អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​កា​ររួប​រួម​គណ​បក្ស​រាជា​និយម ​ផ្ដល់​ប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​តាម​រយៈ​ជំនួប​ជាមួយ​លោក ញ៉ឹក ប៊ុនឆៃ កាល​ពី​ពេល​ថ្មី​ៗ​នេះ, សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អតីត​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បង្ហាញ​ពី​ព្រះ​ទ័យ​​ចង់​ឲ្យ​គណបក្ស​រាជានិយម​ពីរ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួមជាតិ បង្រួប​បង្រួម​គ្នា​​ឡើង​វិញ​។ ​ថា​តើ​គម្រោង​បង្រួប​បង្រួម​នេះ នឹង​អាច​សម្រេច​ទៅ​រួច​ឬ​ទេ? គ្មាន​នរណា​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​ច្បាស់​ជាង​សាម៉ី​គណបក្ស​ទាំង​ពីរ​ឡើយ​។ នា​ពេល​នេះ អ្វី​ដែល​គេ​មើល​ឃើញ​ច្បាស់​គឺ​ថា ប្រសិន​បើ​ការ​បង្រួបបង្រួម​នេះ​សម្រេច​បាន​មែន​នោះ ផល​ប្រយោជន៍​មិន​មែន​មាន​តែ​ចំពោះ​គណបក្ស​រាជានិយម​ខ្លួន​ឯង​ឡើយ​ ប៉ុន្តែ​ក៏​មាន​ផង​ដែរ​ចំពោះ​គណបក្ស​កាន់​អំណាច​។ ហេតុ​អ្វី? 

សម្ដេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ
សម្ដេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ @RFI
ផ្សាយពាណិជ្ជកម្ម

រុងរឿង បាក់​បែក ដុន​ដាប​។ នេះ​គឺ​ជា​សាវតារ​របស់​គណបក្ស​រាជានិយមដ៏​ចំណាស់​នៅ​​កម្ពុជា គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ពី​គណបក្ស​មួយ​ដែល​មាន​អាសនៈ​ចំនួន​៥៨​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ឆ្នាំ​១៩៩៣ មក​ជា​គណបក្ស​ដែលគ្មាន​បាន​ទទួល​អាសនៈ​ណា​មួយ​សោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ គឺ​ជា​បទ​ពិសោធ​ដ៏​ជូរ​ចត់​បំផុត​របស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​។ មូលហេតុ​នៃ​បរាជ័យ​នយោបាយ​ដ៏​អាម៉ាស​នេះ គឺ​បណ្ដាល​មក​ពី​ការ​បែកបាក់​គ្នា​ក្នុង​ចំណោម​អ្នក​ស្នេហា​រាជានិយម​។ ​ការ​បែក​បាក់​ដែល​ចាប់​ផ្ដើម​នៅ​​ឆ្នាំ​២០០៦ ​បាន​ធ្វើ​ឲ្យ​ឈាម​របស់​ចលនា​រាជានិយម​ដ៏​ធំមួយ​នេះ ហូរ​ចេញ​បន្តិច​ម្ដង​ៗ រហូត​ស្ទើរ​តែ​សោះ​អស់​ពី​ខ្លួន​។

​ថ្មី​ៗ​នេះ អតីត​ប្រមុខ​ដឹក​នាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​បង្ហាញ​ពី​ព្រះ​ទ័យ​​​ចង់​ឲ្យ​គណបក្ស​រាជានិយមចំនួន​ពីរ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួមជាតិ បង្រួប​បង្រួម​គ្នា​​ឡើង​វិញ​។ មែន​ទែនទៅ គណបក្ស​រាជានិយម​ទាំង​ពីរ​នេះ ធ្លាប់​បែក​បាក់​និង​ធ្លាប់​រួបរួម​គ្នាម្ដង​​រួចមក​​ហើយ​ នា​ឆ្នាំ​២០១២ ដោយ​កាល​ណោះ ការ​រួបរួម​គ្នា​សម្រេច​ទៅ​បាន​ក្រោម​ការ​សម្រប​សម្រួល​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​។ ប៉ុន្តែ​រួបរួម​គ្នា​មិន​បាន​ប៉ុន្មាន ការ​បែក​បាក់​ក៏​កើត​មាន​ជា​ថ្មី​ទៀត​រហូត​មក​ទល់​បច្ចុប្បន្ន​។

ចំពោះ​បំណង​ចង់​ឲ្យ​មាន​រួបរួម​គ្នា​ជា​ថ្មី​ទៀត​នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ច្បាស់​​ទេ​ថា អាច​ទៅ​រួច​កម្រិត​ណា​។ ប៉ុន្តែ​ប្រសិន​​​បើ​ការ​បង្រួបបង្រួម​នេះ​សម្រេច​បាន​មែន​នោះ វា​នឹង​ផ្ដល់​ប្រយោជន៍​ដល់​គណបក្ស​រាជានិយម​។ ជា​ការ​ពិត វា​​ហាក់​ដូច​ជា​យឺត​ពេល ស្មុគស្មាញ និង​ពិបាក​ទៅ​រួច​​បន្តិច ប៉ុន្តែ​ចំពោះគណបក្ស​រាជានិយម ការ​រួបរួម​គ្នាឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ស្មារតី​សាមគ្គី​គ្នា​រវាង​អ្នក​រាជានិយម​។ ការ​រួប​រួម​គ្នា ទំនង​ជា​មិន​អាច​ផ្ដល់​សន្ទុះ​គាំទ្រ​ថ្មី​អ្វី​ដល់​គណបក្ស​រាជានិយម​នេះ​ឡើយ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ វា​នឹង​ក្លាយ​ទៅ​ជា​កម្លាំង​ចិត្ត​ថ្មី ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​អ្នក​រាជានិយម។ អ្នក​រាជានិយម ដែលបាន​បាក់​បែក​ចែក​ជើង​គ្នាដើរ​តាម​ផ្លូវ​រៀង​ៗ​ខ្លួន​​នា​ពេល​កន្លង​មក​។

​ក្រៅ​ពី​គណបក្ស​រាជានិយម​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ហើយ គណបក្ស​កាន់​អំណាច ក៏​ទំនង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​បង្រួប​បង្រួមនេះ​ដែរ​ ព្រោះ​សូម​កុំ​ភ្លេច​ថា ការ​បែក​បាក់​នៃ​គណបក្ស​រាជានិយម​ដែល​អូស​បន្លាយ​អស់​ជាង​មួយ​ទសវត្ស​ទៅ​ហើយ​នោះ បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​ឆាក​នយោបាយ​កម្ពុជា​យ៉ាង​ខ្លាំង​។ ការ​ផ្លាស់​ប្ដូរ​សំខាន់​ជាង​គេ គឺ​នៅ​ពេល​ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បែក​បាក់ចុះ​អន់​ខ្សោយ អ្នក​នយោបាយ​និង​អ្នក​គាំទ្រ​នៃ​គណបក្ស​នេះ​ជា​ច្រើន​បាន​ផ្លាស់​ទ្រនំ​ទៅ​ជ្រក​ក្រោម​ស្លាក​អតីត​គណបក្ស​ប្រឆាំង​។ ដូច្នេះ​ចង់​ឬ​មិន​ចង់ គេ​មើល​ឃើញ​ថា ការ​រួប​រួម​គ្នា​ឡើង​វិញ​របស់​គណបក្ស​រាជានិយម នឹង​អាច​ទាក់ទាញ​អ្នកគាំទ្រ​អតីត​គណបក្ស​ប្រឆាំងបាន​ខ្លះ បើ​ទោះ​បី​ជា​មិន​បាន​ច្រើន​ក៏​ដោយ​។

យ៉ាង​ណា​ក៏​ដោយ ដើម្បី​អាច​រួបរួម​គ្នា​ទៅ​រួច គណបក្ស​រាជានិយម​បង​ប្អូន​គូ​សត្រូវ ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​មួយ​ចំនួន​។ ឧបសគ្គដំបូង៖ ប្រសិន​បើ​មាន​ការ​បង្រួប​បង្រួម​គ្នា​ជា​ថ្មី តើ​កៅអី​ដឹក​នាំ​បក្ស​ត្រូវ​ធ្លាក់​ទៅ​លើ​នរណា? ចំណែក​ឧបសគ្គសំខាន់​មួយ​ទៀត​​ ទំនង​ជា​គេច​មិន​ផុត​ពី​រឿង​ជំហរ​របស់​គណបក្ស​។ គឺ​ដោយ​សារ​តែ​ជំហរ​គណបក្ស​នេះ​ហើយ ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​គណបក្ស​រាជានិយម​បែក​បាក់​គ្នា​នា​ពេល​កន្លង​មក​។ ដូច្នេះ​ប្រសិន​បើ​មាន​ការ​បង្រួប​បង្រួម​ជា​ថ្មី តើ​ហ្វ៊ុនស៊ិនប៉ិច នឹង​ប្រកាន់​ជំហរ​ជា​គណបក្ស​អ្វី? ជា​បក្ស​ប្រឆាំង ឬ​ជា​បក្ស​គាំទ្រ​រដ្ឋាភិបាល? ឬ​ហ្វ៊ុនស៊ិនប៉ិច​គួរប្រកាន់​ជំហរ​កណ្ដាល ដែល​មិន​ប្រឆាំង តែ​ក៏​មិន​គាំទ្រ​រដ្ឋាភិបាល​ទាំង​ស្រុង​? ទាំង​នេះ​គឺ​ជា​ចំណោទ​ដែល​ត្រូវ​ដោះ​ស្រាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ