តុលាការប្រជាជន នៅតែពេញនិយមក្នុងសង្គមខ្មែរ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៩
តុលាការប្រជាជន គឺជាសកម្មភាពប្រើប្រាស់អំពើហិង្សាលើជនល្មើសនៅតាមដងផ្លូវ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីចោរកម្ម ឥរិយាបថខុសឆ្គងក្នុងសង្គម ឬអំពើអាបធ្មប់។ កាលពីសប្ដាហ៍មុន ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បានបង្ហាញកំណត់ត្រាករណីតុលាការប្រជាជននៅកម្ពុជា ក្នុងរយៈពេល៨ឆ្នាំ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ដែលមានចំនួន៧៣ករណី។ បើតាមប្រភពដដែល តួលេខនេះ អាចស្ថិតនៅឆ្ងាយពីតួលេខជាក់ស្ដែង ដោយសារតែករណីតុលាការប្រជាជន ជារឿយៗ មិនត្រូវបានគេរាយការណ៍ឡើយ។ តើហេតុអ្វីបានជាប្រជាជនខ្មែរនិយមតាំងខ្លួនជា «តុលាការ» កាត់ទោសជនល្មើសនៅតាមដងផ្លូវ ដោយប្រើប្រាស់អំពើហិង្សាយ៉ាងដូច្នេះ?
មិនមែនជារឿងចម្លែកអ្វីទេ នៅពេលដែលប្រជាពលរដ្ឋខ្មែរ ស្រុះស្រួលមូលមតិគ្នាដាក់ទោសទណ្ឌទៅលើជនប្រព្រឹត្តល្មើស តាមរយៈការវាយដំច្រំធាក់រហូតដល់ជនល្មើសនៅសល់តែដង្ហើមចង្រឹតទើបអស់ចិត្ត។
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បានកត់ត្រាករណីតុលាការប្រជាជនចំនួន៧៣ករណីនៅកម្ពុជា នៅក្នុងរយៈពេល៨ឆ្នាំ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ បើតាមប្រភពដដែល តួលេខនេះ អាចស្ថិតនៅឆ្ងាយពីតួលេខជាក់ស្ដែង ដោយសារតែករណីតុលាការប្រជាជន ជារឿយៗ មិនត្រូវបានគេរាយការណ៍ឡើយ។
មានមូលហេតុយ៉ាងហោចណាស់បីយ៉ាង ដែលជំរុញឲ្យប្រជាពលរដ្ឋខ្មែរ តាំងខ្លួនជា «តុលាការ» កាត់សេចក្ដីទៅលើជនណាដែលប្រព្រឹត្តល្មើសតាមដងផ្លូវ ដោយការព្រួតគ្នាវាយដំច្រំធាក់គ្មានត្រាប្រណី។
មូលហេតុទី១៖ គឺដោយសារតែការបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ខ្មែរ។ ជាការពិត ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានកត់សម្គាល់ជាទូទៅថា មិនទាន់បំពេញតួនាទីត្រឹមត្រូវដើម្បីបុព្វហេតុយុត្តិធម៌នៅឡើយ។ ដោយសារតែមូលហេតុនេះហើយ ទើបបានជានៅពេលមានរឿងហេតុអាក្រក់កើតឡើងម្ដងៗ ប្រជាពលរដ្ឋមួយចំនួនមិនចង់រង់ចាំឲ្យតុលាការកាត់ក្ដី ហើយសម្រេចចិត្តផ្ដន្ទោទោសជនល្មើសដោយដៃខ្លួនឯងតែម្ដង។
មូលហេតុទី២៖ អាចបណ្ដាលមកពីអារម្មណ៍ខឹងសម្បាររបស់ប្រជាពលរដ្ឋ បូករួមនឹងការយល់ដឹងពីច្បាប់នៅមានកម្រិតផង ទើបជំរុញឲ្យពួកគាត់ ហ៊ានព្រួតគ្នាប្រើអំពើហិង្សាទៅលើជនប្រព្រឹត្តល្មើស។ ប្រជាពលរដ្ឋខ្មែរ មិនដែលឃើញអ្នកដែលវាយដំទៅលើជនល្មើសកន្លងមក ជាប់ទោសទណ្ឌអ្វីសោះឡើយ ទើបបានជាចេះតែហ៊ានប្រព្រឹត្តក្លាយជាទម្លាប់។ បើទោះបីជាមែនទែនទៅ គ្មានច្បាប់ណាមួយបើកផ្លូវឲ្យមានការវាយដំទៅលើជនដទៃបានទេ បើទោះបីជាជននោះ បានប្រព្រឹត្តខុសច្បាប់ក្ដី។
ចំណែកមូលហេតុទី៣៖ គឺបណ្ដាលមកពីអន្តរាគមន៍មិនទាន់ពេលវេលារបស់កងកម្លាំងមានសមត្ថកិច្ច នៅក្នុងហេតុការណ៍ល្មើសនានា ដែលធ្វើឲ្យប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការវាយដំទៅលើជនប្រព្រឹត្តល្មើស។
សព្វថ្ងៃ ថ្វីត្បិតតែករណីព្រួតវាយទៅលើជនល្មើសនៅក្នុងសង្គមខ្មែរ មិនសូវកើតឡើងញឹកញាប់ក៏ដោយ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់និងសិទ្ធិមនុស្ស បានសម្ដែងការព្រួយបារម្ភ និងចង់ឲ្យអាជ្ញាធរចាត់វិធានការបង្ការហេតុការណ៍នេះកុំឲ្យកើតឡើងទៀត។ មិនចង់ឲ្យកើតឡើងព្រោះ ការតាំងខ្លួនជា «តុលាការ» កាត់ទោសជនល្មើសនៅលើដងផ្លូវរបស់ប្រជាពលរដ្ឋខ្មែរដូច្នេះ មិនត្រូវបានអនុញ្ញាតដោយច្បាប់ទេ ហើយល្មើសនឹងគោលការណ៍សិទ្ធិមនុស្ស។ ជាងនេះទៅទៀត ប្រជាពលរដ្ឋដែលប្រើប្រាស់អំពើហិង្សាទៅលើជនល្មើសរំលងច្បាប់ដូច្នេះ អាចប្រឈមនឹងចំណាត់ការតាមផ្លូវច្បាប់ថែមទៀតផង។
ប៉ុន្តែយ៉ាងណាក៏ដោយ ការបង្ការរឿងហេតុអកុសលដូច្នេះកុំឲ្យកើតឡើងត្រូវបានគេមើលឃើញថា មិនមែនជារឿងងាយស្រួលទេ ហើយវាត្រូវការការចូលរួមពីភាគីពាក់ព័ន្ធច្រើន។ ក្នុងនោះ ប្រព័ន្ធយុត្តិធម៌គួរតែត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋត្រឡប់មកជឿជាក់ឡើងវិញ។ ការពង្រឹងប្រព័ន្ធយុត្តិធម៌ រាប់ចាប់តាំងពីឯករាជ្យភាពរបស់តុលាការ និងប្រព័ន្ធច្បាប់ដែលរឹងមាំ ដើម្បីធានាថា អ្នកណាក៏ដោយ ឲ្យតែប្រព្រឹត្តខុស នឹងត្រូវបានផ្ដន្ទោសទោសទាំងអស់យ៉ាងស្មើភាពគ្នាជាទីបំផុត។
សម្រាប់អាជ្ញាធរមានសមត្ថកិច្ច។ អ្នកឃ្លាំមើលបញ្ហាសង្គម យល់ឃើញថា ការបង្ការបទល្មើសកុំឲ្យកើតមានតែម្ដង វាជារឿងមិនអាចទៅរួច។ ប៉ុន្តែពួកគាត់លើកទឹកចិត្តឲ្យសមត្ថកិច្ចបង្កើនល្បឿនធ្វើអន្តរាគមន៍ក្នុងហេតុការណ៍ល្មើសច្បាប់នានាឲ្យបានឆាប់រហ័ស។ អន្តរាគមន៍ឆាប់រហ័ស គឺជាការធានាបឋមថា ជនប្រព្រឹត្តល្មើសនឹងត្រូវឃាត់ខ្លួនបានទាន់ពេលវេលា ហើយការកាត់ទោសប្រើហិង្សាណាមួយពីសាធារណជនទៅលើជនល្មើស នឹងត្រូវកាត់បន្ថយបាន បើមិនទាំងស្រុងក៏បានខ្លះដែរ។
ចុងក្រោយ សម្រាប់ប្រជាពលរដ្ឋ។ ការប្រើប្រាស់ហិង្សារបស់ពួកគាត់ទៅលើជនប្រព្រឹត្តល្មើស គឺជាភស្តុតាងមួយបង្ហាញយ៉ាងច្បាស់ថា ពួកគាត់ស្អប់ខ្ពើមអំពើអាក្រក់ ហើយស្រេកឃ្លានយុត្តិធម៌។ ប៉ុន្តែពលរដ្ឋគួរកុំភ្លេចថា អំពើហិង្សានេះ គឺខុសនឹងច្បាប់។ ដូច្នេះ ក្នុងករណីណាក៏ដោយ គេមិនគួរបង្ក្រាបបទល្មើសមួយដោយបង្កើតបទល្មើសមួយទៀតឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ