អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​តុលា​ការ​ប្រជាជន​ នៅ​តែ​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការ​ប្រជាជន គឺ​ជា​សកម្មភាព​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ជន​ល្មើស​នៅ​តាម​ដង​ផ្លូវ បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ចោរកម្ម ឥរិយាបថ​ខុស​ឆ្គង​ក្នុង​សង្គម ឬ​អំពើ​អាប​ធ្មប់​។ កាល​ពី​សប្ដាហ៍​មុន ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បានបង្ហាញ​កំណ​ត់​ត្រា​ករណី​តុលាការ​ប្រជាជន​នៅ​កម្ពុជា ​ក្នុង​រយៈ​ពេល​៨​ឆ្នាំ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៨​ ដែល​មាន​ចំនួន​៧៣​ករណី​​។ បើ​តាមប្រភព​ដដែល តួ​លេខ​នេះ អាច​ស្ថិត​នៅ​ឆ្ងាយ​ពី​តួ​លេខ​ជាក់​ស្ដែង ដោយ​សារ​តែ​ករណី​តុលាការ​ប្រជាជន ជា​រឿយ​ៗ មិន​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ​។ តើហេតុអ្វី​បាន​ជា​ប្រជាជន​​ខ្មែរ​និយម​​តាំង​ខ្លួន​ជា «តុលាការ» កាត់​ទោស​ជន​ល្មើសនៅ​តាម​ដង​ផ្លូវ ដោយ​ប្រើ​ប្រាស់​អំពើ​ហិង្សា​យ៉ាង​ដូច្នេះ​​? 

នគរបាលជាតិកំពុងដោះស្រាយរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ (រូបភាពតំណាង))
នគរបាលជាតិកំពុងដោះស្រាយរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ (រូបភាពតំណាង)) @FB
ផ្សាយពាណិជ្ជកម្ម

មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ទេ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ស្រុះស្រួល​មូល​មតិ​គ្នា​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស តាម​រយៈ​ការ​វាយ​ដំ​ច្រំធាក់​​រហូត​ដល់​ជន​ល្មើស​នៅ​សល់​តែ​ដង្ហើម​ចង្រឹត​ទើប​អស់​ចិត្ត​។

ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​កត់​ត្រា​ករណី​តុលាការ​ប្រជាជន​ចំនួន​៧៣​ករណី​​នៅ​កម្ពុជា នៅ​ក្នុង​រយៈ​ពេល​៨​ឆ្នាំ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៨​។ យ៉ាង​ណា​ក៏​ដោយ បើ​តាមប្រភព​ដដែល តួ​លេខ​នេះ អាច​ស្ថិត​នៅ​ឆ្ងាយ​ពី​តួ​លេខ​ជាក់​ស្ដែង ដោយ​សារ​តែ​ករណី​តុលាការ​ប្រជាជន ជា​រឿយ​ៗ មិន​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ​។

មានមូលហេតុ​​យ៉ាង​ហោច​ណាស់បី​យ៉ាង ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ តាំង​ខ្លួន​ជា «តុលាការ» កាត់​សេចក្ដី​ទៅ​លើ​ជនណា​ដែល​ប្រព្រឹត្ត​ល្មើស​តាម​ដង​ផ្លូវ ដោយ​ការ​ព្រួត​គ្នា​វាយ​ដំ​ច្រំ​ធាក់​គ្មាន​ត្រា​ប្រណី​។

មូលហេតុ​ទី​១៖ គឺ​ដោយ​សារ​តែ​ការ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​​។ ជា​ការ​ពិត ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ត្រូវ​បាន​កត់​សម្គាល់​ជា​ទូទៅ​ថា មិន​ទាន់​បំពេញ​តួនាទី​ត្រឹមត្រូវ​ដើម្បី​បុព្វហេតុ​យុត្តិធម៌​នៅ​ឡើយ​។ ដោយ​សារ​តែ​មូលហេតុនេះ​ហើយ ទើបបាន​ជា​នៅ​ពេល​មាន​រឿង​ហេតុ​អាក្រក់​កើត​ឡើង​ម្ដង​ៗ ​​ប្រជាពលរដ្ឋ​មួយ​ចំនួនមិនចង់​រង់​ចាំ​ឲ្យ​តុលាការ​កាត់​ក្ដី ហើយ​​សម្រេច​ចិត្តផ្ដន្ទោទោស​ជន​ល្មើស​ដោយ​ដៃ​ខ្លួន​ឯង​តែ​ម្ដង​​។

មូលហេតុ​ទី​២៖ ​អាច​បណ្ដាល​មក​ពី​អារម្មណ៍​ខឹង​សម្បារ​របស់​ប្រជាពលរដ្ឋ បូក​រួម​នឹង​ការ​យល់​ដឹង​ពី​ច្បាប់​នៅ​មាន​កម្រិត​ផង ទើប​ជំរុញ​ឲ្យ​ពួក​គាត់ ហ៊ាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស​។ ប្រជាពលរដ្ឋ​ខ្មែរ មិន​​​ដែល​ឃើញ​អ្នក​ដែល​វាយដំ​ទៅ​លើ​ជន​ល្មើស​កន្លង​មក ជាប់​ទោសទណ្ឌ​អ្វី​សោះ​ឡើយ ទើប​បាន​ជា​ចេះ​តែ​ហ៊ាន​ប្រព្រឹត្ត​ក្លាយ​ជា​ទម្លាប់​។ បើ​ទោះ​បី​ជា​មែន​ទែន​ទៅ គ្មាន​ច្បាប់​ណាមួយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​វាយ​ដំ​ទៅ​លើជន​ដទៃ​បាន​ទេ បើ​ទោះ​បី​ជា​ជន​នោះ បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ក្ដី​។

ចំណែក​មូលហេតុ​ទី​៣៖ គឺ​បណ្ដាល​មក​ពី​អន្តរាគមន៍​មិន​ទាន់​ពេល​វេលា​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច នៅ​ក្នុង​ហេតុការណ៍​ល្មើស​នានា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​គ្រប់​គ្រាន់​ក្នុង​ការ​វាយ​ដំ​ទៅលើ​ជន​ប្រព្រឹត្ត​ល្មើស​។

សព្វ​ថ្ងៃ ថ្វី​ត្បិត​តែ​ករណី​ព្រួត​វាយ​ទៅ​លើ​ជន​ល្មើស​នៅ​ក្នុង​សង្គម​ខ្មែរ មិន​សូវកើត​ឡើង​ញឹកញាប់​ក៏​ដោយ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​និង​សិទ្ធិ​មនុស្ស​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ចង់​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​បង្ការ​ហេតុការណ៍​នេះ​កុំ​ឲ្យ​កើត​ឡើង​​ទៀត​។ មិន​ចង់​ឲ្យ​កើត​ឡើង​ព្រោះ ការ​​​​តាំង​ខ្លួន​ជា «តុលាការ» កាត់​ទោស​ជន​ល្មើស​នៅ​លើ​ដង​ផ្លូវរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច្នេះ ​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់ទេ​ ហើយ​ល្មើស​​​​នឹង​គោលការណ៍​សិទ្ធិ​មនុស្ស​​។ ជាង​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​ដែល​​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ជន​ល្មើស​រំលង​ច្បាប់​ដូច្នេះ អាច​ប្រឈម​នឹង​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ថែម​ទៀត​ផង​។

ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ ការ​បង្ការ​រឿង​ហេតុ​អកុសល​ដូច្នេះ​កុំ​ឲ្យ​កើត​ឡើង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ហើយ​វា​ត្រូវ​ការ​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ច្រើន​។ ក្នុង​នោះ ប្រព័ន្ធ​យុត្តិធម៌​គួរ​តែ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់មក​ជឿជាក់​ឡើង​វិញ​។ ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ រាប់​ចាប់​តាំង​ពី​ឯករាជ្យភាព​របស់​តុលាការ និង​ប្រព័ន្ធ​ច្បាប់​ដែល​រឹង​មាំ ដើម្បី​ធានា​ថា អ្នក​ណា​ក៏​ដោយ ឲ្យ​តែ​ប្រព្រឹត្ត​ខុស នឹង​ត្រូវ​បានផ្ដន្ទោសទោស​ទាំង​អស់​យ៉ាង​ស្មើ​ភាព​គ្នា​ជា​ទី​បំផុត​។

សម្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ ​​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ យល់​ឃើញ​ថា ការ​បង្ការ​បទ​ល្មើស​កុំ​ឲ្យ​កើត​មាន​តែ​ម្ដង វា​ជា​រឿង​មិន​អាច​ទៅ​រួច​។ ប៉ុន្តែ​ពួក​គាត់​លើក​ទឹក​ចិត្ត​ឲ្យ​សមត្ថកិច្ច​​បង្កើន​ល្បឿន​ធ្វើ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​ល្មើស​ច្បាប់​នានា​ឲ្យ​បាន​ឆាប់​រហ័ស​។ អន្តរាគមន៍​ឆាប់​រហ័ស គឺ​ជា​ការ​ធានា​បឋម​ថា ជន​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ឃាត់​ខ្លួន​បាន​ទាន់​ពេល​វេលា ហើយ​ការ​កាត់ទោស​ប្រើ​ហិង្សា​ណាមួយ​ពី​សាធារណជន​ទៅ​លើ​ជន​ល្មើស នឹង​ត្រូវ​កាត់​បន្ថយ​បាន បើ​មិន​ទាំង​ស្រុង​ក៏​បាន​ខ្លះ​ដែរ​។

ចុង​ក្រោយ សម្រាប់​ប្រជាពលរដ្ឋ។ ការ​ប្រើ​ប្រាស់​ហិង្សា​របស់​ពួក​គាត់​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស គឺ​ជា​ភស្តុតាង​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គាត់​ស្អប់​ខ្ពើម​អំពើ​អាក្រក់ ហើយ​ស្រេក​ឃ្លាន​យុត្តិធម៌​។ ប៉ុន្តែ​ពលរដ្ឋ​គួរ​កុំ​ភ្លេច​ថា អំពើ​ហិង្សា​នេះ គឺ​ខុស​នឹង​ច្បាប់។ ដូច្នេះ ក្នុង​ករណី​ណា​ក៏​ដោយ គេ​មិន​គួរ​បង្ក្រាប​បទ​ល្មើស​មួយ​ដោយ​បង្កើត​បទ​ល្មើស​មួយ​ទៀត​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ