែរ តាម​វប្បធម៌​សន្ទនា ដែលជា​គោលការណ៍​ប្រជាធិបតេយ្យ បាយ​ឆ្ងាញ់​ដេកលក់​ស្រួល។

តែ​មុន​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​នេះ​មួយថ្ងៃ លោក សម រង្ស៊ី បាន​ដុត​កម្តៅ​រឿង ផែនការ ក៥ (ពី​ឆ្នាំ១៩៨៤ ដល់​ឆ្នាំ១៩៨៨) ឡើងវិញ បើទោះបីជា​ធ្លាប់ បាន​ផ្សាយ​រួចហើយ កាលពី​ថ្ងៃទី២១ មករា និង​ថ្ងៃ​បន្តបន្ទាប់ ដោយ​បន្ត​ចោទ​ជា​ចំហ​ថា គឺ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហេង សំរិន ប្រធានរដ្ឋសភា ដែលជា​អ្នក​បាន​អនុវត្ត ផែនការ ក៥ តាម​បញ្ជា​ពី «យួន» ដែល​ចង់​ឲ្យ ខ្មែរ​បន្ត​សម្លាប់​ខ្មែរ តទៅទៀត បន្ទាប់ពី ប៉ុល ពត។ បន្ថែម​ពីនេះ លោក សម រង្ស៊ី នៅ​ថ្ងៃទី៧ កុម្ភៈ ដដែល បាន​អះអាងថា គណបក្សប្រឆាំង​គ្រោង​នឹង​ប្តឹង លោក ហ៊ុន សែន និង​លោក ហេង សំរិន ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ទសវត្សរ៍​ឆ្នាំ ៨០ បាន​ឆ្លើយតប​ថា ការអនុវត្ត​ផែនការ​ក ៥ គឺ​ដើម្បី​ទប់ស្កាត់​ការវិល​មកវិញ នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។ បក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​ទៀតថា អ្នកប្រឆាំង​ផែនការណ៍​ក​៥ គឺជា​អ្នក​ចូល​ដៃ​ជាមួយ​ប៉ុលពត និង​សុទ្ធសឹង ជា​អ្នក​ដែល​ចង់​ឲ្យ ខ្មែរក្រហម​ត្រឡប់មកវិញ​កាលសម័យ​នោះ ដើម្បី​បាន​ចូលមក​កាប់សម្លាប់​ពល​រដ្ឋ​ខ្មែរ។

អ្វីដែល​ចម្លែក គឺ​នៅ​ថ្ងៃទី៨ កុម្ភៈ​ដដែល ត្រឹម​ប៉ុន្មាន​ម៉ោង ក្រោយ​ការ​បង្ហោះ​វិ​ដេ​អូ​ស្និទ​ស្នាល​រវាង​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នៅ​ប្រទេស​ម៉ាឡេស៊ី ស្រាប់តែ លោក សម រង្ស៊ី បាន​បង្ហោះ​វិ​ដេ​អូ មួយ ដែលជា​បទសម្ភាសន៍ រវាង​រូបលោក ជាមួយនឹង ទូរទស្សន៍​បារាំង TV5 Monde ពី​ទីក្រុង​ប៉ារីស។ នៅក្នុង​បទសម្ភាសន៍​នោះ លោក សម រង្ស៊ី បាន​បញ្ចេញយោបល់ខ្លាំងៗ វាយប្រហារ​ប្រឆាំង​រដ្ឋអំណាច​ទីក្រុង​ភ្នំពេញ និង​បាន​អំពាវនាវ​ឲ្យ សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ឲ្យ​ការបោះឆ្នោត​នាពេលខាងមុខ អាច​ប្រព្រឹត្តទៅបាន ដោយ​សេរី យុត្តិធម៌ និង​ដើម្បី​ឲ្យ​រូបលោក ក្នុងនាម​មេបក្ស​ប្រឆាំង អាច​វិល​មក​ចូលរួម​ក្នុងការ​បោះឆ្នោត​ដែរ។

ទាំងអស់នេះ មិនទាន់​និយាយ​ដល់ អ្វីដែល​លោក សម រង្ស៊ី បាន​សរសេរ​ប្រកាស​លើ​ហ្វេ​ស​ប៊ុ​ក កាលពីដើម​ខែកុម្ភៈ​ផង។ កាលនោះ លោក សម រង្ស៊ី បាន​លើកយក ការសន្ទនា​សម្ងាត់​មួយ​ តាម​បណ្តាញ​បណ្តាញ​សង្គម Line ដែល​មេបក្ស​ប្រឆាំង​រូបនេះ អះអាងថា ជា​កិច្ចសន្ទ​នា​រ រវាង​លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណ​ថា។ ខ្លឹមសារ​នៃ​កិច្ចសន្ទនា​ជា​ឯកជន​នេះ ត្រូវ​បាន​លោក សម រង្ស៊ី ហៅថា ជាការ​ផ្តល់​សំណូក ១លាន​ដុល្លារ របស់លោក​នាយក​រដ្ឋ​មន្ត្រី ដើម្បី​បំផ្លាញ​បក្ស​សង្គ្រោះ​ជាតិ។ គឺ​ការចោទប្រកាន់​នេះហើយ ដែល​បណ្តាល​ឲ្យ​មាន​ការ​​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត មួយ​លាន​ដុល្លារ ពី​លោកនាយក​រដ្ឋមន្ត្រី និង​សំណង​ជំងឺ​ចិត្ត ៥០មឺ​ន​ដុល្លារ ពី​កញ្ញា ធី សុវណ្ណ​ថា។

លោក អ៊ូ វីរៈ អ្នកវិភាគ​បញ្ហា​កម្ពុជា បាន​ហៅ សារ​នយោបាយ​ម្តង​វាយប្រហារ ម្តង​សម្រប​សម្រួល​​របស់លោក សម រង្ស៊ី​នេះ ថា​ជា ច​រឹក​នយោបាយ​អត់​ច្បាស់លាស់ ឬ​គ្មាន​យុទ្ធសាស្ត្រ​នយោបាយ របស់​មេបក្ស​សង្គ្រោះ​ជាតិ។ អ្នកវិភាគ​រូបនេះ យល់ឃើញថា នយោបាយ​ក្តៅ​ផង ត្រជាក់​ផង តាម​អារម្មណ៍ បែបនេះ នឹង​នាំ​ឲ្យ ប៉ះពាល់​ដល់​ទំនុកចិត្ត​លើ​គូ​ចរចា​ទាំងពីរ បើ​ទោះ​បីជា លោក សម រង្ស៊ី កំពុង​ព្យាយាម​ផ្ញើ​សារ​នយោបាយ​ថា បក្សប្រឆាំង​អាច​បន្ត​វប្បធម៌​សន្ទនា​គ្នា ជាមួយ​បក្ស​កាន់អំណាច ក៏ដោយ។ ដូចគ្នា​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែង​ប្រតិកម្ម​តបភ្លាមៗថា នេះហើយ​ជា ចរិត​លោក សម រង្ស៊ី ដែល​ប្រែប្រួល​មិន​ទៀង ម្តង​ខ្មៅ​ម្តង​ស មិនអាច​ជឿទុកចិត្ត​បាន។

ដោយឡែក អ្នកវិភាគ​ផ្សេងទៀត កត់សម្គាល់ថា យុទ្ធសាស្ត្រ​វាយប្រហារ​បក្ស​កាន់អំណាច របស់លោក សម រង្ស៊ី អាចជា​ការបែងចែក​តួនាទី​គ្នា រវាង​លោក កឹម សុខា ដែល​នៅក្នុង​ប្រទេស មាន​ភារៈ​សម្របសម្រួល និង​លោក សម រង្សី ដែល​បន្ត​វាយប្រហារ​ពី​ក្រៅប្រទេស។ អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ បាន​ចុះ​មូលដ្ឋាន​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​ជាច្រើន​ខេត្ត ហើយ​បាន​រំ​ឮ​ក​ដល់​អ្នកគាំទ្រ​ខ្លួន​ថា មិនគួរ​ចំណាយ​​ពេលវេលា​ឈ្លោះ​ជាមួយ​នរណា​ទេ ព្រោះ​បក្ស​មាន​កិច្ចការ​ច្រើនណាស់ ដើម្បី​ត្រៀម​ខ្លួន ឆ្ពោះទៅរក​ការបោះឆ្នោតឆាប់ៗខាងមុខ។
 
ដោយឡែក ការបត់បែន​សារ​នយោបាយ ទឹក​ក្តៅ​ផង ទឹក​ត្រជាក់​ផង យ៉ាង​រហ័ស​ដូច​ផ្លេក​បន្ទោរ របស់ លោក សម រង្ស៊ី បាន​ប្រព្រឹត្តិ​ទៅ ស្រប​ពេលដែល មួយរយៈ​ចុងក្រោយ​នេះ មាន​លេច​ធ្លាយ​កិច្ចសន្ទនា​រឿងអាស្រូវ​ស្នេហា​តាម​ទូរស័ព្ទ​ជាច្រើន ដែល​ត្រូវ ជន​អានា​មិ​ក​អះអាង​ថា មាន​តួអង្គ ឬ​ម្ចាស់​សម្លេង ជា ថ្នាក់ដឹកនាំ និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ រួមមាន​ទាំង លោក សម រង្ស៊ី ផ្ទាល់ខ្លួន​ផង។

តើ​អាច​នឹងមាន​តទៅទៀត​ដែរឬទេ ការទម្លាយ​កិច្ចសន្ទនា​គ្រោតគ្រាត ឬ​ផ្អែម​ល្អែ​ម តាម​ខ្សែ​ទូរ​សព្ទ័ ដែល​ជនអនាមិក​អះអាងថា ជា​សម្លេង​របស់​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ?

យ៉ាងណាក៏ដោយ ការផ្សព្វផ្សាយ​តាមរយៈ​ហ្វែ​ស​ប៊ុ​ក​បែបនេះ ទោះជា​ការពិត ឬ​ប្រឌិត​ក៏​ដោយ​​ចុះ វា​បាន និង​កំពុង​បន្ត​ប៉ៈ​ពាល់​យ៉ាងខ្លាំង​ដល់ សេចក្តីថ្លៃថ្នូ របស់​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​​​ជាតិ។ លោក សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច កាលពី​ថ្ងៃទី០៧ កុម្ភៈ បាន​ផ្តល់​​យោបល់​ឲ្យ ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលរង​ការចោទប្រកាន់​ប៉ាតណា​ប៉ាត​ណី​​នេះ ចេញមុខ​ដាក់ពាក្យ​ប្តឹង​ជា​ផ្លូវការ​ទៅ​តុលាការ ដើម្បី​បើក​កា​រសើប​អង្កេត រក​ការពិត។ តែ មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឆ្លើយតប​ថា ជា​រឿង​តូចតាច គ្មាន​ប្រយោជន៍ ខណៈ បក្ស​សង្គ្រោះ​ជាតិ មានរឿងធំៗជាង​នេះ ដែល​គួរផ្តោត​យកចិត្តទុកដាក់។

សរុបសេចក្តី​មកវិញ សារ​នយោបាយ​ទឹក​ក្តៅ​ផង និង​ទឹក​ត្រជាក់​ផង​របស់លោក សម រង្ស៊ី តាមរយៈ​ហ្វេ​ស​ប៊ុ​ក អាច​មិនមែនជា យុទ្ធសាស្ត្រ​នយោបាយ​របស់​បក្សប្រឆាំង ឬក៏​អាចជា​ការបែងចែក​តួនាទី​គ្នា រវាង​ប្រធាន និង​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ។ ទោះបីជា​យ៉ាងណា សារ​នយោបាយ​ភាគច្រើន​ក្តៅ និង​មួយចំនួន​តូច​ត្រជាក់ របស់លោក សម រង្ស៊ី ដែល​ជៈ​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ យ៉ាងហោចណាស់ វា​ក៏​អាច​ទាក់ទាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ឲ្យ​បន្ត​ចាប់អារម្មណ៍​លើ​ជោគវាសនា​របស់​មេបក្ស​ប្រឆាំង ដែល​កំពុង​បន្ត​រស់នៅ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ