ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/05 12h00 GMT

​ការ​លុប​បំបាត់​គ្រឿង​ញៀន ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម និង​ឆន្ទៈ​ពិត​ប្រាកដ​

​ការ​លុប​បំបាត់​គ្រឿង​ញៀន ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម និង​ឆន្ទៈ​ពិត​ប្រាកដ​
 
គ្រឿងញៀន @សហការី

រយៈ​ពេល​៣​ទសវត្ស​ចុង​ក្រោយ ប្រទេស​កម្ពុជា​បាន​ទទួល​បន្តិច​ម្តងៗ នូវ​លំហូរ​នៃ​គ្រឿង​ញៀន​ពី​ខាង​ក្រៅ ធ្វើ​ឲ្យ​កម្ពុជា​នា​បច្ចុប្បន្ន​នេះ ក្លាយ​ជា​កន្លែង​ចរាចរ​គ្រឿង​ញៀន​ឆ្លង​កាត់​ផង និង​ជា​កន្លែង​ចែក​ចាយ​គ្រឿង​ញៀន​មួយ​នៃ​ពិភព​លោក​ផង​។ ក៏​ប៉ុន្តែ​ព្រះរាជាណាចក្រ​មួយ​នេះ នៅ​មិន​ទាន់​ក្លាយ​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​នៅ​ឡើយ​ទេ ខណៈ​វិធាន​ការ​កាត់​បន្ថយ និង​លុប​បំបាត់​គ្រឿង​ញៀន នៅ​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។ 

ការ​ចេញ​មុខ​ថ្មីៗ​បំផុត​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា តាម​រយៈ​ចំណាត់​ការ ដែល​មិន​ធ្លាប់​មាន​ទៅ​លើ​ក្លឹប​កំសាន្ត​រ៉ុក គឺ​ជា​ការ​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ ដែល​បញ្ជាក់​ថា ការ​ជួញ​ដូរ កា​រចែក​ចាយ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដែល​មាន​វិសាល​ភាព​កាន់​តែ​ធំ​ទៅៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នឹង​ត្រូវ​បង្រួញ​មក​ឲ្យ​តូច​ទៅៗ​វិញ និង​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​ឲ្យ​នៅ​ទាប​បំផុត​។

ក៏​ប៉ុន្តែ​ដើម្បី​សម្រេច​បាន​នូវ​ក្តី​សង្ឃឹម​នេះ ប្រមុខ​រដ្ឋា​ភិបាល​តែ​ម្នាក់​ឯង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ប្រសិ​នបើ​គ្មាន​ការ​ចូល​រួម​ពី​អ្នក​ពាក់​ព័ន្ធ ក្នុង​នោះ​មាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច និង​ប្រជា​ពលរដ្ឋ​ផង​ដែរ​។

ជា​ការ​ពិត បញ្ហា​គ្រឿង​ញៀន​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​តែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាជន​ត្រឹម​តែ​១៦​លាន​នាក់ ប្រឈម​នឹង​គ្រោះ​មហន្ត​រាយ ប្រសិន​បើ​មិន​មាន​វិធាន​ការ​ទប់​ទល់​ឲ្យ​ទាន់​ពេល​វេលា​។ ជាក់​ស្តែង លំហូរ​គ្រឿង​ញៀន សកម្ម​ភាព​នៃ​ការ​ចែក​ចាយ និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ដែល​ជា​ជន​រង​គ្រោះ បាន​កើន​ឡើង​ជា​លំដាប់ នេះ​បើ​គ្រាន់​តែ​គិត​ត្រឹម​៣ឆ្នាំ​ចុង​ក្រោយ​ជា​ឧទាហរណ៍​។

យោង​តាម​របាយ​ការណ៍ កាល​ពី​ឆ្នាំ២០១៦ សមត្ថ​កិច្ច​បាន​ធ្វើ​ការ​បង្ក្រាប​គ្រឿង​ញៀន​បាន​ប្រមាណ​ជាង​៤​ពាន់​ករណី ហើយ​ចំនួន​នេះ​បាន​កើន​ឡើង​គុណ​នឹង​២ នៅ​ឆ្នាំ​២០១៧​និង​២០១៨ ដោយ​បរិមាណ​គ្រឿង​ញៀន​ក៏​មាន​ការ​កើន​ឡើង​ដែរ គឺ​សមត្ថកិច្ច​ដក​ហូត​បាន​គ្រឿង​ញៀន​ជាង​៥០០​គីឡូ​ក្រាម នៅ​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ជិត​៣០០​គីឡូ​ក្រាម​។ ដោយ​ឡែក​ចំនួន​អ្នក​ចែក​ចាយ និង​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​អ្នក​ញៀន​ថ្នាំ ក៏​មាន​បរិមាណ​កាន់​តែ​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ផង​ដែរ​។

តាម​រយៈ​របាយ​ការណ៍​ខាង​លើ វា​ជា​សញ្ញា​មួយ​បង្ហាញ​ពី​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​ទៅ​ថ្ងៃ​អនាគត ប្រសិន​បើ​មិន​មាន​វិធាន​ការ​ទប់​ស្កាត់​ឲ្យ​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​។

ការ​ទប់​ស្កាត់​ដែល​អាច​មាន​ប្រសិទ្ធ​ភាព​ទៅ​បាន គឺ​ត្រូវ​ឈរ​លើ​គោលការណ៍​មួយ​ចំនួន ដូច​ជា​កត្តា​អ្នក​ដឹក​នាំ។ អ្នក​ដឹក​នាំ​ពេល​នេះ បាន​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​ហើយ​ថា​នឹង​ជីក​រំលើង​ដល់​ឬស​គល់​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ ដែល​គេ​គិត​ថា​សមត្ថកិច្ច​ធម្មតា មិន​មាន​លទ្ធ​ភាព​ធ្វើ​បាន​។

មួយ​ទៀត​កត្តា​សមត្ថ​កិច្ច​ជំនាញ​។ សមត្ថកិច្ច​ជំនាញ​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​ដ៏​សំខាន់។ ប្រសិន​បើ​ការ​បង្ក្រាប​គ្រឿង​ញៀន គ្រាន់​តែ​ធ្វើ​លំៗ មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ទេ គ្រឿង​ញៀន​នៅ​តែ​មាន ហើយ​បន្ត​រីក​កាន់​តែ​ធំ។ ការងារ​បង្ក្រាប​គ្រឿង​ញៀន សមត្ថ​កិច្ច​ជំនាញ គួរ​ទទួល​បាន​សិទ្ធិ​សម្រេច ទោះ​ករណី​គ្រឿង​ញៀន​តូច​ក្តី ឬ​ធំ​ក្តី​។

ការ​ស៊ុំ​គ្រលំ​គ្នា រវាង​បុគ្គល​សមត្ថកិច្ច​ខ្លះ និង​អ្នក​មាន​អំណាច ជាមួយ​នឹង​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន ដែល​មហាជន​ធ្លាប់​សង្ស័យ និង​រិះ​គន់​កន្លង​មក ជា​ហេតុ​ផល​មិន​ចេះ​ជ្រះ​ស្រឡះ​ក្នុង​ការ​លុប​បំបាត់​គ្រឿង​ញៀន​នៅ​កម្ពុជា ចំណុច​នេះ គួរ​ត្រូវ​វះ​កាត់ ខណៈ​រដ្ឋា​ភិបាល​កំពុង​អនុវត្ត​យ៉ាង​ក្តៅ​គគុក​នៃ​អភិ​ក្រម​ចុង​ក្រោយ​។

ករណីគ្រឿងញៀននេះ ប្រព័ន្ធយុត្តិធម៌ ក៏ត្រូវទាមទារឲ្យមានភាពច្បាស់លាស់ដែរ ដើម្បីចៀសវាង ការចោទប្រកាន់គ្នាទៅវិញទៅមក ដូចដែលសាធារណជនធ្លាប់បានលើកឡើងជារឿយៗ ថាមានអ្នកចាប់ មានអ្នកលែង ជាហេតុធ្វើឲ្យការបោសសំអាតជនល្មើសមិនមានប្រសិទ្ធភាព។

ជាមួយ​គ្នា​នេះ ការ​ចូល​រួម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត ជា​ពិសេស​ពី​ប្រជាពល​រដ្ឋ ក៏​ជា​ចំណុច​មួយ​សំខាន់​ដែរ រួម​នឹង​កិច្ច​ការពារ​ដ៏​ជាក់​លាក់​មួយ ចំពោះ​អ្នក​រាយការណ៍​អំពី​គ្រឿង​ញៀន​។ ការ​អប់រំ និង​ការ​យក​ចិត្ត​ទុក​ដាក់​ផ្ទាល់ៗ​ពី​សំណាក់​សាលា​រៀន ពី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល នា​នា ពី​សង្គម​គ្រួសារ គឺ​ជា​ផ្នែក​មួយ ដែល​មិន​អាច​កាត់​ផ្តាច់​បាន​។

ដូច្នេះ ការ​ដាក់​វិធាន​ការ​កណ្តាប់​ដៃ​ដែក​របស់​ប្រមុខ​រដ្ឋា​ភិបាល​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់​ រួម​ផ្សំនឹ​ងចំណាត់​ការ​ច្បាស់​លាស់​របស់​សមត្ថកិច្ច​ជំនាញ និង​មាន​ការ​ចូល​រួម​ពី​អ្នក​ពាក់​ព័ន្ធ​នា​នាប្រើ​ប្រាស់​គ្រប់​មធ្យោ​បាយ រួម​ទាំង​ផ្លូវ​ច្បាប់ និង​ការ​អប់​រំ​ផង​នោះ នោះ​បញ្ហា​គ្រឿង​ញៀន នឹង​អាច​កាត់​បន្ថយ​បាន​ជា​អតិបរមា និង​ឈាន​ទៅ​រក​ការ​លុប​បំបាត់​ពី​កម្ពុជា​។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ស្ថាន​ភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ត្រូវ​បាន​អនុវត្ត​ដូច​ភ្លើង​ចំបើង នោះ​កម្ពុជា​ជា​ពិសេស​យុវជន ដែល​ជាធ​ន​ធាន​មនុស្ស​ដ៏​សំខាន់​ទៅ​អនាគត នឹង​នៅ​តែ​ក្លាយ​ជា​អ្នក​រង​គ្រោះ​ដោយ​គ្រឿង​ញៀន ហើយ​ឱកាស​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​នឹង​មាន​ភាព​យឺត​យ៉ាវ​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    ប្រាក់​ឈ្នួល​អប្បបរមា កម្មករ​កម្មការនី កំពុង​ពិភាក្សា​ដោយ​ល្អិត​ល្អន់

    ស្វែងយល់បន្ថែម

  • កម្ពុជា

    លោក​ ហ៊ុន សែន ​ផ្តល់​កាដូ​ពិសេស​ផ្ទួនៗ​ឲ្យ​កម្មករ ​មុន​ពេល​ចុះ​ជួប​ដល់​រោងចក្រ​

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក ប៉ាវ ស៊ីណា៖ កាដូ​ផ្ទួនៗ​ពី​លោក ហ៊ុន សែន អេះ​មិន​ទាន់​ចំ​រមាស់ តែ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ

    ស្វែងយល់បន្ថែម

  • កម្ពុជា

    សមាគម​រោងចក្រ​បង្ហើប​ពី​គម្រោង​ប្តូរ​រថយន្ត​ដឹក​កម្មករ​បច្ចុប្បន្ន

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក​កាំង ម៉ូនីកា៖ ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នឹង​មាន​ឥទ្ធិពល​លើ​ការ​កំណត់​ប្រាក់​ឈ្នួល​កម្មករ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ