ការលុបបំបាត់គ្រឿងញៀន ទាមទារឲ្យមានការចូលរួម និងឆន្ទៈពិតប្រាកដ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៥
រយៈពេល៣ទសវត្សចុងក្រោយ ប្រទេសកម្ពុជាបានទទួលបន្តិចម្តងៗ នូវលំហូរនៃគ្រឿងញៀនពីខាងក្រៅ ធ្វើឲ្យកម្ពុជានាបច្ចុប្បន្ននេះ ក្លាយជាកន្លែងចរាចរគ្រឿងញៀនឆ្លងកាត់ផង និងជាកន្លែងចែកចាយគ្រឿងញៀនមួយនៃពិភពលោកផង។ ក៏ប៉ុន្តែព្រះរាជាណាចក្រមួយនេះ នៅមិនទាន់ក្លាយជាកន្លែងផលិតគ្រឿងញៀននៅឡើយទេ ខណៈវិធានការកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀន នៅមិនទាន់មានប្រសិទ្ធភាពខ្ពស់។
ការចេញមុខថ្មីៗបំផុតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈចំណាត់ការ ដែលមិនធ្លាប់មានទៅលើក្លឹបកំសាន្តរ៉ុក គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលបញ្ជាក់ថា ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ដែលមានវិសាលភាពកាន់តែធំទៅៗពីមួយឆ្នាំទៅមួយឆ្នាំ នឹងត្រូវបង្រួញមកឲ្យតូចទៅៗវិញ និងឈានទៅដល់ការកាត់បន្ថយឲ្យនៅទាបបំផុត។
ក៏ប៉ុន្តែដើម្បីសម្រេចបាននូវក្តីសង្ឃឹមនេះ ប្រមុខរដ្ឋាភិបាលតែម្នាក់ឯងមិនអាចធ្វើទៅបានទេប្រសិនបើគ្មានការចូលរួមពីអ្នកពាក់ព័ន្ធ ក្នុងនោះមានអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ។
ជាការពិត បញ្ហាគ្រឿងញៀនត្រូវគេមើលឃើញថាកំពុងតែធ្វើឲ្យប្រទេសកម្ពុជា ដែលមានប្រជាជនត្រឹមតែ១៦លាននាក់ ប្រឈមនឹងគ្រោះមហន្តរាយ ប្រសិនបើមិនមានវិធានការទប់ទល់ឲ្យទាន់ពេលវេលា។ ជាក់ស្តែង លំហូរគ្រឿងញៀន សកម្មភាពនៃការចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលជាជនរងគ្រោះ បានកើនឡើងជាលំដាប់ នេះបើគ្រាន់តែគិតត្រឹម៣ឆ្នាំចុងក្រោយជាឧទាហរណ៍។
យោងតាមរបាយការណ៍ កាលពីឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការបង្ក្រាបគ្រឿងញៀនបានប្រមាណជាង៤ពាន់ករណី ហើយចំនួននេះបានកើនឡើងគុណនឹង២ នៅឆ្នាំ២០១៧និង២០១៨ ដោយបរិមាណគ្រឿងញៀនក៏មានការកើនឡើងដែរ គឺសមត្ថកិច្ចដកហូតបានគ្រឿងញៀនជាង៥០០គីឡូក្រាម នៅឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧ ដែលមានជិត៣០០គីឡូក្រាម។ ដោយឡែកចំនួនអ្នកចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន ឬអ្នកញៀនថ្នាំ ក៏មានបរិមាណកាន់តែច្រើនគួរឲ្យព្រួយបារម្ភផងដែរ។
តាមរយៈរបាយការណ៍ខាងលើ វាជាសញ្ញាមួយបង្ហាញពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរទៅថ្ងៃអនាគត ប្រសិនបើមិនមានវិធានការទប់ស្កាត់ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពនោះទេ។
ការទប់ស្កាត់ដែលអាចមានប្រសិទ្ធភាពទៅបាន គឺត្រូវឈរលើគោលការណ៍មួយចំនួន ដូចជាកត្តាអ្នកដឹកនាំ។ អ្នកដឹកនាំពេលនេះ បានបង្ហាញនូវឆន្ទៈដ៏មោះមុតហើយថានឹងជីករំលើងដល់ឬសគល់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ដែលគេគិតថាសមត្ថកិច្ចធម្មតា មិនមានលទ្ធភាពធ្វើបាន។
មួយទៀតកត្តាសមត្ថកិច្ចជំនាញ។ សមត្ថកិច្ចជំនាញជាស្ថាប័នអនុវត្តច្បាប់មួយដ៏សំខាន់។ ប្រសិនបើការបង្ក្រាបគ្រឿងញៀន គ្រាន់តែធ្វើលំៗ មិនមានឆន្ទៈពិតប្រាកដទេ គ្រឿងញៀននៅតែមាន ហើយបន្តរីកកាន់តែធំ។ ការងារបង្ក្រាបគ្រឿងញៀន សមត្ថកិច្ចជំនាញ គួរទទួលបានសិទ្ធិសម្រេច ទោះករណីគ្រឿងញៀនតូចក្តី ឬធំក្តី។
ការស៊ុំគ្រលំគ្នា រវាងបុគ្គលសមត្ថកិច្ចខ្លះ និងអ្នកមានអំណាច ជាមួយនឹងអ្នកជួញដូរគ្រឿងញៀន ដែលមហាជនធ្លាប់សង្ស័យ និងរិះគន់កន្លងមក ជាហេតុផលមិនចេះជ្រះស្រឡះក្នុងការលុបបំបាត់គ្រឿងញៀននៅកម្ពុជា ចំណុចនេះ គួរត្រូវវះកាត់ ខណៈរដ្ឋាភិបាលកំពុងអនុវត្តយ៉ាងក្តៅគគុកនៃអភិក្រមចុងក្រោយ។
ករណីគ្រឿងញៀននេះ ប្រព័ន្ធយុត្តិធម៌ ក៏ត្រូវទាមទារឲ្យមានភាពច្បាស់លាស់ដែរ ដើម្បីចៀសវាង ការចោទប្រកាន់គ្នាទៅវិញទៅមក ដូចដែលសាធារណជនធ្លាប់បានលើកឡើងជារឿយៗ ថាមានអ្នកចាប់ មានអ្នកលែង ជាហេតុធ្វើឲ្យការបោសសំអាតជនល្មើសមិនមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ការចូលរួមពីស្ថាប័នពាក់ព័ន្ធផ្សេងទៀត ជាពិសេសពីប្រជាពលរដ្ឋ ក៏ជាចំណុចមួយសំខាន់ដែរ រួមនឹងកិច្ចការពារដ៏ជាក់លាក់មួយ ចំពោះអ្នករាយការណ៍អំពីគ្រឿងញៀន។ ការអប់រំ និងការយកចិត្តទុកដាក់ផ្ទាល់ៗពីសំណាក់សាលារៀន ពីអង្គការមិនមែនរដ្ឋាភិបាល នានា ពីសង្គមគ្រួសារ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាន។
ដូច្នេះ ការដាក់វិធានការកណ្តាប់ដៃដែករបស់ប្រមុខរដ្ឋាភិបាលប្រកបដោយឆន្ទៈខ្ពស់ រួមផ្សំនឹងចំណាត់ការច្បាស់លាស់របស់សមត្ថកិច្ចជំនាញ និងមានការចូលរួមពីអ្នកពាក់ព័ន្ធនានាប្រើប្រាស់គ្រប់មធ្យោបាយ រួមទាំងផ្លូវច្បាប់ និងការអប់រំផងនោះ នោះបញ្ហាគ្រឿងញៀន នឹងអាចកាត់បន្ថយបានជាអតិបរមា និងឈានទៅរកការលុបបំបាត់ពីកម្ពុជា។ ផ្ទុយទៅវិញ ប្រសិនបើស្ថានភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានអនុវត្តដូចភ្លើងចំបើង នោះកម្ពុជាជាពិសេសយុវជន ដែលជាធនធានមនុស្សដ៏សំខាន់ទៅអនាគត នឹងនៅតែក្លាយជាអ្នករងគ្រោះដោយគ្រឿងញៀន ហើយឱកាសអភិវឌ្ឍន៍ប្រទេសកម្ពុជានឹងមានភាពយឺតយ៉ាវ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ