អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​លទ្ធផលឆ្នោត​ឃុំ​សង្កាត់បញ្ជាក់​កាន់តែច្បាស់​ពី​ដំណើរ​ទៅ​រក​ការ​ផ្លាស់ប្តូរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ពេល​​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ​ អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ​ បា​នធ្វើ​ឲ្យបក្ស​ប្រជាជន​កម្ពុជា ភ្លឺ​ភ្នែក​រួច​ម្តង​ហើយ និង​ជា​ហេតុ​បង្ខំ​ឲ្យ​​បក្ស​កាន់អំណាច ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​យ៉ាង​ខ្លាំង​​។ នៅ​ពេល​នេះ បក្ស​សង្គ្រោះជាតិ បាន​មេឃុំ​ចៅសង្កាត់​ដល់ទៅ​ជិត​៥០០ គឺរឹតតែ​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​មិន​អាច​នៅ​ស្ងៀម​បាន​​ឡើយ​​។ ដូច្នេះ តើ​នេះគឺអាច​ជា​សញ្ញាណ​ដៅ​ទៅ​ការ​ផ្លាស់ប្តូរ​នៅទីបំផុត មែនដែរឬទេ​​?

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោកកឹ​ម សុខា បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ​ឃុំ សង្កាត់ អាណត្តិទី៤
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោកកឹ​ម សុខា បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ​ឃុំ សង្កាត់ អាណត្តិទី៤ SAMRANG PRING / REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​ទោះបី លទ្ធផល​បោះឆ្នោតផ្លូវ​ការ​ ពី​គ.ជ.ប. គឺមិនទាន់​បង្ហាញ​ពិត​មែន តែ​គណបក្ស​ប្រជាជន​កម្ពុជា និងគណប​​បក្សសង្គ្រោះជាតិ ដែល​បាន​ដាក់​ភ្នាក់ងារគណបក្ស​នយោបាយ​​របស់​ខ្លួន នៅ​គ្រប់​ការិយាល័យ​ទាំងអស់នោះ​ គឺ​សុទ្ធតែ​មាន​លទ្ធផល​របស់​ខ្លួន​រៀងៗខ្លួន។ 

ទិន្នន័យ​របស់​បក្ស​ធំៗ​ទាំង​ពីរនេះ គឺ​មិនសូវ​ជា​​ខុស​គ្នា​ ឬមាន​គម្លាត​​គ្នា​ឆ្ងាយ​ប៉ុន្មាន​ទេ។ ពោលគឺ​ក្នុង​ចំណោម ចំនួន​មេឃុំចៅសង្កាត់ ១ ៦៤៦ បក្ស​ប្រជាជនកម្ពុជា អះអាង​​ថា ខ្លួន​ទទួល​បាន​​មេឃុំ​ ប្រមាណ​​ជាង ១ ១៦៣ ឃុំ ហើយ​និង​ថា បក្ស​ប្រឆាំង​បានមេឃុំ ប្រហែល​ ​៤៨០។ ចំណែក​បក្ស​សង្គ្រោះជាតិវិញ​ បាន​គណនាទូទាត់ខ្លួន​ឯង​ដែរ និង​ចេញ​លទ្ធផល​ថា បក្ស​ខ្លួន​ បាន​មេឃុំ​ចៅសង្កាត់ ដល់ជិត​៥០០ ព្រមទាំង​​បាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​​ ជិត​ពាក់​កណ្តាល​នៃ​ផ្ទៃ​ប្រទេស​។

ប្រសិន​បើ​លទ្ធផល​សម្រេចផ្លូវ​ការ​ចុងក្រោយរបស់​គ.ជ.ប.​​ ចេញ​មក​ដូច​នឹង​ទិន្នន័យដែល​បក្ស​ធំៗ​ទាំង​ពីរ​មាន​រៀង​ៗ​ខ្លួន​មែន​នោះ​ គឺ​បញ្ជាក់​ច្បាស់​ណាស់​ថា បក្ស​ទាំង​ពីរ​បានទទួល​ជ័យ​ជម្នះ​រៀងៗខ្លួន​។

ចំពោះ​គណបក្សជាជន​កម្ពុជា ដែល​បក្ស​ឈ្នះ​ឆ្នោត​ជាប់រហូត! ជ័យ​ជម្នះ​របស់​បក្ស​នេះ គឺ​នៅ​តែ​បន្ត​ឈ្នះ​ឆ្នោត​ ភាគ​ច្រើន​ទៀត ក្នុង​ការ​បោះឆ្នោត​ឃុំស​ង្កាត់​នេះ ហើយ​ថែមទាំង​បាន​កើនឡើង​សំឡេង​ដល់ទៅ​ជាង​៣០ម៉ឺន​សំឡេង​ទៀតផង​។ នេះ​បើ​តាម​ការ​បូក​គន់គូរ​របស់​ ប្រធាន​បក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន តែម្តងផង​ ដែល​យកទៅធៀប​នឹងសំឡេង​កាលពី​ឆ្នាំ ២០១៣។​ កំណើន​សំឡេង​នេះ គឺ​ជា​​សមិទ្ធផលមិ​នអាច​ប្រកែក​បាន​ ពីកំណែទម្រង់​ស៊ីជម្រៅ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ បូករួម​ទាំង​កេរដំណែល ដែល​បក្ស​ប្រជាជនកម្ពុជា ​ខំ​កសាងនិងរក្សា​​បាន​សន្តិភាព ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។​

ចំពោះ​បក្ស​សង្គ្រោះជាតិ​វិញ! ប្រសិន​បើ​គេ​បូក​ចំនួន​មេឃុំ​របស់​បក្ស​សម រង្ស៊ី និងបក្ស​សិទ្ធិមនុស្ស រួម​បញ្ជូលគ្នា​ជាបក្ស​សង្គ្រោះជាតិ គឺមាន​មេឃុំ​ត្រឹមតែ​​ចំនួន​៤០តែប៉ុណ្ណោះ ​ កាលពី​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ នៅ​​ឆ្នាំ​២០១៧នេះ​ គឺវា​​បាន​កើត​ឡើង​ដល់ទៅ​១២ដងច្រើន​ជាងមុន កើន​ពី​៤០ ដល់ទៅ​ជិត ៥០០ មេឃុំ​ចៅសង្កាត់។ នេះជា​ចំនួន​ដែល​កើន​ឡើង​យ៉ាង​គំហុក ក្នុងរយៈ​ពេល៥​ឆ្នាំ និង​ប្រៀប​ធៀប​រវាង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ដូចគ្នា​។ទាំង​នេះ ផ្អែក​លើទិន្នន័យ​របស់​ប្រមុខ​បក្សសង្គ្រោះជាតិ លោក កឹម សុខា។

ជោគជ័យ​របស់បក្ស​​សង្គ្រោះជាតិ​ បើ​គេយល់​​ថា​ ដោយសារតែ​ផ្អែក​ទៅលើ​កម្មវិធី​នយោបាយ​ សារខ្លីៗ សាមញ្ញ ទាក់ទង​នឹង​លុយកាក់ ទាក់​ចិត្ត​ម្ចាស់ឆ្នោ​​នោះ គឺជា​រឿងសមហេតុផល​​មួយដែរ​ តែ​រឿង​ធំ​មួយ​ទៀត គឺ​ដោយសារ​តែ​ពលរដ្ឋ​អ្ន​កគាំទ្របក្ស​នេះ ចង់​ឃើញ​ដំណើរ​ការ​ផ្លាស់ប្តូរ​នៅ​មូលដ្ឋាន​របស់​ពួក​គេ។ ផ្លាស់ប្តូរនៅ​លើទិដ្ឋភាព​ សន្តិសុខ សុវត្ថិភាព បញ្ហា​គ្រឿងញៀន និង​ប្រព័ន្ធ​រដ្ឋបាល​ដែល​ស្មុគ​ស្មាញ ទៅកាន់របៀបធ្វើ​ការ​ថ្មីដែល​ងាយ​ស្រួល ឆាប់រហ័ស និង​​​គ្មាន​អំពើ​ពុករលួយ​។ និយាយ​បែប​ផ្សេង គឺពួក​គេ​ចង់​ឃើញ​ និង​ចង់​សាកភ្លក្ស​រសជាតិ​រចនា​សម្ព័ន្ធ​មូលដ្ឋានថ្មី  ជៀសវា​ង​នៅ​ទ្រាំត្រែង​នៅ​ប្រព័ន្ធ​រដ្ឋបាលថ្នាក់ក្រោម​ជាតិដដែលៗ ឬ​និយាយ​បែប​សាមញ្ញ គឺ​​ចង់​ប្តូរ​មេឃុំ​ចៅសង្កាត់​ថ្មី​។​

ចរន្ត​នៃការ​ចង់​ផ្លាស់ប្តូរ​នេះ គឺ​​ប្រភពធំ​បំផុត​ អាចមកពី​ក្រុម​យុវជន​ដែល​មាន​ចំនួន​ភាគ​ច្រើន​នៅ​ផ្ទៃ​ប្រទេស​។ យុវជន​ជាន់ថ្មី អាយុ​ក្រោម​៣៥ឆ្នាំ គឺតាំងតែពី​កើត​មក ធ្លាប់​តែ​​ឃើញ​មេឃុំ​ និងថ្នាក់​ដឹកនាំ​មូលដ្ឋាន​ មុខ​ដដែលៗ​។ ធម្មតាទេ របស់ថ្មី ប្លែក​ គឺទាក់​ទាញ​ចិត្ត​យុវជន។​ ជា​មួយគ្នានេះ ពួក​យុវជន​ គឺ​ជា​ពលរដ្ឋ​សកម្ម ដែល​ជា​អ្នក​ធ្វើ​​ការងារ ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ។ ដូច្នេះ តិច​ឬច្រើន ពួក​គេ​ច្បាស់​ជា​មាន​ឥទ្ធិពល​ផ្នែក​រក​ចំណូលក្នុង​គ្រួសារ​ តួយ៉ាង​មាន ក្រុម​កម្មករ​ ក្រុម​ពលករ នៅក្នុង​និងក្រៅ​ស្រុក ។

ក៏​ប៉ុន្តែ ​យ៉ាងណា​ក៏ដោយ ចំពោះការ​បោះឆ្នោតជាតិ​​នៅឆ្នាំ​ក្រោយវិញ​ ចរន្តដៅ​ទៅ​រក​ការ​ផ្លាស់ប្តូរ​ អាច​នឹង​មាន​ការ​ប្រែប្រួល។ ប្រែប្រួល ​ដ្បិត​ថា ចិត្ត​សាវា​របស់​ម្ចាស់​ឆ្នោត ដែល​អាច​នឹង​គ្រប់​វិនាទី។ ធំដុំ​ៗ​ជាង​នេះ គឺ​សកម្មភាព​សាច់​ការ​ជាក់​ស្តែង​ ដែល​ជា​សមិទ្ធផល​ពិត​​​របស់​មេឃុំ​ចៅ​សង្កាត់ សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ទាំង​អស់​របស់​បក្ស​ធំៗ​ទាំង​ពីរនេះ ដែល​គឺជាអ្នក​ដើរតួ​តំណាង​មុខ​មាត់​របស់​បក្ស​ពួក​គេទាំងពីរ។​ ផ្ទុយ​ទៅវិញ​ ប្រសិន​បើ​ពួក​គេ​ទាំង​នោះ គ្មាន​​គោរព​ការ​សន្យា ឬ​មិនអាច​ធ្វើ​បាន​ នូវ​កម្មវិធី​នយោបាយ​ បម្រើ​ប្រយោជន៍​ពលរដ្ឋ​ពិត​ប្រាកដនោះទេ ម្ចាស់​ឆ្នោត ក៏​អាច​នឹងប្រែប្រួល​ជា​បន្តទៀត នៅឆ្នាំ២០១៨​​។

ម្យ៉ាង​ទៀត ការ​បោះឆ្នោត​ឆ្នាំជាតិ នៅឆ្នាំក្រោយ​នេះ​ គឺវា​មាន​តម្លៃ​​ខុស​គ្នា​ពី​ការ​បោះឆ្នោត​ថ្នាក់​ឃុំសង្កាត់​។ ពោល​គឺ​ជាការ​បោះឆ្នោត​ជ្រើសរើស​​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ជាតិ​ទាំង​មូល តែម្តង​​។ ដូច្នេះ ចំនួន​អ្នក​ទៅចុះឈ្មោះបោះឆ្នោត​ និង​អ្នកទៅ​បោះឆ្នោត គឺក៏​អាច​នឹង​ខុស​គ្នាពី​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ឃុំ​សង្កាត់ នៅឆ្នាំនេះ​​ ហើយ​វា​ក៏​អាច​នឹង​ធ្វើ​ឲ្យ​លទ្ធផល​ប្រួលប្រែ​ផងដែរ។​

សម្រាប់​បក្ស​ប្រជាជនកម្ពុជា ក្នុងគ្រា​បច្ចុប្បន្ន​ បើ​ទោះបី​ជា​កើន​សំឡេង​គាំទ្រ​ ជាង​៣០ម៉ឺន​នាក់​ក៏ដោយ ប៉ុន្តែ​បក្ស​នេះ បាន​បាត់​បង់​អាសនៈ​មេឃុំ​ចៅ​សង្កាត់​ច្រើនសន្ធឹកសន្ធាប់​ ដល់ទៅ​​រាប់​រយកន្លែង​។ ហេតុ​នេះ គឺជា​សញ្ញាណ​ដែល​បង្ខំ​​​ឲ្យ​បក្សកាន់អំណាច រឹតតែ​ត្រូវ​ប្រឹង​ប្រែង​ទ្វេឡើង​ថែមទៀត ដើម្បី​រក្សា​មុខ​មាត់​នៅ​ឆ្នាំ​២០១៨ តាម​រយៈ​កំណែទម្រង់​ស៊ីជម្រៅ គឺត្រូវ​ងូតទឹក ឆ្លុះ​កញ្ចក់​ ដុសក្អែល និងព្យាបាល​ជំងឺ។ បើ​ពុំ​ដូច្នោះទេ​ អ្នក​គាំទ្រ​​របស់​បណ្តា​គណ​បក្ស​ប្រឆាំង​ទាំងឡាយ អាច​នឹង​ធ្វើ​ឲ្យ​បក្ស​កាន់អំណាច រឹង​រឹត​ភ្លឺភ្នែក​ជាថ្មីម្តងទៀត ជាមិន​ខាន នៅឆ្នាំក្រោយ​៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ