បរិស្ថានល្អ គ្មានសំរាម អាស្រ័យដោយឆន្ទៈរួមគ្នារវាងអាជ្ញាធរ ក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៥
នៅក្នុងឱកាសនៃទិវាបរិស្ថានពិភពលោកឆ្នាំ២០១៩ ក្រោមប្រធានបទ«ការពារភពផែនដីដើម្បីទាំងអស់គ្នា» ដែលត្រូវបានកំណត់យកថ្ងៃ០៥ខែមិថុនា ជារៀងរាល់ឆ្នាំ សំរាមគឺជាបញ្ហាដ៏ចំបងមួយ ដែលទាក់ទងយ៉ាងពិតប្រាកដទៅនឹងបញ្ហាបរិស្ថាន។ នៅប្រទេសកម្ពុជា សំរាមជាពិសេសនៅតាមទីសាធារណៈ នៅតែជាបញ្ហាចោទនៅឡើយ ខណៈប្រទេសនេះ កំពុងទទួលបាននូវការអភិវឌ្ឍ និងធ្វើដំណើរទៅរកប្រទេស ដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
ដោយមិននិយាយពីតំបន់ជនបទ ដែលភាគច្រើនជីកសំរាមកប់ ឬដុតចោលនោះ ទីប្រជុំជនសំខាន់ៗ នៃរាជធានី ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា នៅតែប្រឈមនឹងបញ្ហាសំរាមនៅឡើយ។ ការប្រឈមនោះ គឺការចោលសំរាមពាសវាលពាសកាលតាមទីសាធារណៈ ពីសំណាក់ប្រជាពលរដ្ឋ ដែលមិនបានយល់ដឹងពីបញ្ហាបរិស្ថាន អនាម័យ និងមិនខ្វល់ពីសោភ័ណ្ឌភាពអ្វីទាំងអស់។
បញ្ហាសំរាមនេះ នៅតែនិយាយដដែលៗថា វាជាប់ទាក់ទងទៅនឹងការទទួលខុសត្រូវទាំងអស់គ្នា ក្នុងនោះមានអាជ្ញាធរ ក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋ គ្រាន់តែកំរិតនៃការទទួលខុសត្រូវមិនដូចគ្នា។ ជាទូទៅ ដូចជានៅរាជធានីភ្នំពេញ អាជ្ញាធរក្រុង តែងណែនាំដល់រដ្ឋបាលខណ្ឌទាំងអស់ ឲ្យយកចិត្តទុកដាក់ ពង្រឹងដល់ភ្នាក់ងារប្រមូលសំរាមនៅតាមសង្កាត់ សហការឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់បរិស្ថាន និងធ្វើយ៉ាងណាពង្រឹងយន្តការដែលមានស្រាប់ ខណៈដែលក្រុមហ៊ុនស៊ីនទ្រី ជាអ្នកទទួលបានសិទ្ធិប្រមូលសំរាម។
សមត្ថកិច្ចខណ្ឌទាំងអស់ និងមន្ត្រីពាក់ព័ន្ធនានាត្រូវបានជម្រុញឲ្យធ្វើការផាកពិន័យទៅលើបុគ្គល ដែលចោលសំរាមតាមទីសាធារណៈ ដែលបញ្ហានេះ មានចែងនៅក្នុងច្បាប់អន្តរក្រសួង។ ទោះយ៉ាងណា ដំណើរការនៃការផាកពិន័យ ហាក់ដូចជាមិនមាននិរន្តភាព និងប្រសិទ្ធភាពទេ ទំនងដោយសារខ្វះឆន្ទៈនៅក្នុងការអនុវត្ត។ វាគួរតែដល់ពេលហើយ រឿងសំរាម និងបរិស្ថាននេះ ខណៈប្រទេសកម្ពុជាកំពុងតែធ្វើដំណើរពីប្រទេសតតិយលោក ឆ្ពោះទៅរកប្រទេស ដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
កាលពីពេលថ្មីៗនេះ មានក្រុមយុវជនមួយក្រុម ក្រោមឈ្មោះថា«យុវជនសម្រាម» បានចាប់ផ្តើម ចុះប្រមូលសម្រាម ភាគច្រើនជាថង់ផ្លាស្ទិក និងប្រអប់ស្នោរ ដែលកកក្រាស់ក្រែលនៅលើប្រលាយទឹកស្អុយបឹងត្របែក រាប់ខែរាប់ឆ្នាំមកហើយនោះឲ្យស្រលះពីប្រឡាយ និងប្រែក្លាយទីនោះជាកន្លែង ដែលមានសោភ័ណ្ឌភាព និងបរិស្ថាន។ កាយវិការនេះ គឺជាគំរូដ៏ល្អមួយ ដែលបានពញ្ញាក់ដល់អាជ្ញាធរដែនដីផង និងជាសារមួយប្រាប់ទៅប្រជាពលរដ្ឋខ្មែរផង ថាបញ្ហាអនាម័យ និងបរិស្ថានពិតជាសំខាន់សម្រាប់ជីវិតរស់នៅ ដែលបញ្ហានេះមិនអាចទុកចោលស្រកេកស្រកាកបានទេ។
ជាមួយគ្នានេះ អាជ្ញាធរដែនដី គួរមានការលើកទឹកចិត្ត និងជួយជម្រុញសកម្មភាពស្ម័គ្រចិត្ត បែបនេះបន្ថែមទៀត ដើម្បីជាផ្នែកមួយចូលរួមធ្វើឲ្យទីក្រុងស្អាត ប្រកបដោយបរិស្ថានពិតៗ។
ងាកទៅមើលប្រជាពលរដ្ឋវិញ ទោះជាមានការផ្សព្វផ្សាយ អប់រំ ណែនាំពីការទុកដាក់សម្រាម ពីការរួមគ្នារក្សាអនាម័យនិងបរិស្ថានក៏ដោយ ក៏ប្រជាពលរដ្ឋខ្លះ នៅតែមិនយល់ និងផ្តល់សារៈសំខាន់ដល់បញ្ហាបរិស្ថាននេះដែរ។ វាជាឥរិយាបទមិនជឿនលឿន និងជាទំលាប់អាក្រក់ពិបាកនឹងផ្លាស់ប្តូរ ដែលបានកើតមាននៅក្នុងប្រពៃណីរស់នៅរបស់ពលរដ្ឋខ្មែរជាយូរមកហើយ។ ដូច្នេះ មានតែយកច្បាប់មកអនុវត្តឲ្យបានម៉ឺងម៉ាត់ទេ ដែលអាចធ្វើឲ្យឥរិយាបទខុសឆ្គងរបស់ពលរដ្ឋខ្មែរមួយចំនួនមានការផ្លាស់ប្តូរ និងត្រូវធ្វើឡើងដោយមាននិរន្តរភាព។
ដោយឡែក ក្រុមហ៊ុន ប្រមូលសម្រាមវិញ ជាញឹកញយក្រុមហ៊ុន តែងលើកឡើងពីឥរិយាបទរបស់ប្រជាពលរដ្ឋមួយចំនួន ដែលមិនយល់ពីរបៀបទុកដាក់សម្រាម។ ក្រុមហ៊ុន និងប្រជាពលរដ្ឋពេលខ្លះ បានចោទប្រកាន់គ្នាទៅវិញទៅមក ដោយប្រជាពលរដ្ឋច្រើនលើកឡើងថាការប្រមូលសម្រាមតែងមានការយឺតយ៉ាវ ធ្វើឲ្យសម្រាមនៅតាមតំបន់មួយចំនួនប៉ះពាល់ដល់បរិស្ថាន ដោយសារតែសភាពរលួយស្អុយ និងជះក្លិនមិនល្អ។
ផ្ទុយទៅវិញ ក្រុមហ៊ុនប្រមូលសម្រាម បានទំលាក់កំហុសទៅលើប្រជាពលរដ្ឋមួយចំនួនថា មិនគោរពម៉ោងពេលទុកដាក់សម្រាមច្បាស់លាស់។ លើសពីនេះ ការវេចខ្ចប់ក៏មិនបានល្អ ជាហេតុធ្វើឲ្យមានការរាយប៉ាយ ឬធ្វើឲ្យសត្វកាយពេញផ្លូវ នាំឲ្យបាត់សោភ័ណ្ឌភាព។ ចំណុចនេះ គួរតែមានការដោះស្រាយគ្នាឲ្យបានច្បាស់លាស់ ចៀសវាងមានការចោទប្រកាន់គ្នា ដែលធ្វើឲ្យបាត់បង់ប្រយោជន៍បរិស្ថានទាំងមូល។
ដូច្នេះ បញ្ហាសម្រាមនេះ គួរទាមទារឲ្យមានការបង្កើនការអប់រំបន្ថែមទៀត គ្មានពេលកំណត់ ខណៈប្រជាពលរដ្ឋខ្មែរមួយចំនួន បានរស់នៅក្នុងស្ថានភាពក្រីក្រ ឬក្រគំនិត ការយល់ដឹងរបស់ពួកគាត់ពីបញ្ហាបរិស្ថាន និងអនាម័យនៅមានកម្រិត។ ការអប់រំ ផ្សព្វផ្សាយទៀតសោធ ក៏ត្រូវធ្វើឡើងចាប់តាំងពីថ្នាក់លើ ពោលគឺចាប់តាំងពីក្រសួងបរិស្ថាន រហូតដល់ស្ថាប័នសាធារណៈ និងឯកជននានា តាមសាលារៀន ជាពិសេសនៅក្នុងរង្វង់គ្រួសារ។
ជាមួយគ្នានេះ ច្បាប់ និងការដាក់ពិន័យគឺជាបន្ទាត់តែមួយគត់ ដែលត្រូវតែដាក់ឲ្យអនុវត្ត អមនឹងការអប់រំ ដោយហេតុថា បញ្ហាអវិជ្ជមាននីមួយៗ មិនអាចស្ថិតនៅតែត្រឹមការអប់រំជារៀងរហូតបានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ