ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT

​«វៀត​ណាម» នៅ​ក្នុង​ទស្សនៈ​ជន​ជាតិ​ខ្មែរ​

​«វៀត​ណាម» នៅ​ក្នុង​ទស្សនៈ​ជន​ជាតិ​ខ្មែរ​ ការដុតបំផ្លាញទង់ជាតិវៀតណាម កាលពីពេលកន្លងទៅ (រូបភាពឯកសារ) @សហការី

    ថ្ងៃ​ទី​០៤ ខែ​មិថុនា សប្ដាហ៍​មុន​នេះ គឺ​ជា​ខួប​៧០​ឆ្នាំ ដែលខ្មែរ​បាត់បង់​​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ សិក្សា​ពី​ទំនាក់​ទំនងរវាង​ជនជាតិ​ខ្មែរ​និង​វៀតណាម។ តើ​ហេតុ​អ្វី​បាន​ជា​​ជន​ជាតិ​ខ្មែរ​ខ្លះ មិន​ទុក​ចិត្ត​វៀតណាម ហើយ​ចាត់​ទុក​ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម ​ថា​​ជាចោរ​លួច​ទឹក​ដី​ខ្មែរ​? 

    ទស្សនៈ «ស្អប់» វៀតណាម គឺ​ជា​ជំងឺ​ត​ជំនាន់​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​ជំងឺ​នេះ ទំនង​ជា​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ឡើយ​។ នៅ​ក្នុង​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​មួយ​ចំនួន វៀតណាម ឬ យួន កំពុង​តែ​លេប​ត្របាក់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បញ្ជូន​ប្រជាពលរដ្ឋ​វៀតណាម​មក​រស់​នៅ រកស៊ី​ដោយ​ខុស​ច្បាប់​នៅ​ស្រុក​ខ្មែរ​ និង​ការ​វាត​យក​ទឹក​ដី​ខ្មែរ​នៅ​តាម​ខ្សែ​ព្រំដែន​។ ទស្សនៈ​នេះ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់​គំនិត​មនុស្ស​ខ្មែរ គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ រាប់​ចាប់​តាំង​ពី​​ប្រជាពលរដ្ឋ​ធម្មតា អ្នក​នយោបាយ និង​បណ្ឌិត​ផង​ដែរ​។

    គំនិត​អគតិ​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ជនជាតិ​វៀតណាម​ដូច្នេះ មិន​មែន​ជា​រឿង​ថ្មី​​ឡើយ​។ មិន​ថ្មី​​ព្រោះ​ខ្មែរ​និង​វៀតណាម មាន​ប្រវត្តិ​ជូរ​ចត់​រួម​គ្នា​ជា​ច្រើន​ជំនាន់​មក​ហើយ គឺ​​ចាប់​តាំង​ពី​​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៥ ដែល​ដែន​ដី​ខ្មែរត្រូវ​​លេប​ត្របាក់ដោយ​​សៀម​នៅ​ខាង​លិច និង​អាណ្ណាម នៅ​ខាង​កើត ដែល​បច្ចុប្បន្ន​ជា​ប្រទេស​វៀតណាម។

    នៅ​អំឡុង​សតវត្សរ៍​ទី​១៩ នគរ​អាណ្ណាម បាន​កាត់​យក​ទឹក​ដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម​ពី​ខ្មែរ និង​​បាន​លើក​បន្តុប​ក្សត្រិយ អង្គម៉ី ឲ្យ​ឡើង​គ្រង​រាជ្យ​ជា​មហាក្សត្រ​ខ្មែរ​។ ក្រោម​ខ្សែ​ញាក់​របស់​នគរ​អាណ្ណាម ក្សត្រិយ អង្គម៉ី បាន​ព្យាយាម​បំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និង​របៀបរបប​គ្រប់គ្រង​រដ្ឋបាល​ពី​បុរាណ​របស់​នគរ​ខ្មែរ។ ខេត្ត​របស់​ខ្មែរ ដែល​មាន ៥៦ ត្រូវ​បានកាត់បន្ថយ​មក​នៅ​ត្រឹម ៣៣ ហើយ​ត្រូវ​ប្តូរឈ្មោះ​​ហៅ​តាម​ភាសាវៀតណាម​វិញ ហើយ​គ្រប់​ចៅហ្វាយខេត្ត​ទាំងអស់​នេះ ត្រូវ​មាន​ជំនាញការ​វៀតណាម​ម្នាក់​មក​ត្រួតពីលើ។ ដោយទ្រាំ​មិនបាន​នឹង​ទង្វើ​​នេះ ប្រជារាស្រ្ត​ខ្មែរ​ក៏​បាន​នាំគ្នា​ងើបឡើង​បះបោរ ធ្វើការ​វាយឆ្មក់ កាប់ស្លាប់​ទាហាន និង​ប្រជាជន​អាណ្ណាម​ដោយ​ឥតរើសមុខ​។ ​ការ​បះបោរ​ប្រឆាំង​អាណ្ណាម ឬ វៀតណាម​លើក​នោះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។

    ចាប់​តាំង​ពី​ពេល​នោះ មក អំពើ​ហិង្សា និង​ការ​លាប​ពណ៌ ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​កើត​មាន​ជា​បន្ត​បន្ទាប់និងខ្លាំង​ឡើង​ៗ រាប់​ចាប់​តាំង​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​រដ្ឋ​កម្ពុជា និង​សម័យ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី​២​សព្វ​ថ្ងៃ​។

    សម្រាប់​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន ប្រទេស​វៀតណាម​និង​ជនជាតិ​វៀតណាម ​នៅ​តែ​​ជាសភាវៈ​អាក្រក់ ជា​ចោរ​លួច​ទឹក​ដី​ខ្មែរ ហើយ​ព្យាយាម​ដាក់​អាណានិគម​លើ​ប្រទេស​​ខ្មែរ​​។ វៀតណាម​គឺ​ជា​មូលហេតុ​ដែល​ទឹក​ដី​ខ្មែរ​រួម​តូច​ដូច​សព្វ​ថ្ងៃ​។ ជនជាតិ​វៀតណាម​គឺជា​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​គ្មាន​ការងារ​ធ្វើ ហើយ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស​។ ពលរដ្ឋ​ខ្មែរ​ធ្លាក់​ខ្លួនឈឺ​ច្រើន ក៏​ដោយ​សារ​តែ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។ ចំណែក​ជន​ជាតិ​ខ្មែរ​ដែល​មិន «អគតិ» ជាមួយ​ជនជាតិ​វៀតណាម ជា​រឿយ​ៗ ​ត្រូវ​បាន​លាបពណ៌​ថា​ជា​ជនជាតិ​វៀតណាម​ដែរ​។

    ទស្សនៈ​អគតិ​ចំពោះ​ជនជាតិ​​វៀតណាម គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ ដែល​កម្ពុជា​​ត្រូវ​ដោះ​ស្រាយ មុន​ពេល​វា​វិវត្ត​ក្លាយ​ទៅ​ជា​ការ​រើស​អើង​​ប្រឆាំង​ពូជ​សាសន៍​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាងទស្សនៈ​អគតិ​ចំពោះ​ជនជាតិ​វៀតណាម គឺការ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​ថា​ជា​វៀតណាម​។ តើ​មិន​មែន​ដោយ​សារ​តែ​ការ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​នេះ​ទេ​ឬ ដែល​ធ្វើ​ឲ្យ​ខ្មែរបែក​បាក់​​គ្នា ​គុំ​គួន​សង​សឹក​គ្នា មើល​មុខ​គ្នា​មិន​ត្រង់ និង​បាត់​បង់​មោទនភាព​ជាតិ អស់​ជា​ច្រើន​ទសវត្សរ៍​? ហើយ​ថា​តើ​វា​គួរ​តែ​ដល់​ពេល​ហើយ​ឬ​នៅ ដែល​ខ្មែរ​គួរ​តែ​បញ្ឈប់​ការ​​លាប​ពណ៌​គ្នា​ថា​ជាជនជាតិ​​វៀតណាម​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​? ទាំង​នេះ​ជា​សំណួរ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ត្រូវ​ផ្ដល់​ចម្លើយ​។

    ជា​ការ​ពិត ការ​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​ថា​ជា​វៀតណាម មិន​មែន​មាន​ន័យ​ថា​ខ្មែរ​ត្រូវ​តែ​ឈប់​ខ្វាយ​ខ្វល់​ពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម​នៅ​កម្ពុជា​ទេ​។ ខ្មែរ​នៅ​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន តាម​រយៈ​ការ​រួប​រួម​គ្នា​។ ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ សាមគ្គី​ភាព​ជាតិ​នឹង​អាច​ឈាន​ទៅ​​ដោះ​ស្រាយ​បញ្ហា ជា​ជាង​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ ដោយ​ចោទដាក់​​គ្នា​ថា​ជា «យួន»៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • កម្ពុជា

      តុលាការ​​កំពូល​​សម្រេច​​ផ្តន្ទាទោស​​ជួប​ សម្លាប់​​ដាក់​គុក​​មួយ​ជី​វិត​​ដដែល​​រឿង​​សម្លាប់​​លោក​​បណ្ឌិត ​កែម ឡី​

      ស្វែងយល់បន្ថែម

    • ភ្ញៀវប្រចាំថ្ងៃ

      លោក​​អំ សំអាត​៖​ទាល់​តែ​​រក​ឱ្យ​ឃើញ​​អ្នក​ពាក់​ព័ន្ធ​​ផ្សេង​ទៀត ​ទើប​​ផ្តល់​​យុត្តិធម៌​​ពិត​​ដល់​​លោក​​កែម ឡី​

      ស្វែងយល់បន្ថែម

    • ភ្ញៀវប្រចាំថ្ងៃ

      លោក គុជ លី៖ ការ​បង្កើត​គណបក្ស​ខ្មែរ​តែ​មួយ​មក​ពី​ការ​ឈឺ​ចាប់​នៃ​ការ​សម្លាប់​លោក កែម ឡី និង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

      ២​ឆ្នាំ​ក្រោយ​ឃាតកម្ម​លោក កែម ឡី៖ អ្នក​ឃ្លាំ​មើល​នៅ​តែ​មិន​ទទួល​យក​ការ​កាត់​ទោស​បុរស​តែ​ម្នាក់

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ