ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/11 12h00 GMT

​អាជ្ញា​ធរ​ខ្មែរ​គួរ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​

​អាជ្ញា​ធរ​ខ្មែរ​គួរ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជា​ពល​រដ្ឋ​
 
មន្ត្រីនគរបាលនានាទូទៅ (រូបតំណាង) @REUTERS

បញ្ហា​អសន្តិសុខ​ បើ​ទោះ​បី​ជា​​កើតមាន​​ឡើង​ជា​រៀង​រាល់​ថ្ងៃក្នុង​សង្គម​ខ្មែរ​ហើយ​ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ឃើញ​មាន​យន្តការ​ឬ​វិធានការណាមួយ ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ឡើយ​។ អ្វី​ដែល​គេច្រើន​​តែ​ឃើញ​អាជ្ញាធរ​ប្រតិបត្តិ​រាល់​ដង គឺ​ការ​ចាត់​វិធានការ​ការពារ​តាម​ក្រោយ​ ឬ​ដែល​សង្គម​ខ្មែរ​និយម​ហៅ​ថា គោ​បាត់​ទើប​ធ្វើ​របង​។ តើ​ទាល់​តែ​គោ​បាត់​ប៉ុន្មាន​ដង ទើប​គេ​សាង​​របង​​ឲ្យ​រឹង​មាំ និង មាន​សុខ​សុវត្ថិភាព​ពិត​ប្រាកដ​? 

នៅ​ពេល​អាន​កាសែត​ឬឮព័ត៌មាន​អំពី​ព័ត៌មាន​អសន្តិសុខ៖ អំពើ​ឃាតកម្ម ឬ​ហេតុការណ៍​ចោរ​លួច ចោរ​ឆក់ ឬ​ចោរ​ប្លន់​សម្លាប់​ជា​ដើម ពលរដ្ឋ​ខ្លះ​សម្ដែង​ការ​តក់​ស្លុត ខ្លះ​ព្រួយ​ថា​រឿង​រ៉ាវ​ទាំង​នោះ​អាច​នឹង​កើត​ឡើង​លើ​ខ្លួន​ឯង ហើយ​ខ្លះ​ទៀត​ខឹង​សម្បារ ប្រទេច​​ជន​ល្មើស​ទាំង​នោះ​​ថា ជា​មនុស្សចង្រៃ​ជួរជាតិ។ ជា​ការ​ពិត ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​លួច​ប្លន់​ទ្រព្យ​អ្នក​ដទៃ បង្ក​ហិង្សា ឬ​សម្លាប់​គេ​ឯង គឺ​ជា​មនុស្ស​ចង្រៃ​នៅ​ក្នុង​វចនានុក្រម​មនុស្ស​សម័យ​ថ្មី ដោយ​ពុំ​ចាំ​បាច់​យក​ច្បាប់​ទម្លាប់ ឬ​វិន័យ​សាសនា​អ្វី​មក​កាត់​សេចក្ដី​ឡើយ​។ ប៉ុន្តែ ការ​ប្រទេច​ជនទាំង​នោះ​ថា​ជា​មនុស្ស​ចង្រៃ មិន​បាន​ដោះ​ស្រាយ​បញ្ហា​អ្វី​ក្រៅ​តែ​ពី​រំសាយ​អារម្មណ៍​ខឹង​សម្បារ​មួយ​រយៈ​ខ្លី​ឡើយ​។

សម្រាប់​បញ្ហា​អសន្តិសុខ​សង្គម ជាជាង​ការ​ជេរ​ប្រទេច​និង​លើក​ឡើង​ពី​ភាព​ភ័យ​ខ្លាច សង្គម​ខ្មែរ​គួរ​តែ​ងាក​មក​ចោទ​សួរ​ពី​ដើម​ចម​ព្រម​ទាំង​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​វិញ​។ តើ​ពលរដ្ឋ​ម្នាក់​ៗ​អាច​ធ្វើ​អ្វី​បាន​ខ្លះ នៅ​ខណៈ​ដែល​ប្រព័ន្ធ​ការពារ​សន្តិសុខ​របស់​រដ្ឋ​នៅ​មិន​ទាន់​រឹង​មាំ​គ្រប់​គ្រាន់ ​ដើម្បី​ធានា​សុវត្ថិភាព​ប្រចាំ​ថ្ងៃ​​ជូន​ពលរដ្ឋ​ឲ្យ​បាន​ពេញ​លេញ​?

ការពិត​ទៅ មិន​មែន​អាជ្ញាធរ​ខ្មែរ​គ្មាន​ប្រព័ន្ធ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ទេ។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ប្រព័ន្ធ​ការពារ​សន្តិសុខ​របស់​រដ្ឋ ឆ្លើយ​តប​យឺត​យ៉ាវ​ណាស់ ប្រឈម​​មុខ​នឹង​កំណើន​បទ​ល្មើស​អសន្តិសុខ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃ​។ ការ​ឆ្លើយ​តប​នោះ​ទៀត​សោត ជា​រឿយ​ៗ​ធ្វើ​ឡើង​ក្នុង​ទម្រង់ ចាត់វិធានការ​បង្ការ ក្រោយ​ពេល​ហេតុ​អាក្រក់​កើត​ឡើង​រួច​ហើយ​ ឬ​ដែល​សង្គម​ខ្មែរ​និយម​ហៅ​ថា គោ​បាត់​ទើប​ធ្វើ​របង​។

ដល់​ត្រឹម​នេះ គេ​ត្រូវ​ទទួល​ស្គាល់​ការពិត​មួយ​ថា បញ្ហា​អសន្តិសុខ​សង្គម មិន​មែន​កើត​ឡើង​ដោយ​សារ​ប្រព័ន្ធ​ការពារ​សន្តិសុខ​របស់​រដ្ឋ​ទន់​ខ្សោយតែ​ម្យ៉ាង​នោះ​ទេ​។ ប្រទេស​ណា​ក៏​មាន​ដែរ បញ្ហា​អសន្តិសុខ​សង្គម​។ ហើយ​បញ្ហា​អសន្តិសុខ​សង្គម​ទាំង​នោះ មាន​ទម្រង់​ខុស​ប្លែក​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត តាម​រយៈ​មូលដ្ឋាន​គ្រឹះ​​​​របស់​ប្រទេស​នោះផ្ទាល់​​។

តើ​​​បុគ្គល​ម្នាក់​ៗ​នៅ​ក្នុង​សង្គម ដែលជា​​មូលដ្ឋាន​គ្រឹះ​​របស់​ប្រទេស​មួយ ជួប​​បញ្ហា​អ្វី​ខ្លះ ទើប​បាន​ជា​បង្ខំ​ឲ្យ​ពួកគេ​​មានផ្លូវដើរ​តិច​តួច រហូត​ត្រូវ​ជ្រើស​យក​ការ​រំលោភ​លើអ្នក​ដទៃឬ​​ទ្រព្យ​អ្នក​ដទៃ​ដើម្បី​ជីវភាព​ខ្លួន​​ឯង។ និយាយ​ដូច្នេះ​មិន​មែន​មាន​ន័យ​ថា បុគ្គល​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ដោយ​សារ​តែ​គ្មាន​ផ្លូវដើរ មិន​ត្រូវ​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ទេ។ អ្នក​ប្រព្រឹត្ត​ល្មើស ជា​ការ​ពិត ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​របស់​ខ្លួន​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ គេ​ត្រូវ​ពិនិត្យ​មើល​ផង​ដែរ ដើម​ចម​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​សម្រេច​ចិត្ដ​ដើរ​ខុស​ ដើម្បី​ឲ្យ​ការ​ដោះ​ស្រាយ​មាន​ប្រសិទ្ធភាព​និង​និរន្ដរភាព​។

ក្នុង​ន័យ​នេះ រដ្ឋ​ត្រូវ​ធានា​ជូន​ពលរដ្ឋ នូវ​ការ​រស់​រាន​មាន​ជីវិត​មួយ​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ សម​តម្លៃ​ជា​មនុស្ស មាន​ការ​អប់រំ មាន​សេវា​គាំពារ​សុខភាព និង​ការងារ​​ដើម្បី​ទ្រទ្រង់​ជីវភាព​​ប្រចាំ​ថ្ងៃ​។

ក្រៅ​ពី​​ធានា​ឲ្យ​បុគ្គល​គ្រប់​រូប​​​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត ស្រប​តាមគោលការណ៍​សិទ្ធិ​មនុស្ស​មូលដ្ឋាន​ហើយ រដ្ឋ​ក៏​ត្រូវ​តែ​ធានា​ជូន​ពលរដ្ឋ​ផង​ដែរ ប្រព័ន្ធ​ការពារ​សន្តិសុខ​សុវត្ថិភាព​ដែល​មាន​ប្រសិទ្ធភាព​។ ប្រព័ន្ធ​នេះ​សំដៅ​ដល់​ការ​ការពារ​និង​បង្ការ​ហេតុការណ៍​អសន្តិសុខ​នានា​​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម ឬ​កាត់​បន្ថយ​ឲ្យ​ហេតុ​អាក្រក់​ទាំង​នោះ​កើត​ឡើង​ឲ្យ​តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ មិន​មែន​ចាំ​ទាល់​តែ​រឿងហេតុ​កើត​ឡើង​រួច​ហើយ​ ទើប​ប្រជុំ​ចាត់​វិធានការ​តាម​ពី​ក្រោយ​ទេ​​។

ជា​ការ​ពិត​ហើយ​ថា បញ្ហា​អសន្តិសុខ គឺ​ជា​រឿង​សាមញ្ញ​ធម្មតា​ណាស់​សម្រាប់​គ្រប់​ប្រទេស​ទាំង​អស់​ទូទាំង​ពិភពលោក​ បើ​ទោះ​បី​ជា​ប្រទេស​​នោះ​អភិវឌ្ឍ​ដល់​កម្រិត​កំពូល​ហើយ​ក៏​ដោយ​។ ប៉ុន្តែ​ហេតុផល​នេះ មិន​គួរ​ក្លាយ​ទៅ​ជា​លេស​របស់​អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​ដទៃទៀត នៅ​ក្នុង​​បង្ក្រាប​បញ្ហា​អសន្តិសុខ​សង្គម​នោះ​ទេ​។ ការ​បង្ក្រាប​គឺ​​ជា​រឿង​មួយ ប៉ុន្តែ​សំខាន់​ជាងនេះ អាជ្ញាធរ​ខ្មែរ​គួរ​តែ​ចាប់​ផ្ដើម​វិធានការ​បង្ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១០ តែ​មិន​សូវ​មាន​ប្រសិទ្ធភាព គួរ​តែ​ត្រូវ​បាន​សើ​រើ​រៀប​ចំ​ឡើង​វិញ​ឲ្យ​ត្រូវ​តាម​បរិបទ​សង្គម​ដែរ​ឬ​ទេ? ឬ​ត្រូវ​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី​តែ​ម្ដង? គេ​ទទួល​ស្គាល់​ថា ការ​កម្ចាត់​បញ្ហា​អសន្តិសុខ​ឲ្យ​ខ្ទាត​ផុត​ពី​ផ្ទៃ​ប្រទេស គឺ​ជា​រឿង​មិន​អាច​ទៅ​រួច​។ ប៉ុន្តែ​យន្តការ​បង្ការ​នានា​ដែល​អាច​កាត់​បន្ថយ​បញ្ហា​ទាំង​នេះ​បាន គឺ​ជា​រឿង​ចាំ​បាច់​ដែលត្រូវ​តែ​ធ្វើ​ជា​ដាច់​ខាត៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ