អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​គុណ​ភាព សុក្រឹត​ភាព តម្លា​ភាព ​និង​យុត្តិ​ធម៌​នៃ​ការ​ប្រលង ​នៅ​តែ​មាន​បើ​ទោះ​ណា​គ្មាន​ACU​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ បាក់ឌុប នៅ​ឆ្នាំ​២០១៩​នេះ ត្រូវ​កំណត់​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី១៩​នេះ​និង​ថ្ងៃ​ទី២០​ខែ​សីហា​ស្អែក​។ អ្វី​ដែល​មាន​ការ​ខុស​ប្លែក​ជាង​ឆ្នាំ​មុន​គឺ ការ​ប្រលង​សញ្ញា​បត្រ​បាក់​ឌុប​នៅ​ឆ្នាំ​នេះ មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​អង្គការ​សមាគម​ផ្សេងៗ​ទៀត​ឡើយ​។ អវត្ត​មាន​អង្គ​ភាព​ACU នៅ​ឆ្នាំ​នេះ បង្ហាញ​ថា​ក្រសួង​អប់រំ ពិត​ជា​មាន​ភាព​រឹង​មាំ និង​អាច​ធានា​បាន​ដោយ​ខ្លួន​ឯង​នូវ​ដំណើរ​ការ​នៃ​ការ​ប្រលង​មួយ​ប្រកប​ដោយ​យុត្តិធម៌ និង​តម្លា​ភាព​។ 

ការប្រលងបាក់ឌុបនាឆ្នាំ២០១៩នេះ
ការប្រលងបាក់ឌុបនាឆ្នាំ២០១៩នេះ @Internet
ផ្សាយពាណិជ្ជកម្ម

បេក្ខជន​ចំនួន​ជាង​១១ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស បាន​និង​កំពុង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ និង​ថ្ងៃ​អង្គារ​ស្អែក គឺ​ការ​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​ប្រលង​បាក់​ឌុប បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​កាត់​ការ​សិក្សា​អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​។ កាល​ពី​ការ​ប្រលង​នៅ​ឆ្នាំ មុនៗ វត្តមាន​របស់ ACU ក្នុង​ពេល​ប្រលង​តែ​២ថ្ងៃ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​សិស្សា​នុ​សិស្ស ក៏​ដូច​ជា​លោក​គ្រូ អ្នក​គ្រូ ដែល​ជា​អនុ​រក្ស ប្រលង​និង​បំពេញ​ការងារ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។

សម្រាប់​សិស្ស​គឺ​ខ្លួន​ទីពឹង​ខ្លួន «អ្នក​ចេះ​គឺ​ជាប់»។ រីឯ​អនុរក្ស ក៏​ដូចជា​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត នៅ​ក្នុង​ការ​ប្រលង​នេះ ម្នាក់ៗ​ប្រឹង​ប្រែង​ធ្វើ​ការ​ដោយ​មិន​មាន​ការ​ធ្វេស​ប្រហែស ហើយ​ជា​លទ្ធផល​ភាព​មិន​ប្រក្រតី នៅ​ក្នុង​ការ​ប្រលង​ក៏​មាន​មិន​ច្រើន​ផង​ដែរ​។

តាមក្រសួងអប់រំ កាលពី​ឆ្នាំ​ ​២០១៧​ ​មាន​សិស្ស​ចំនួន​២៨​​នាក់​ រងការ​ពិន័យ​សម្រាប់​ការ​លួច​ចម្លង​ ​ខណៈ​ឆ្នាំ​ ​២០១៨​ ​មាន​សិស្សចំនួន​១៧​​នាក់​ ​បាន​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ ​ដោយសារតែ​មិនបាន​គោរព​តាម​គោលការណ៍នៃការប្រលង​។

រយៈ​ពេល​៥ឆ្នំា បន្ទាប់​ពី​ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​កំណែ​ទម្រង់ វិស័យ​អប់រំ​សិក្សា​ធិការ​ជាតិ បាន​ចម្រាញ់​រក​ឃើញ​សិស្សា​នុ​សិស្ស ដែល​មាន​គុណ​ភាព​ជា​ច្រើន​នាក់​។ ចំនួន​សិស្ស ដែល​ទទួល​បាន​និទ្ទេស A និង B កាន់​តែ​មាន​ការ​កើន​ឡើង​ច្រើន​ទៅៗ​ពី១ឆ្នាំ​ទៅ​មួយ​១ឆ្នាំ​។ សក្ខី​ភាព​នេះ បាន​ផ្តល់​ឱកាស​ដល់​កូន​អ្នក​ក្រ និង​សិស្ស ដែល​រៀន​ពិត​ប្រាកដ មាន​ឱកាស​ច្រើន​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ឧត្តម​សិក្សា ខុស​ពី​អតីត​កាល​អ្នក​ចេះ ជា​ពិសេស​កូន​អ្នក​ក្រ មិន​សូវ​មាន​សំណាង​ខ្ពស់​ឡើយ​។

​ជា​ការ​ពិត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ចូល​រួម​ជា​ភ្នែក ជា​ច្រមុះ ក្នុង​ការ​ឃ្លាំ​មើល​ការ​ប្រលង​បាក់​ឌុប​អស់​រយៈ​ពេល​៥ឆ្នាំ​កន្លង​មក​ហើយ​។ កាល​ពី​ឆ្នាំ ២០១៧ អង្គ​ភាព ACU បាន​ដាក់​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ចំនួន​ប្រមាណ​៤៥០០​នាក់ និង​ចុង​ក្រោយ​ឆ្នាំ២០១៨ ACU ដាក់​អ្នក​សង្កេត​ការណ៍​ចំនួន​៥ពាន់​នាក់​។ បាតុភាព​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រលង​បាក់​ឌុប រយៈ​ពេល​៥ឆ្នាំ​កន្លង​មក ត្រូវ​គេ​ទទួល​ស្គាល់​ជា​ទូទៅ​ថា​បាន​កើត​ឡើង​តិច​តួច ធៀប​ទៅ​នឹង​ការ​ប្រលង​កាល​ពី​ប៉ុន្មាន​ទសវត្ស​មុន​។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ប្រលង ដែល​ក្រសួង​អប់រំ​រៀប​ចំ​ដោយ​អវត្តមាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឆ្នាំ​២០១៩​នេះ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន បាន​ប្តេជ្ញា​ហើយ​ថា នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​ស្តង់​ដារ និង​គុណ​ភាព​ខ្ពស់​ដូច​អ្វី ដែល​ក្រសួង​ធ្លាប់​ធ្វើ​អស់​រយៈ​ពេល​៥ឆ្នាំ​កន្លង​មក​ដែរ​។ ការ​ប្រកាន់​ជំហរ​កំរិត​ស្តង់​ដារ និង​គុណ​ភាព​ខ្ពស់​ដូច្នេះ គឺ​ដោយ​សារ ក្រសួង​អប់រំ​បន្ត​ប្រកាន់​យក​នូវ​គោល​ការណ៍​៤សំខាន់​គឺ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធ​ផល​អាច​ទទួល​យក​បាន​។

ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ​បាន​អះអាង​ដែរ​ថា ការ​ប្រលង​នេះ នឹង​ប្រើ​ប្រាស់​សមត្ថភាព​អប្បមាទ និង​ជំនួយ​ការ​អប្ប​មាទ ជំនួស​ឲ្យ​ការ​សង្កេត​ការណ៍ ដែល​អង្គ​ភាព ACU ធ្លាប់​មាន​កន្លង​មក​។

ទោះ​យ៉ាង​ណា​ក៏​ដោយ សំណួរ​ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ តម្លាភាព និង​ក្តី​បារម្ភ នៅ​តែ​មាន​ការ​ចោទ​ឡើង​។ ក្តី​បារម្ភ​នោះ​គឺ​ថា តើ​ការ​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ នឹង​អាច​វិល​ទៅ​រក​អតីត​កាល​វិញ​ដែរ​ឬ​យ៉ាង​ណា ខណៈ ACU បាន​ដក​ខ្លួន​ពី​ការ​សង្កេត​ការណ៍​?

ដូច្នេះ ដើម្បី​ចៀស​វាង​ការ​រិះ​គន់ និង​ការ​ព្រួយ​បារម្ភ​ពី​ការ​ដើរ​ថយ​ក្រោយ​នៃ​សម័យ​ប្រលង​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​កម្ពុជា ក្រសួង​អប់រំ​គួរ​តែ​ប្រកាន់​នូវ​អ្វី​ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ដោយ​យោង​ទៅ​លើ​គោល​ការណ៍​កំណែ​ទម្រង់​ស៊ី​ជម្រៅ ដែល​ធ្លាប់​បាន​ធ្វើ​ប្រកប​ដោយ​ជោគ​ជ័យ​អស់​រយៈ​ពេល​៥ឆ្នាំ​កន្លង​ទៅ​នេះ​។

កំហុស​ឆ្គង​មួយ​ចំនួន ដូច​ជា​ការ​បាត់​ឈ្មោះ​សិស្ស​ពី​បញ្ជី​ប្រលង​កាល​ពី​ឆ្នាំ​ទៅ នៅ​ខេត្ត​កំពង់ធំ​ដោយ​សារ​តែ​នាយក​សាលា​លុប​ចោល​ដោយ​ភ័ន្ត​ច្រលំ កំហុស​បច្ចេកទេស​កុំព្យូទ័រ​ធ្ងន់​ធ្ងរ ដែល​ធ្វើ​ឲ្យ​លទ្ធផល​បេក្ខជន​ជិត​២ម៉ឺន​នាក់​មាន​ការ​ប្រែ​ប្រួល​ជា​ដើម គឺ​ជា​បទ​ពិសោធន៍ ដែល​ត្រូវ​តែ​មាន​ការ​ចៀស​វាង​ជា​ដាច់​ខាត​។ ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រសួង​អប់រំ​បាន​ប្តេជ្ញា​ហើយ​ថា នឹង​មិន​ឲ្យ​មាន​ឡើង​វិញ​ទេ នូវ​ចំណុច​ចន្លោះ​ប្រហោង ដែល​បាន​កើត​មាន​កាល​ពី​ឆ្នាំ​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ