អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​សេណា​រីយ៉ូ ចំនួន​៣ សម្រាប់​ដំណើរ​វិល​ចូល​ស្រុក​របស់​ លោក សម រង្ស៊ី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​មែន​ទែន​ហើយ​។ ប៉ុន្តែ​ថា​តើ​ធ្វើ​មាតុភូមិ​និវត្តន៍​​​ដោយ​របៀប​ណា និង​តាម​ច្រក​ណា? គេ​នៅ​មិន​ទាន់​ដឹងច្បាស់​​នៅ​ឡើយ​ទេ​។ គេ​គ្រាន់​តែ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កម្លាំង​ទប់​ស្កាត់​ដំណើរ​​របស់​លោក សម រង្ស៊ី នេះ គ្រប់​ច្រក​ល្ហក​អស់​ហើយ​។ ប្រឈម​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ អ៊ឹម រចនា មើល​ឃើញ​សេណារីយ៉ូ​ចំនួន​៣ ដែល​អាច​កើត​ឡើង​ចំពោះ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នា​ពេល​ខាង​មុខ​។ 

លោក សម រង្ស៊ី (រូបភាពឯកសារ)
លោក សម រង្ស៊ី (រូបភាពឯកសារ) @សហការី
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​លោក សម រង្ស៊ី ចាក​ចេញ​ពី​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០១៥ គ្មាន​ពេល​ណា​ដែល​លោក​ប្ដេជ្ញា​ចិត្ត​វិល​ចូល​ស្រុក​វិញ ខ្លាំង​ដូច​លើក​នេះ​ទេ​។ លើក​នេះ លោក សម រង្ស៊ី មិន​ត្រឹម​តែ​សន្យា​ផ្ទាល់​មាត់​ថា​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា​ទេ ប៉ុន្តែ​លោក​បាន​ប្រកាសពី​គម្រោង​ច្បាស់​លាស់ បូក​រួម​​ទាំង​​ឆន្ទៈមោះមុត ក្នុង​ការ​លះ​បង់សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន ដើម្បី​ប្ដូរ​យក​សិទ្ធិ​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ប្រជាជន​។

គិត​ត្រឹម​ពេល​នេះ អ្វី​ដែល​គេ​ដឹង​ច្បាស់​បំផុត​អំពី​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី គឺ​កាល​បរិច្ឆេទ​ ដែល​លោក​កំណត់​យក​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​។ ប៉ុន្តែ សួរ​ថា​តើ​លោក​ធ្វើ​ដំណើរ​ចូល​កម្ពុជា​វិញ​តាម​មធ្យោបាយ​អ្វី និង​តាម​ច្រក​ណា លោក សម រង្ស៊ី មិន​បាន​បង្ហើប​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​​ទេ​។ អ្វី​ដែល​គេ​ដឹង​ជា​ផ្លូវ​ការ​គឺ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​លក្ខណៈ​រួច​រាល់​អស់​ហើយ ក្នុង​ការ​រារាំង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​។

ប្រឈម​នឹង​ចំណាត់ការ​តឹងរ៉ឹង​របស់​អាជ្ញាធរ​ដូច្នេះ ​អនាគត​នៃ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី អាច​មាន​​សេណារីយ៉ូ​ចំនួន​៣។

សេណារីយ៉ូ​ទី​១៖ ពន្យារ​ពេល​។ ការ​ពន្យារ​ពេល​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ប្រសិន​បើ​កើត​ឡើង​មែន​នោះ វា​មិន​មែន​មាន​ន័យ​ថា លោក សម រង្ស៊ី ជា​មនុស្ស​កំសាក ឬ​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ក៏​ទេ​ដែរ​។ តាម​ការ​ពិត នៅ​ពេល​គេ​ដឹង​​រួច​ជា​ស្រេច​ហើយ​ថា ការ​ដាក់​ជើង​ជាន់​ទឹក​ដី​ខ្មែរ​ជា​រឿង​ពិបាក​ទៅ​រួច​ដោយ​សារ​វិធានការ​បិទ​ជើង​មេឃ​របស់​​​អាជ្ញាធរ​​ខ្មែរ អតីត​បក្ស​ប្រឆាំង​និង​លោក សម រង្ស៊ី អាច​បត់​បែន​តាម​​សភាពការណ៍​ជាក់​ស្ដែង​តាម​រយៈ​ការ​លើក​ពេល​ដំណើរ​មាតុភូមិ​និវត្តន៍​​។ យ៉ាង​ណា​ក៏​ដោយ សេណារីយ៉ូ​នេះ ទំនង​ជា​មិន​ស្ថិត​នៅ​ក្នុង​ជំរើស​របស់​អតីត​គណបក្ស​ប្រឆាំង​និង​លោក សម រង្ស៊ី​ទេ​។ នោះ​ក៏​ព្រោះ​តែ​ការ​ផ្លាស់​ប្ដូរ​ណា​មួយ​នៅ​ក្នុង​កាលៈទេសៈ​នេះ វា​អាច​ធ្វើ​ឲ្យ​លោក សម រង្ស៊ី បាត់​បង់​តម្លៃ​នៅ​ក្នុង​ក្រសែ​ភ្នែក​អ្នក​គាំទ្រ និង​ប្រជាពលរដ្ឋ​ជាទូទៅ​។

សម្រាប់​លោក សម រង្ស៊ី បើ​ចង់​រក្សា​ប្រជាប្រិយភាព​របស់​ខ្លួន​ដែល​ប្រឹង​សន្សំ​អស់​ជិត​៤០​ឆ្នាំ គឺ​ទាល់​តែ​លោក​ដើរ​តាម​សេណារីយ៉ូ​ទី​២ នោះ​គឺ​៖ បន្ត​ធ្វើ​មាតុភូមិ​និវត្តន៍​តាម​ការ​គ្រោង​ទុក​។ ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​​ដែល​​ជា​ឆន្ទៈ​មោះមុត​របស់​លោក សម រង្ស៊ី​ គឺជា​រឿង​មួយ​។ តែ​ចូល​ដល់​មិន​ដល់ វា​ជា​រឿង​មួយ​ផ្សេង​ទៀត​។ ដូច​ក្នុង​សេណារីយ៉ូ​ទី​១​ដែរ គេ​ពិបាក​នឹង​ធានា​អំពី​ការ​មក​ដល់​ស្រុក​ខ្មែរ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា​ខាង​មុខ​នេះ​ណាស់ បើ​ផ្អែក​តាម​វិធានការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ ឧបមា​ថា​លោក​ សម រង្ស៊ី មាន​វិធី​ចូល​មក​ដល់​ស្រុក​ខ្មែរ, ការ​ប៉ះ​ទង្គិច​គ្នា​ជា​រឿង​ដែល​ទំនង​ជា​មិន​អាច​ចៀស​ផុត​ឡើយ​។

សម្រាប់​ដំណើរ​មាតុភូមិ​និវត្តន៍​លើក​នេះ លោក សម រង្ស៊ី ធ្លាប់​បាន​គូស​បញ្ជាក់អំពី​ការ​ប្រកាន់​យក​គោលការណ៍​​សន្តិវិធី​និង​អហិង្សា​។ សន្តិវិធី​និង​អហិង្សា ទំនង​ជា​គ្មាន​ទេ​សម្រាប់​កាលៈទេសៈ​នេះ​។ ការ​វិល​ចូល​ស្រុកវិញ​​ដោយ​សន្តិវិធី ​អហិង្សា និង​គ្មាន​ការ​ចាប់​ចងញាត់​​គុក​ច្រវាក់ អាច​កើត​មាន​តែ​នៅ​ក្នុង​​សេណារីយ៉ូ​ទី​៣​ប៉ុណ្ណោះ​។ នោះ​គឺ ចូល​ស្រុក​ក្រោយ​ទទួល​បាន​ការព្រះ​រាជទាន​​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ តាម​រយៈ​សំណើ​របស់​នាយករដ្ឋ​មន្ដ្រី​។

មែន​ទែន​ទៅ សេណារីយ៉ូ​នេះ​សម្រាប់​លោក សម រង្ស៊ី ធ្លាប់​កើត​ឡើង​រួច​ហើយ​កាល​ពី​ឆ្នាំ​២០១៣​។ ប៉ុន្តែ​ដើម្បី​ឲ្យ​សេណារីយ៉ូ​នេះ​កើត​ឡើង​ម្ដង​ទៀត វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​។ មិន​ស្រួល​ព្រោះ​តែ​ស្ថានការណ៍​កាល​ពី​ឆ្នាំ​២០១៣ និង​ពេល​នេះ ខុស​គ្នា​ទាំង​ស្រុង​។

លើក​មុន ​លោក​សម រង្ស៊ី បង្ខំ​ចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺដោយ​សារ​​សំណុំ​រឿង​ដក​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ដែល​ពេល​នោះ តុលាការ​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​១២​ឆ្នាំ​។ ប៉ុន្តែ​លើក​នេះ លោក សម រង្ស៊ី រង​បណ្ដឹង​ព្រហ្មទណ្ឌ​ចំនួន​រាប់​សិប​បណ្ដឹង រាប់​ចាប់​តាំង​ពីសំណុំ​រឿង​​បរិហារ​កេរ្តិ៍ ​​ប្រមាថ​ព្រះ​មហាក្សត្រ និង​​​ឧបឃាត​ជា​ដើម​​។ ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​សំណុំ​រឿង​ធំ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែលអាច​ធ្វើ​ឲ្យ​​លោក សម រង្ស៊ី ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​យូរ​អង្វែង​។ តើលើក​នេះ ​លោក សម រង្ស៊ី អាចទទួល​បាន​ការ​ព្រះ​រាជទាន​លើក​លែង​ទោស​ពី​សំណាក់​អង្គ​ព្រះមហាក្សត្រ​​ដូច​លើក​មុន​ដែរ​ឬ​យ៉ាង​ណា? មាន​តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​គូ​បដិបក្ខ​របស់​លោក សម រង្ស៊ី ម្នាក់​គត់ ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ