អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​ច្បាប់​ស្តី​ពី​គោល​នយោ​បាយ​ជាតិ​ភាសា​ខ្មែរ ​នឹង​ជួយ​ផ្តល់​តម្លៃ​ខេមរៈ​ភាសា ស្រប​ពេល​ស្លាក​យី​ហោ​ភាសាខ្មែរ ត្រូវ​ចិន​សរសេរ​ខុស​យ៉ាង​អាណាធិបតេយ្យ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​គោល​នយោបាយ​ជាតិ​ភាសាខ្មែរ ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​អនុម័ត​ដោយ​មិន​មាន​ការ​កែប្រែ​កាល​ពី​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួយ​ការពារ​និង​រក្សា​តម្លៃ​ភាសាខ្មែរ​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​សរសេរ​ភាសាខ្មែរ​យ៉ាង​អាណា​ធិប​តេយ្យ នៅ​លើ​ស្លាក​យីហោរ​របស់​អ្នក​ជំនួញ​ចិន កាល​ពី​ខណៈ ជនជាតិ​ចិន​កាន់​តែ​ច្រើន​សម្រុក​មក​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ 

យីហោហាងចិន ដែលសរសេរខុសពាក្យពេចន៍ភាសាខ្មែរ
យីហោហាងចិន ដែលសរសេរខុសពាក្យពេចន៍ភាសាខ្មែរ @FB
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​មាន​ការ​បើក​ទ្វារ​ឲ្យ​ជន​បរទេស អាច​មាន​សិទ្ធិ​ដាក់​ទុន​វិនិយោគ​១០០​ភាគ​រយ នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​ថា អ្នក​វិនិយោគ​ជន​ជាតិ​ចិន បាន​ចូល​មក​ដាក់​ទុន​ក្នុង​ប្រទេស​មួយ​នេះ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ក៏​ប៉ុន្តែ​វត្តមាន​របស់​ជន​ជាតិ​ចិន បាន​បង្កើត​នូវ​ភាព​ចំរូង​ចំរាស់​ជា​ច្រើន នៅ​ក្នុង​សង្គម​ខ្មែរ​ផង​ដែរ​។ បញ្ហា​នេះ​ត្រូវ​បាន​គេ​ចោទ​សួរ​ពី​តម្លៃ​នៃ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ម្ចាស់​ស្រុក ខណៈ​ឥរិយាបទ​របស់​ជន​ជាតិ​ចិន ហាក់​បង្ហាញ​ពី​ការ​ប្រមាថ​ទៅ​លើ​ភាសា​និង​អក្សរ​សាស្ត្រ​ខ្មែរ​ដោយ​ត្រង់ៗ​។

ម្តង​ហើយ​ម្តង​ទៀត អ្នក​ជំនួញ​ជន​ជាតិ​ចិន បាន​បង្ហាញ​ពី​ភាព​អត្ត​នោម័ត ដោយ​ពួក​គេ​មក​ដល់​ប្រទេស​កម្ពុជា លើក​ស្លាក​យីហោ​ព្រោង​ព្រាធ នៅ​ពី​មុខ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ជា​អក្សរ​ខ្មែរ ហើយ​សរសេរ​ទាំង​ខុស​អក្ខរា​វិរុទ្ធ ឬ​សរសេរ​ដោយ​មិន​មាន​អត្ថន័យ​អ្វី​ទាំង​អស់​ជា​ភាសា​ខ្មែរ ខណៈ​ភាសាចិន​ត្រូវ​គេ​សរសេរ​ឡើង​ទន្ទឹម​គ្នា ហើយ​មាន​ខ្លឹម​សារ​ត្រឹម​ត្រូវ​។

ក៏​ប៉ុន្តែ ស្លាក​យី​ហោ​រាប់​រយ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ ទំលាក់​ចុះ​ចាប់​តាំង​ពី​ការ​មក​ដល់​របស់​ជន​ជាតិ​ចិន​កាល​ពី​ឆ្នាំ​២០១៨ នេះ​មិន​ទាន់​គិត​តំបន់​ផ្សេង​ទៀត ដែល​ចិន​បង្ហាញ​វត្តមាន​ថ្មីៗ​។ ស្លាក​យីហោ​ទាំង​នោះ សុទ្ធ​សឹង​ជា​ការ​សរសេរ​ខុស​អក្ខរា​វិរុទ្ធ និង​ជា​របៀប​ការ​បក​ប្រែ ដោយ​ចិន​គ្នា​ឯង ឬ​បក​ប្រែ​តាម​រយៈ google។

តើ​នេះ​គួរ​បន្ទោស​ជន​ជាតិ​ចិន ដែល​មក​រក​ស៊ី​ស្រុក​ខ្មែរ​ទាំង​ស្រុង ឬ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​?
ជា​ការ​ពិត កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​ពាណិជ្ជកម្ម​បាន​ចាត់​ឲ្យ​មន្ត្រី​ដើរ​ទម្លាក់​ស្លាក​យីហោ​អាជីវកម្ម​របស់​ជន​ជាតិ​ចិន​ជាង​១០ទីតាំង​បន្ថែម​ទៀត ដែល​ស្ថិត​នៅ​សង្កាត់​លេខ​៣​ខេត្ត​ព្រះ​សីហនុ​។ ក៏​ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ នឹង​មិន​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​ទេ គឺ​ចាំ​បាច់​ត្រូវ​មាន​ការ​ចូល​រួម​ពី​អ្នក​ពាក់​ព័ន្ធ ហើយ​អាជ្ញាធរ​ដែន​ដី និង​ស្ថាប័ន​ដែល​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម គឺ​ជា​អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ​មុន​គេ​។

វា​មិន​មែន​ជា​រឿង​កំប៉ិក​កំប៉ុក ដូច​ដែល​ការ​គិត​របស់​បុគ្គល​មួយ​ចំនួន​នោះ​ទេ ការ​ដែល​ភាសា​ខ្មែរ និង​អក្សរ​សាស្ត្រ​ខ្មែរ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ទាំង​ខុស​ឆ្គង​។ តែ​វា​ជា​រឿង​ធំ​ដែល​រដ្ឋ​មួយ ឬ​ជាតិ​សាសន៍​មួយ​ត្រូវ​តែ​មាន​ដំណោះ​ស្រាយ​។

ការ​ដែល​សរសេរ​ស្លាក​យីហោ​អក្សរ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ​នេះ ត្រូវ​អ្នក​ជំនាញ​ខាង​ខេមរៈ​ភាសាស្តី​បន្ទោស​ថា​ជា​រូបភាព​មួយ​ធ្វើ​ឲ្យ​មាន​ការ​អាប់​ឱន​តម្លៃ​ភាសា​ខ្មែរ ដែល​ខ្មែរ​ធ្លាប់​អួត​ប្រាប់​បរទេស​ថា​ជា​ពូជ​សាសន៍​មួយ ធ្លាប់​មាន​អរិយធម៌​រុង​រឿង មាន​អក្សរ​សាស្ត្រ និង​ភាសា ដោយ​ខ្លួន​ឯង មិន​ខ្ចី​ឬ​ប្រើ​ភាសា​គេ​ជំនួស​នោះ​។

ដូច្នេះ​ដើម្បី​ចៀស​វាង​ការ​រិះ​គន់ ថា​មាន​ការ​បណ្តោយ​ឲ្យ អ្នក​ជំនួញ​ចិន​សរសេរ​អក្សរ​ខ្មែរ​ខុស​ប៉ាត​ណា​ប៉ាត​ណី ដោយ​សារ​តែ​ពួក​គេ​ជា​អ្នក​មាន​ប្រាក់​នោះ អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា គួរ​បង្ការ និង​ដាក់​លក្ខ​ខណ្ឌ​ទុក​ជា​មុន មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​លើក​ស្លាក​យីហោ​អាជីវ​កម្ម មិន​ថា​ជន​ជាតិ​ចិន ឬ​ជន​បរទេស​ផ្សេង​ទៀត​នោះ​ទេ​។

ជាមួយ​គ្នា​នេះ តាម​រយៈ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី គោល​នយោបាយ​ជាតិ​ភាសា​ខ្មែរ ដោយ​គណៈ​រដ្ឋ​មន្ត្រី នៅ​ពេល​នេះ គឺ​ជា​ចំណុច​សំខាន់​មួយ ដែល​ប្រទេស​កម្ពុជា​មាន​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ភាសា​ជាតិ​ក្នុង​កាលៈ​ទេសៈ ដែល​កំពុង​មាន​ការ​ប្រើ​ប្រាស់​ខេមរៈ​ភាសា​យ៉ាង​ច្របូក​ច្របល់​។

ច្បាប់​ស្តី​ពី​គោល​នយោបាយ​ជាតិ​ភាសា​ខ្មែរ ត្រូវ​គេ​រំពឹង​ថា​នឹង​ជួយ​ការពារ និង​លុប​បំបាត់​ស្លាក​យីហោ​ខុស​អក្ខរា​វិរុទ្ធ ជួយ​កែ​តម្រង់​ការ​សរសេរ​ភាសា​ខ្មែរ​ប្រកប​ដោយ​ភាព​ខុស​ឆ្គង នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​បណ្តាញ​សង្គម រួម​ទាំង​ជួយ​កែ​តម្រូវ​ផង​ដែរ ដល់​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ទៀត​ផង​។

មួយ​វិញ​ទៀត គេ​គួរ​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ នូវ​តួនាទី​សំខាន់ ក្នុង​ការ​ត្រួត​ពិនិត្យ រាល់​ឯកសារ​ផ្លូវ​ការ លិខិត​បទ​ដ្ឋាន​សាធារណៈ និង​ឯក​ជន រាប់​ទាំង​ការ​ប្រើ​ប្រាស់​ភាសាខ្មែរ​ទូទៅ​ផង​ដែរ​។ បើ​ពុំដូច្នោះ​ទេ ការ​ដែល​មាន​ច្បាប់​ហើយ ហើយ​មិន​ត្រូវ​បាន​ផ្តល់​សិទ្ធិ ដល់​ស្ថាប័ន​ជំនាញ​ក្នុង​ការ​ដឹក​នាំ​អនុវត្ត ដោយ​ភាព​ម៉ឺង​ម៉ាត់ នោះ​ក៏​មិន​អាច​កែ​ប្រែ​សង្គម​ខ្មែរ​ទាំង​មូល ឲ្យ​រួច​ផុត​ពី​ភាព​រង​គ្រោះ​ពី​ការ​សរសេរ​ខុស​អក្ខរា​វិរុទ្ធ ដោយ​ខ្មែរ​ខ្លួន​ឯង និង​ដោយ​ជន​បរទេស​បាន​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ