ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

​ទំនាស់​ទស្សនៈ​នយោ​បាយ​នៅក្នុង​​ហ្វេស​ប៊ុក ធ្វើ​ឲ្យ​សង្គម​បែក​បាក់​

​ទំនាស់​ទស្សនៈ​នយោ​បាយ​នៅក្នុង​​ហ្វេស​ប៊ុក ធ្វើ​ឲ្យ​សង្គម​បែក​បាក់​
 
រូបភាពតំណាង @Internet

ទំនាស់​ទស្សនៈ​នយោបាយ នៅ​តែ​បន្ត​សាយ​ភាយ​លើ​បណ្ដាញ​សង្គម​។ សម្រាប់​ប្រទេសដែល​​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​កម្ពុជា ទំនាស់​ទស្សនៈ​នយោបាយ​គឺ​ជា​រឿង​ធម្មតា​​។ ប៉ុន្តែ​វាគឺ​ជា​រឿង​គួរ​ឲ្យ​បារម្ភ ហើយ​អាច​ធ្វើ​ឲ្យ​សង្គម​បែក​បាក់​ទៅ​វិញ ប្រសិន​បើ​ទំនាស់​ទស្សនៈ​នយោបាយ​នោះ ឈរ​លើ​ជំហរ​ដាច់​ណាត់ និង​ប្រកាន់​តឹង​​។ 

បើ​ទោះ​បី​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​រំលាយ​រចនាសម្ព័ន្ធ​អស់ជាង​​ពីរ​ឆ្នាំ​រួច​មក​ហើយ​ក្ដី ក៏​ទំនាស់​នយោបាយ​រវាងអតីត​គណបក្ស​នេះ​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ត្រូវ​គេ​សង្កេត​ឃើញ​ថា ​នៅ​​តែ​មានភាព​តាន​តឹងដដែល​។ មែន​ទែន​ទៅ ទំនាស់​រវាង​គណបក្ស​នយោបាយឬ​អ្នក​នយោបាយ គឺ​​ជា​រឿង​ធម្មតា​មួយ ដែល​តែង​តែ​កើត​ឡើង​ជា​ញឹក​ញាប់​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ​នៅ​កម្ពុជា ទំនាស់​រវាង​គណបក្ស​នយោបាយនិង​ទំនាស់​នៃ​អ្នក​នយោបាយ កំពុង​តែ​ទាញ​ឲ្យ​អ្នក​គាំទ្រ​​ទាស់​គំនិត​គ្នា​ដែរ​។ អ្នក​គាំទ្រ​បក្ស​នយោបាយ​បាន​បង្ហាញ​ជំហរ​​ដាច់​ណាត់​រៀង​ៗ​ខ្លួន ធ្វើ​ឲ្យ​សង្គម​កម្ពុជា​ប្រឈម​នឹង​ការ​ប្រេះ​ឆា​កាន់​តែ​ខ្លាំង​។

ទំនាស់​ទស្សនៈ​នយោបាយ​របស់​ពលរដ្ឋ កំពុង​បង្ហាញ​​ខ្លួន​និង​គ្រប​ដណ្តប់នៅ​តាម​បណ្តាញ​សង្គម ដែល​ជា​វេទិកា​​សាធារណៈ​ដ៏​ទូលំទូលាយ​។ នៅ​ពេល​ដែល​មាន​វេទិកា​សម្រាប់​បញ្ចេញ​មតិ​​យ៉ាង​ដូច្នេះ​ទើបគេដឹង​ថា បាតុភូត​នេះ ពិត​ជា​បញ្ហា​សង្គម​មួយ​ដ៏​គួ​រឲ្យ​​ព្រួយ​បារម្ភមែនទែន។

នៅលើទីលាន​បណ្តាញសង្គម ក្រុម​អ្នកគាំទ្រគណបក្សឬ​និន្នាការ​នយោបាយ​​ផ្សេងគ្នា​ កំពុង​ប្រើប្រាស់​ពាក្យ​អសុរស ជេរ​ប្រមាថ​​គ្នា​យ៉ាង​ពេញ​ទំហឹង ដោយ​គ្មាន​ក្រែង​រអា​អ្វីឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួកគេ​​ហ៊ាន​ប្រមាថគ្នាដោយ​ចំហ​​ដល់​មេដឹក​នាំ​នយោបាយ​​ដែល​គេ​មិនពេញ​ចិត្ត​ទៀត​ផង។ អ្វី​ដែល​គួ​រអោយ​ព្រួយ​បារម្ភ​នោះ គឺជាជំហរ​ជ្រុល​និយម ជំហ​ដាច់​ណាត់ ​ដាច់ខាត​និយម​នៃ​ពលរដ្ឋដែល​ជា​​អ្នកគាំទ្រអ្នក​​នយោបាយ។

ឧទាហរណ៍ ចំពោះ​អ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ ​ អ្នកដែល​បាន​កសាងប្រទេស​រហូត​ដល់​ថ្ងៃ​នេះ គឺមានតែ​មេដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា​នោះទេ។ សម្រាប់​ពួក​គេ ​លោកសម រង្ស៊ី និង​លោក​កឹម សុខា ស្ថាបនិក​អតីត​គណបក្ស​ប្រឆាំង គឺ​​ជា​អ្នកបង្ក​អសន្តិសុខ និង​ធ្វើនយោបាយ​ប្រជាភិថុត។ ដោយ​ឡែក​ចំពោះ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិវិញ គ្រប់សកម្មភាព​ និង​ពាក្យពេចន៍​​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ គឺ​ជា​រឿង​ត្រឹម​ត្រូវ ហើយ​សុទ្ធតែ​ត្រូវ​បាន​សាទរ និងចែកផ្សាយបន្ត​។ នៅ​ក្នុង​ក្រសែ​ភ្នែក​ពួក​គេ គណបក្ស​កាន់​អំណាច​គ្រាន់​តែ​ជា​ក្រុម​មនុស្ស​ផ្ដាច់​ការ ដែល​ពួក​គេ​ចង់​ផ្លាស់​ប្ដូរ​តែ​ប៉ុណ្ណោះ​។

សម្រាប់​អ្នកគាំទ្រ​ទាំងសងខាង​នេះ គឺ​មាន​តែ​គណបក្ស​ខ្លួន​ និង​មេដឹកនាំ​របស់​ខ្លួន​ទេ​ដែល​និយាយ​ត្រូវ និងធ្វើត្រូវ​។ មេដឹកនាំផ្សេង អ្នកអត្ថាធិប្បាយ​នានាផ្សេងទៀត ប្រសិន​បើ​និយាយ​ផ្ទុយ​ពី​មេដឹកនាំ​ខ្លួន​នោះ គឺ​ជា​អ្នកខុស ​គឺ​ជា​សត្រូវ។ ហើយ​ការ​រិះគន់ ជេរប្រមាថ​នៅ​លើ​បណ្តាញ​សង្គម ក៏ត្រូវបាន​គេ​ធ្វើ​ និង​​ផ្សព្វផ្សាយ​​ភ្លាម​ដែរ។

ប្រការទាំង​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​​កម្ពុជា​ប្រឈម​នឹង​ការ​​បែកបាក់​​ក្នុង​សង្គម បង្កើត​ជា​វប្បធម៌​សង​សឹក និង​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ ពាក្យ​ពេចន៍​ជេរប្រមាថគ្នា ទាំង​ជា​វីដេអូ និង​ការ​សរសេរនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ជា​ឧទាហរណ៍​ស្រាប់​។ ពេលខ្លះ រូបថត​អ្នកនយោបាយ​ត្រូវបាន​គេ​យក​ទៅ​​ប្រើប្រាស់​កាត់​រូបភាព​ជាមួយ​សត្វ​ក៏មាន​ដែរ។ ទាំង​អស់​នេះ​ គឺសុទ្ធតែ​ជា​បញ្ហា​សង្គម​ដែល​ត្រូវ​ដោះស្រាយ និង​កាត់បន្ថយ​លុបបំបាត់​ដើម្បី​សន្តិភាព និង​សុខដុមរមនា​ក្នុង​សង្គម​ខ្មែរ។

ចុះ​តើ​គេ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​? ដំបូង​បង្អស់ គេ​ត្រូវ​ចាប់​ផ្ដើម​ពី​អ្នក​នយោបាយ​។ អ្នក​នយោបាយ ដែលជា​ចំណុច​ចាប់​ផ្ដើម​នៃ​ទំនាស់ទស្សនៈ ​គួរតែ​​សាប​ព្រោះ​វប្បធម៌​ប្រជាធិបតេយ្យ​ឲ្យ​បាន​ច្រើន។ ចំណែក អ្នកគាំទ្រគណបក្ស​​នយោបាយ​ទាំងអស់​គួរ​ប្រកាន់​ជំហរ​ទន់ភ្លន់ជាងនេះ មិន​ដាច់ខាត និង​ជ្រុល​និយម ដើម្បី​ផ្តល់​ឱកាសអោយខ្លួន​ឯង​ អាច​មើល​ឃើញ​នូវ​អ្វី​ដែល​ជាចំនុច​វិជ្ជមាន​ច្រើន​ពី​ខាងក្រៅ លើស​ពីអ្វី​ដែល​ខ្លួន​បាន​ឃើញ​នៅ​ក្នុង​ក្រុម​នយោបាយ​របស់​ខ្លួន។ ធ្វើ​យ៉ាង​នេះ​បាន​ មាន​ន័យ​ថា​ពួក​គេកំពុង​តែ​រួម​ចំណែក​​កសាង​សង្គម​កម្ពុជាឲ្យ​មាន​សន្តិភាព និង​សុខដុមរមនា​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ហេតុ​អ្វី​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជារង​ការ​រិះ​គន់​ពី​ប្រទេស​លោក​ខាង​លិច​?

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ករណី​​លោក កឹម សុខា ជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ?

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ​សេណា​រីយ៉ូ ចំនួន​៣ សម្រាប់​ដំណើរ​វិល​ចូល​ស្រុក​របស់​ លោក សម រង្ស៊ី​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ