អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​បរិស្ថាន​ល្អ គ្មាន​សំរាម អាស្រ័យ​ដោយ​ឆន្ទៈ​រួម​គ្នា​រវាង​អាជ្ញាធរ ក្រុម​ហ៊ុន​ប្រមូល​សំរាម និង​ប្រជា​ពលរដ្ឋ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ឱកាស​នៃ​ទិវា​បរិស្ថាន​ពិភព​លោក​ឆ្នាំ​២០១៩ ក្រោម​ប្រធាន​បទ«ការពារ​ភព​ផែន​ដី​ដើម្បី​ទាំង​អស់​គ្នា» ដែល​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​០៥​ខែ​មិថុនា ជា​រៀង​រាល់​ឆ្នាំ សំរាម​គឺ​ជា​បញ្ហា​ដ៏​ចំបង​មួយ ដែល​ទាក់​ទង​យ៉ាង​ពិត​ប្រាកដ​ទៅ​នឹង​បញ្ហា​បរិស្ថាន​។ នៅ​ប្រទេស​កម្ពុជា សំរាម​ជា​ពិសេស​នៅ​តាម​ទីសាធារណៈ នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ឡើយ ខណៈ​ប្រទេស​នេះ កំពុង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ និង​ធ្វើ​ដំណើរ​ទៅ​រក​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ២០៣០​។ 

កាក​សំណល់​សំរាម ដែល​មិន​មាន​អ្នក​ប្រមូល
កាក​សំណល់​សំរាម ដែល​មិន​មាន​អ្នក​ប្រមូល RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដោយ​មិន​និយាយ​ពី​តំបន់​ជន​បទ ដែល​ភាគ​ច្រើន​ជីក​សំរាម​កប់ ឬ​ដុត​ចោល​នោះ ទី​ប្រជុំ​ជន​សំខាន់ៗ នៃ​រាជធានី ខេត្ត ក្រុង ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ប្រឈម​នឹង​បញ្ហា​សំរាម​នៅ​ឡើយ​។ ការ​ប្រឈម​នោះ គឺ​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​តាម​ទី​សាធារណៈ ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​មិន​បាន​យល់​ដឹង​ពី​បញ្ហា​បរិស្ថាន អនាម័យ និង​មិន​ខ្វល់​ពី​សោភ័ណ្ឌភាព​អ្វី​ទាំង​អស់​។

បញ្ហា​សំរាម​នេះ នៅ​តែ​និយាយ​ដដែលៗ​ថា វា​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា ក្នុង​នោះ​មាន​អាជ្ញាធរ ក្រុម​ហ៊ុន​ប្រមូល​សំរាម និង​ប្រជា​ពល​រដ្ឋ គ្រាន់​តែ​កំរិត​នៃ​ការ​ទទួល​ខុស​ត្រូវ​មិន​ដូច​គ្នា​។ ជា​ទូទៅ ដូច​ជា​នៅ​រាជ​ធានី​ភ្នំពេញ អាជ្ញាធរ​ក្រុង តែង​ណែ​នាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់ ពង្រឹង​ដល់​ភ្នាក់​ងារ​ប្រមូល​សំរាម​នៅ​តាម​សង្កាត់ សហ​ការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​លើក​កម្ពស់​បរិស្ថាន និង​ធ្វើ​យ៉ាង​ណា​ពង្រឹង​យន្ត​ការ​ដែល​មាន​ស្រាប់ ខណៈ​ដែល​ក្រុម​ហ៊ុន​ស៊ីន​ទ្រី ជា​អ្នក​ទទួល​បាន​សិទ្ធិ​ប្រមូល​សំរាម​។

សមត្ថកិច្ច​ខណ្ឌ​ទាំង​អស់ និង​មន្ត្រី​ពាក់​ព័ន្ធ​នានា​ត្រូវ​បាន​ជម្រុញ​ឲ្យ​ធ្វើ​ការ​ផាក​ពិន័យ​ទៅ​លើ​បុគ្គល ដែល​ចោល​សំរាម​តាម​ទីសាធារណៈ ដែល​បញ្ហា​នេះ មាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តរ​ក្រសួង​។ ទោះ​យ៉ាង​ណា ដំណើរ​ការ​នៃ​ការ​ផាក​ពិន័យ ហាក់​ដូច​ជា​មិន​មាន​និរន្ត​ភាព និង​ប្រសិទ្ធ​ភាព​ទេ ទំនង​ដោយ​សារ​ខ្វះ​ឆន្ទៈ​នៅ​ក្នុង​ការ​អនុវត្ត​។ វា​គួរ​តែ​ដល់​ពេល​ហើយ រឿង​សំរាម និង​បរិស្ថាន​នេះ ខណៈ​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ប្រទេស​តតិយ​លោក ឆ្ពោះ​ទៅ​រក​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ក្រុម​យុវជន​មួយ​ក្រុម ក្រោម​ឈ្មោះ​ថា«យុវជន​សម្រាម» បាន​ចាប់​ផ្តើម ចុះ​ប្រមូល​សម្រាម ភាគ​ច្រើន​ជា​ថង់​ផ្លា​ស្ទិក និង​ប្រអប់​ស្នោរ ដែល​កក​ក្រាស់​ក្រែល​នៅ​លើ​ប្រលាយ​ទឹក​ស្អុយ​បឹង​ត្របែក រាប់​ខែ​រាប់​ឆ្នាំ​មក​ហើយ​នោះ​ឲ្យ​ស្រលះ​ពី​ប្រឡាយ និង​ប្រែ​ក្លាយ​ទីនោះ​ជា​កន្លែង ដែល​មាន​សោភ័ណ្ឌ​ភាព និង​បរិស្ថាន​។ កាយ​វិការ​នេះ គឺ​ជា​គំរូ​ដ៏​ល្អ​មួយ ដែល​បាន​ពញ្ញាក់​ដល់​អាជ្ញាធរ​ដែន​ដី​ផង និង​ជា​សារ​មួយ​ប្រាប់​ទៅ​ប្រជាពល​រដ្ឋ​ខ្មែរ​ផង ថា​បញ្ហា​អនាម័យ និង​បរិស្ថាន​ពិត​ជា​សំខាន់​សម្រាប់​ជីវិត​រស់​នៅ ដែល​បញ្ហា​នេះ​មិន​អាច​ទុក​ចោល​ស្រកេក​ស្រកាក​បាន​ទេ​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ដែន​ដី គួរ​មាន​ការ​លើក​ទឹក​ចិត្ត និង​ជួយ​ជម្រុញ​សកម្មភាព​ស្ម័គ្រ​ចិត្ត បែប​នេះ​បន្ថែម​ទៀត ដើម្បី​ជា​ផ្នែក​មួយ​ចូល​រួម​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត ប្រកប​ដោយ​បរិស្ថាន​ពិតៗ​។

ងាក​ទៅ​មើល​ប្រជាពល​រដ្ឋ​វិញ ទោះ​ជា​មាន​ការ​ផ្សព្វ​ផ្សាយ អប់រំ ណែ​នាំ​ពី​ការ​ទុក​ដាក់​សម្រាម ពី​ការ​រួម​គ្នា​រក្សា​អនាម័យ​និង​បរិស្ថាន​ក៏​ដោយ ក៏​ប្រជាពល​រដ្ឋ​ខ្លះ នៅ​តែ​មិន​យល់ និង​ផ្តល់​សារៈ​សំខាន់​ដល់​បញ្ហា​បរិស្ថាន​នេះ​ដែរ​។ វា​ជា​ឥរិយាបទ​មិន​ជឿន​លឿន និង​ជា​ទំលាប់​អាក្រក់​ពិបាក​នឹង​ផ្លាស់​ប្តូរ ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រពៃណី​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ជា​យូរ​មក​ហើយ​។ ដូច្នេះ មាន​តែ​យក​ច្បាប់​មក​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ទេ ដែល​អាច​ធ្វើ​ឲ្យ​ឥរិយាបទ​ខុស​ឆ្គង​របស់​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​ការ​ផ្លាស់​ប្តូរ និង​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​និរន្តរ​ភាព​។

ដោយ​ឡែក ក្រុម​ហ៊ុន ប្រមូល​សម្រាម​វិញ ជា​ញឹក​ញយ​ក្រុមហ៊ុន តែង​លើក​ឡើង​ពីឥ​រិយាបទ​របស់​ប្រជាពល​រដ្ឋ​មួយ​ចំនួន ដែល​មិន​យល់​ពី​របៀប​ទុក​ដាក់​សម្រាម​។ ក្រុម​ហ៊ុន និង​ប្រជា​ពលរដ្ឋ​ពេល​ខ្លះ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រជា​ពលរដ្ឋ​ច្រើន​លើក​ឡើង​ថា​ការ​ប្រមូល​សម្រាម​តែង​មាន​ការ​យឺត​យ៉ាវ ធ្វើ​ឲ្យ​សម្រាម​នៅ​តាម​តំបន់​មួយ​ចំនួន​ប៉ះ​ពាល់​ដល់​បរិស្ថាន ដោយ​សារ​តែ​សភាព​រលួយ​ស្អុយ និង​ជះ​ក្លិន​មិន​ល្អ​។

ផ្ទុយ​ទៅ​វិញ ក្រុម​ហ៊ុន​ប្រមូល​សម្រាម បាន​ទំលាក់​កំហុស​ទៅ​លើ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ថា មិន​គោរព​ម៉ោង​ពេល​ទុក​ដាក់​សម្រាម​ច្បាស់​លាស់​។ លើស​ពី​នេះ ការ​វេច​ខ្ចប់​ក៏​មិន​បាន​ល្អ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​រាយ​ប៉ាយ ឬ​ធ្វើ​ឲ្យ​សត្វ​កាយ​ពេញ​ផ្លូវ នាំ​ឲ្យ​បាត់​សោភ័ណ្ឌ​ភាព​។ ចំណុច​នេះ គួរ​តែ​មាន​ការ​ដោះ​ស្រាយ​គ្នា​ឲ្យ​បាន​ច្បាស់​លាស់ ចៀស​វាង​មាន​ការ​ចោទ​ប្រកាន់​គ្នា ដែល​ធ្វើ​ឲ្យ​បាត់​បង់​ប្រយោជន៍​បរិស្ថាន​ទាំង​មូល​។

ដូច្នេះ បញ្ហា​សម្រាម​នេះ គួរ​ទាម​ទារ​ឲ្យ​មាន​ការ​បង្កើន​ការ​អប់រំ​បន្ថែម​ទៀត គ្មាន​ពេល​កំណត់ ខណៈ​ប្រជាពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រី​ក្រ ឬ​ក្រ​គំនិត ការ​យល់​ដឹង​របស់​ពួក​គាត់​ពី​បញ្ហា​បរិស្ថាន និង​អនាម័យ​នៅ​មាន​កម្រិត​។ ការ​អប់រំ ផ្សព្វ​ផ្សាយ​ទៀត​សោធ ក៏​ត្រូវ​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្នាក់​លើ ពោល​គឺ​ចាប់​តាំង​ពី​ក្រសួង​បរិស្ថាន រហូត​ដល់​ស្ថាប័ន​សាធារណៈ និង​ឯក​ជន​នា​នា តាម​សាលា​រៀន ជា​ពិសេស​នៅ​ក្នុង​រង្វង់​គ្រួសារ​។

ជាមួយ​គ្នា​នេះ ច្បាប់ និង​ការ​ដាក់​ពិន័យ​គឺ​ជា​បន្ទាត់​តែ​មួយ​គត់ ដែល​ត្រូវ​តែ​ដាក់​ឲ្យ​អនុវត្ត អម​នឹង​ការ​អប់​រំ ដោយ​ហេតុ​ថា បញ្ហា​អវិជ្ជមាន​នីមួយៗ មិន​អាច​ស្ថិត​នៅ​តែ​ត្រឹម​ការ​អប់រំ​ជា​រៀង​រហូត​បាន​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ