ការរួបរួមគណបក្សរាជានិយម ផ្ដល់ប្រយោជន៍សម្រាប់បក្សកាន់អំណាច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០២
តាមរយៈជំនួបជាមួយលោក ញ៉ឹក ប៊ុនឆៃ កាលពីពេលថ្មីៗនេះ, សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានបង្ហាញពីព្រះទ័យចង់ឲ្យគណបក្សរាជានិយមពីរ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ បង្រួបបង្រួមគ្នាឡើងវិញ។ ថាតើគម្រោងបង្រួបបង្រួមនេះ នឹងអាចសម្រេចទៅរួចឬទេ? គ្មាននរណាអាចឆ្លើយនឹងសំណួរនេះបានច្បាស់ជាងសាម៉ីគណបក្សទាំងពីរឡើយ។ នាពេលនេះ អ្វីដែលគេមើលឃើញច្បាស់គឺថា ប្រសិនបើការបង្រួបបង្រួមនេះសម្រេចបានមែននោះ ផលប្រយោជន៍មិនមែនមានតែចំពោះគណបក្សរាជានិយមខ្លួនឯងឡើយ ប៉ុន្តែក៏មានផងដែរចំពោះគណបក្សកាន់អំណាច។ ហេតុអ្វី?
រុងរឿង បាក់បែក ដុនដាប។ នេះគឺជាសាវតាររបស់គណបក្សរាជានិយមដ៏ចំណាស់នៅកម្ពុជា គឺគណបក្សហ្វ៊ុនស៊ិនប៉ិច។ ពីគណបក្សមួយដែលមានអាសនៈចំនួន៥៨នៅក្នុងរដ្ឋសភាកាលពីឆ្នាំ១៩៩៣ មកជាគណបក្សដែលគ្មានបានទទួលអាសនៈណាមួយសោះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ គឺជាបទពិសោធដ៏ជូរចត់បំផុតរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។ មូលហេតុនៃបរាជ័យនយោបាយដ៏អាម៉ាសនេះ គឺបណ្ដាលមកពីការបែកបាក់គ្នាក្នុងចំណោមអ្នកស្នេហារាជានិយម។ ការបែកបាក់ដែលចាប់ផ្ដើមនៅឆ្នាំ២០០៦ បានធ្វើឲ្យឈាមរបស់ចលនារាជានិយមដ៏ធំមួយនេះ ហូរចេញបន្តិចម្ដងៗ រហូតស្ទើរតែសោះអស់ពីខ្លួន។
ថ្មីៗនេះ អតីតប្រមុខដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច គឺ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានបង្ហាញពីព្រះទ័យចង់ឲ្យគណបក្សរាជានិយមចំនួនពីរ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ បង្រួបបង្រួមគ្នាឡើងវិញ។ មែនទែនទៅ គណបក្សរាជានិយមទាំងពីរនេះ ធ្លាប់បែកបាក់និងធ្លាប់រួបរួមគ្នាម្ដងរួចមកហើយ នាឆ្នាំ២០១២ ដោយកាលណោះ ការរួបរួមគ្នាសម្រេចទៅបានក្រោមការសម្របសម្រួលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ប៉ុន្តែរួបរួមគ្នាមិនបានប៉ុន្មាន ការបែកបាក់ក៏កើតមានជាថ្មីទៀតរហូតមកទល់បច្ចុប្បន្ន។
ចំពោះបំណងចង់ឲ្យមានរួបរួមគ្នាជាថ្មីទៀតនាពេលនេះ គេនៅមិនទាន់ច្បាស់ទេថា អាចទៅរួចកម្រិតណា។ ប៉ុន្តែប្រសិនបើការបង្រួបបង្រួមនេះសម្រេចបានមែននោះ វានឹងផ្ដល់ប្រយោជន៍ដល់គណបក្សរាជានិយម។ ជាការពិត វាហាក់ដូចជាយឺតពេល ស្មុគស្មាញ និងពិបាកទៅរួចបន្តិច ប៉ុន្តែចំពោះគណបក្សរាជានិយម ការរួបរួមគ្នាឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីសាមគ្គីគ្នារវាងអ្នករាជានិយម។ ការរួបរួមគ្នា ទំនងជាមិនអាចផ្ដល់សន្ទុះគាំទ្រថ្មីអ្វីដល់គណបក្សរាជានិយមនេះឡើយ ប៉ុន្តែយ៉ាងហោចណាស់ វានឹងក្លាយទៅជាកម្លាំងចិត្តថ្មី ជាក្ដីសង្ឃឹមថ្មីរបស់អ្នករាជានិយម។ អ្នករាជានិយម ដែលបានបាក់បែកចែកជើងគ្នាដើរតាមផ្លូវរៀងៗខ្លួននាពេលកន្លងមក។
ក្រៅពីគណបក្សរាជានិយមដែលទទួលបានផលប្រយោជន៍ហើយ គណបក្សកាន់អំណាច ក៏ទំនងអាចទទួលបានផលប្រយោជន៍ពីការបង្រួបបង្រួមនេះដែរ ព្រោះសូមកុំភ្លេចថា ការបែកបាក់នៃគណបក្សរាជានិយមដែលអូសបន្លាយអស់ជាងមួយទសវត្សទៅហើយនោះ បានផ្លាស់ប្ដូរមុខមាត់ឆាកនយោបាយកម្ពុជាយ៉ាងខ្លាំង។ ការផ្លាស់ប្ដូរសំខាន់ជាងគេ គឺនៅពេលដែលគណបក្សហ្វ៊ុនស៊ិនប៉ិចបែកបាក់ចុះអន់ខ្សោយ អ្នកនយោបាយនិងអ្នកគាំទ្រនៃគណបក្សនេះជាច្រើនបានផ្លាស់ទ្រនំទៅជ្រកក្រោមស្លាកអតីតគណបក្សប្រឆាំង។ ដូច្នេះចង់ឬមិនចង់ គេមើលឃើញថា ការរួបរួមគ្នាឡើងវិញរបស់គណបក្សរាជានិយម នឹងអាចទាក់ទាញអ្នកគាំទ្រអតីតគណបក្សប្រឆាំងបានខ្លះ បើទោះបីជាមិនបានច្រើនក៏ដោយ។
យ៉ាងណាក៏ដោយ ដើម្បីអាចរួបរួមគ្នាទៅរួច គណបក្សរាជានិយមបងប្អូនគូសត្រូវ ចាំបាច់ត្រូវឆ្លងកាត់ឧបសគ្គមួយចំនួន។ ឧបសគ្គដំបូង៖ ប្រសិនបើមានការបង្រួបបង្រួមគ្នាជាថ្មី តើកៅអីដឹកនាំបក្សត្រូវធ្លាក់ទៅលើនរណា? ចំណែកឧបសគ្គសំខាន់មួយទៀត ទំនងជាគេចមិនផុតពីរឿងជំហររបស់គណបក្ស។ គឺដោយសារតែជំហរគណបក្សនេះហើយ ដែលរួមចំណែកធ្វើឲ្យគណបក្សរាជានិយមបែកបាក់គ្នានាពេលកន្លងមក។ ដូច្នេះប្រសិនបើមានការបង្រួបបង្រួមជាថ្មី តើហ្វ៊ុនស៊ិនប៉ិច នឹងប្រកាន់ជំហរជាគណបក្សអ្វី? ជាបក្សប្រឆាំង ឬជាបក្សគាំទ្ររដ្ឋាភិបាល? ឬហ្វ៊ុនស៊ិនប៉ិចគួរប្រកាន់ជំហរកណ្ដាល ដែលមិនប្រឆាំង តែក៏មិនគាំទ្ររដ្ឋាភិបាលទាំងស្រុង? ទាំងនេះគឺជាចំណោទដែលត្រូវដោះស្រាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ