ដល់ពេលដែលកម្ពុជាត្រូវរៀនរស់ដោយខ្លួនឯង!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៧
ប្រទេសមួយដែលក្រីក្រដូចជាកម្ពុជាពិតជាត្រូវការចាំបាច់នូវជំនួយពីបរទេសដើម្បីស្តានិងអភិវឌ្ឍន៍គ្រប់វិស័យ។ ប៉ុន្តែ ការព្យាយាមរស់ដោយខ្លួនឯងគឺជារឿងដ៏សំខាន់មួយទៀតដែលកម្ពុជាត្រូវខិតខំធ្វើ មុននឹងស្រែករកជំនួយពីខាងក្រៅ។ ចង់ឬមិនចង់ នៅក្នុងពេលមិនយូរខាងមុខនេះ ជំនួយអភិវឌ្ឍនឹងត្រូវកាត់បន្ថយ។ ដូច្នេះ វាដល់ពេលហើយ ដែលកម្ពុជាត្រូវរៀនរស់ដោយខ្លួនឯង ជាជាងផ្តេកផ្តួលខ្លាំងទៅលើជំនួយបរទេស។
ចាប់តាំងពីកម្ពុជាបើកចំហទៅកាន់ពិភពលោក ជាពិសេសក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ សហគមន៍អន្តរជាតិបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំដើម្បីស្តាប្រទេសកម្ពុជាឡើងវិញចេញពីភាពខ្ទេចខ្ទាំ និងភាពក្រីក្រដ៏គួរឲ្យសង្វេគក្រោយពីរបបខ្មែរក្រហម។
បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅលើវិថីនៃការអភិវឌ្ឍទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គម ទាំងស្មារតីមនុស្ស និងទាំងប្រជាធិបតេយ្យ។ ទាំងនេះពិតជាមិនអាចកាត់ផ្តាច់បានឡើយពីខិតខំការប្រឹងប្រែងរៀនរស់ដោយខ្លួនឯងផងនិងពីជំនួយបរទេសផង។ សហគមន៍អន្តរជាតិក៏នៅតែតាំងចិត្តជួយកម្ពុជាជាបន្តទៀតក្នុងគ្រប់វិស័យ។ ប៉ុន្តែ កម្ពុជាត្រូវគេមើលឃើញថា នៅមិនទាន់បានខិតខំរៀនរស់ដោយខ្លួនឯងឲ្យអស់លទ្ធភាពនៅឡើយទេ។ ផ្ទុយទៅវិញ ការពឹងពាក់លើជំនួយបរទេសហាក់បានក្លាយជាជំងឺមួយទៅវិញ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ មានជនបរទេសមួយចំនួនប្តូរផ្តាច់ជួយខ្មែរដោយគ្មានលក្ខខណ្ឌ ក្នុងវិស័យជាច្រើន ដូចជាវិស័យអប់រំ សុខាភិបាល សន្តិសុខស្បៀង និងការពារធនធានធម្មជាតិជាដើម។ ផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ចខ្លះ និងអ្នកជំនួញធំៗមួយចំនួនដែលជាជនជាតិខ្មែរបែរជាឃុបឃិតគ្នាបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ខ្លួនឯងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ ត្រឹមតែការគ្រប់គ្រងឲ្យបានល្អនូវធនធានធម្មជាតិទាំងក្នុងដី ក្នុងទឹក និងធនធានព្រៃឈើ ក៏កម្ពុជាអាចទាញយកប្រាក់ចំណេញជាច្រើនចូលក្នុងថវិកាជាតិបានដែរ។ ក្រៅពីនោះ ការបិទខ្ទប់មិនឲ្យធ្លុះធ្លាយថវិកាជាតិចូលក្នុងហោប៉ៅបុគ្គលក៏ជាប្រភពសន្សំប្រាក់យ៉ាងសន្ធឹកសន្ធាប់ផងដែរ។
ពេលខ្លះទៀត ប្រទេសដ៏ក្រីក្រមួយនេះបានបង្ហាញឲ្យឃើញថា កំពុងតែស្ថិតក្នុងស្ថានភាព«ក្រតែហៀរគ្រប»។ ពោលគឺប្រទេសជាតិក្រមែន តែបុគ្គលជាច្រើនដែលជាមន្ត្រីធំៗបែរជាសម្បូរប្រាក់ហូរហៀរចាយមិនអស់។ ពួកគេបានចំណាយប្រាក់ទាំងនោះដូចក្រដាស់ទៅលើពិធីផ្សេងៗ ដូចជាពិធីជប់លាង អាពាហ៍ពិពាហ៍ ខួបកំណើត ឡើងគេហដ្ឋាន ជាដើម។ ក្នុងពិធីទាំងនោះ ម្ហូបអាហារថ្លៃៗត្រូវបានចាក់ចោលខណៈដែលពលរដ្ឋខ្មែរជាច្រើនខ្វះចំណីអាហារ ខ្វះថវិកាព្យាបាលជំងឺ និងខ្វះទីជម្រក។ ភាពខ្ជះខ្ជាយក៏កើតមានដែរនៅរដ្ឋបាលសាធារណៈដូចជា ប្រេងសាំង អគ្គិសនី និងទឹកជាដើម។
និយាយពីជំនួយបរទេសវិញ ជាទូទៅ រដ្ឋបាលសាធារណៈចូលចិត្តតែជំនួយជាលុយកាក់ដែលអាចផ្តល់កម្រៃបន្ថែមដល់ពួកគេ។ ចំណែកជំនួយជាបច្ចេកទេសសុទ្ធសាធដែលគ្មានភ្ជាប់ថវិកាជាមួយ មិនសូវទទួលបានការចាប់អារម្មណ៍ទេ។ ការសម្លឹងឃើញតែផលប្រយោជន៍បែបនេះបានធ្វើឲ្យម្ចាស់ជំនួយមួយចំនួនខកចិត្ត ហើយបង្វែជំនួយនោះទៅប្រទេសផ្សេងវិញ។ មានគម្រោងខ្លះបានរលាយបាត់ទៅវិញបន្ទាប់ពីអស់ជំនួយ។ នេះសរបញ្ជាក់ឲ្យឃើញពីការពឹងផ្អែកតែលើជំនួយដោយមិនបានរៀនសូត្រពីម្ចាស់ជំនួយឡើយ។
ទាំងអស់នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗក្នុងចំណោមបញ្ហារាប់រយជំពូកដែលបង្ហាញឲ្យឃើញថា ខ្មែរមិនទាន់រៀនរស់ដោយខ្លួនឯងឲ្យអស់លទ្ធភាពនៅឡើយទេ។ ដូច្នេះ នៅមានកិច្ចការជាច្រើនទៀតដែលពលរដ្ឋខ្មែរគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំតែម្តង ត្រូវបង្ហាញថា កម្ពុជាប្រឹងប្រែងរស់ដោយខ្លួនឯងឲ្យអស់លទ្ធភាព មុននឹងស្វែងរកជំនួយពីខាងក្រៅ។ កិច្ចការសំខាន់ជាងគេ គឺត្រូវខិតខំរកវិធីយ៉ាងណាដើម្បីបិទកញ្ជើរបស់ខ្លួនឲ្យជិតកុំឲ្យធ្លុះតទៅទៀតពីព្រោះបើវាធ្លុះ ទោះជាគេខំជួយយ៉ាងណាក៏មិនសូវបានផលដែរ។
ម្យ៉ាងទៀត ការបណ្តុះស្មារតីខ្មែរជួយខ្មែរគឺជារឿងសំខាន់មួយទៀតពោលគឺ ខ្មែរត្រូវស្រឡាញ់ប្រទេសជាតិនិងជនជាតិខ្មែរគ្នាឯងឲ្យបានច្រើនជាងជនជាតិដទៃស្រឡាញ់ខ្មែរ។ និយាយជារួមខ្មែរត្រូវ «រៀនរស់ដោយខ្លួនឯងជាមុនសិន មុននឹងដង្ហោយរកជំនួយពីអ្នកដទៃ» ព្រោះបើពុំដូច្នោះទេ នៅពេលអស់ជំនួយ កម្ពុជាច្បាស់ជាជួបបញ្ហាធំធេងពិបាកដោះស្រាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ