ច្បាប់ស្តីពីគោលនយោបាយជាតិភាសាខ្មែរ នឹងជួយផ្តល់តម្លៃខេមរៈភាសា ស្របពេលស្លាកយីហោភាសាខ្មែរ ត្រូវចិនសរសេរខុសយ៉ាងអាណាធិបតេយ្យ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៧
សេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយជាតិភាសាខ្មែរ ត្រូវបានគណៈរដ្ឋមន្ត្រីកម្ពុជាអនុម័តដោយមិនមានការកែប្រែកាលពីកិច្ចប្រជុំមួយនៅថ្ងៃសុក្រសប្តាហ៍មុន។ សេចក្តីព្រាងច្បាប់នេះត្រូវបានគេមើលឃើញថា នឹងជួយការពារនិងរក្សាតម្លៃភាសាខ្មែរឡើងវិញ បន្ទាប់ពីមានការសរសេរភាសាខ្មែរយ៉ាងអាណាធិបតេយ្យ នៅលើស្លាកយីហោររបស់អ្នកជំនួញចិន កាលពីខណៈ ជនជាតិចិនកាន់តែច្រើនសម្រុកមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីមានការបើកទ្វារឲ្យជនបរទេស អាចមានសិទ្ធិដាក់ទុនវិនិយោគ១០០ភាគរយ នៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា អ្នកវិនិយោគជនជាតិចិន បានចូលមកដាក់ទុនក្នុងប្រទេសមួយនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក៏ប៉ុន្តែវត្តមានរបស់ជនជាតិចិន បានបង្កើតនូវភាពចំរូងចំរាស់ជាច្រើន នៅក្នុងសង្គមខ្មែរផងដែរ។ បញ្ហានេះត្រូវបានគេចោទសួរពីតម្លៃនៃកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ម្ចាស់ស្រុក ខណៈឥរិយាបទរបស់ជនជាតិចិន ហាក់បង្ហាញពីការប្រមាថទៅលើភាសានិងអក្សរសាស្ត្រខ្មែរដោយត្រង់ៗ។
ម្តងហើយម្តងទៀត អ្នកជំនួញជនជាតិចិន បានបង្ហាញពីភាពអត្តនោម័ត ដោយពួកគេមកដល់ប្រទេសកម្ពុជា លើកស្លាកយីហោព្រោងព្រាធ នៅពីមុខទីតាំងអាជីវកម្មរបស់ខ្លួនជាអក្សរខ្មែរ ហើយសរសេរទាំងខុសអក្ខរាវិរុទ្ធ ឬសរសេរដោយមិនមានអត្ថន័យអ្វីទាំងអស់ជាភាសាខ្មែរ ខណៈភាសាចិនត្រូវគេសរសេរឡើងទន្ទឹមគ្នា ហើយមានខ្លឹមសារត្រឹមត្រូវ។
ក៏ប៉ុន្តែ ស្លាកយីហោរាប់រយ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ទំលាក់ចុះចាប់តាំងពីការមកដល់របស់ជនជាតិចិនកាលពីឆ្នាំ២០១៨ នេះមិនទាន់គិតតំបន់ផ្សេងទៀត ដែលចិនបង្ហាញវត្តមានថ្មីៗ។ ស្លាកយីហោទាំងនោះ សុទ្ធសឹងជាការសរសេរខុសអក្ខរាវិរុទ្ធ និងជារបៀបការបកប្រែ ដោយចិនគ្នាឯង ឬបកប្រែតាមរយៈ google។
តើនេះគួរបន្ទោសជនជាតិចិន ដែលមករកស៊ីស្រុកខ្មែរទាំងស្រុង ឬជាការទទួលខុសត្រូវរួម?
ជាការពិត កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានចាត់ឲ្យមន្ត្រីដើរទម្លាក់ស្លាកយីហោអាជីវកម្មរបស់ជនជាតិចិនជាង១០ទីតាំងបន្ថែមទៀត ដែលស្ថិតនៅសង្កាត់លេខ៣ខេត្តព្រះសីហនុ។ ក៏ប៉ុន្តែការធ្វើបែបនេះ នឹងមិនមានប្រសិទ្ធភាពយូរអង្វែងទេ គឺចាំបាច់ត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធ ហើយអាជ្ញាធរដែនដី និងស្ថាប័នដែលអនុញ្ញាតឲ្យបើកអាជីវកម្ម គឺជាអ្នកដែលទទួលខុសត្រូវលើរឿងនេះមុនគេ។
វាមិនមែនជារឿងកំប៉ិកកំប៉ុក ដូចដែលការគិតរបស់បុគ្គលមួយចំនួននោះទេ ការដែលភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ ត្រូវបានគេប្រើប្រាស់ទាំងខុសឆ្គង។ តែវាជារឿងធំដែលរដ្ឋមួយ ឬជាតិសាសន៍មួយត្រូវតែមានដំណោះស្រាយ។
ការដែលសរសេរស្លាកយីហោអក្សរខ្មែរខុសអក្ខរាវិរុទ្ធនេះ ត្រូវអ្នកជំនាញខាងខេមរៈភាសាស្តីបន្ទោសថាជារូបភាពមួយធ្វើឲ្យមានការអាប់ឱនតម្លៃភាសាខ្មែរ ដែលខ្មែរធ្លាប់អួតប្រាប់បរទេសថាជាពូជសាសន៍មួយ ធ្លាប់មានអរិយធម៌រុងរឿង មានអក្សរសាស្ត្រ និងភាសា ដោយខ្លួនឯង មិនខ្ចីឬប្រើភាសាគេជំនួសនោះ។
ដូច្នេះដើម្បីចៀសវាងការរិះគន់ ថាមានការបណ្តោយឲ្យ អ្នកជំនួញចិនសរសេរអក្សរខ្មែរខុសប៉ាតណាប៉ាតណី ដោយសារតែពួកគេជាអ្នកមានប្រាក់នោះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា គួរបង្ការ និងដាក់លក្ខខណ្ឌទុកជាមុន មុននឹងអនុញ្ញាតឲ្យមានការលើកស្លាកយីហោអាជីវកម្ម មិនថាជនជាតិចិន ឬជនបរទេសផ្សេងទៀតនោះទេ។
ជាមួយគ្នានេះ តាមរយៈការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី គោលនយោបាយជាតិភាសាខ្មែរ ដោយគណៈរដ្ឋមន្ត្រី នៅពេលនេះ គឺជាចំណុចសំខាន់មួយ ដែលប្រទេសកម្ពុជាមានច្បាប់ស្តីពីការគ្រប់គ្រងភាសាជាតិក្នុងកាលៈទេសៈ ដែលកំពុងមានការប្រើប្រាស់ខេមរៈភាសាយ៉ាងច្របូកច្របល់។
ច្បាប់ស្តីពីគោលនយោបាយជាតិភាសាខ្មែរ ត្រូវគេរំពឹងថានឹងជួយការពារ និងលុបបំបាត់ស្លាកយីហោខុសអក្ខរាវិរុទ្ធ ជួយកែតម្រង់ការសរសេរភាសាខ្មែរប្រកបដោយភាពខុសឆ្គង នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម រួមទាំងជួយកែតម្រូវផងដែរ ដល់ការប្រើប្រាស់ភាសាខ្មែរនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរទៀតផង។
មួយវិញទៀត គេគួរមានការលើកទឹកចិត្តឲ្យមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នូវតួនាទីសំខាន់ ក្នុងការត្រួតពិនិត្យ រាល់ឯកសារផ្លូវការ លិខិតបទដ្ឋានសាធារណៈ និងឯកជន រាប់ទាំងការប្រើប្រាស់ភាសាខ្មែរទូទៅផងដែរ។ បើពុំដូច្នោះទេ ការដែលមានច្បាប់ហើយ ហើយមិនត្រូវបានផ្តល់សិទ្ធិ ដល់ស្ថាប័នជំនាញក្នុងការដឹកនាំអនុវត្ត ដោយភាពម៉ឺងម៉ាត់ នោះក៏មិនអាចកែប្រែសង្គមខ្មែរទាំងមូល ឲ្យរួចផុតពីភាពរងគ្រោះពីការសរសេរខុសអក្ខរាវិរុទ្ធ ដោយខ្មែរខ្លួនឯង និងដោយជនបរទេសបានដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ