អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​វប្បធម៌​លើក​តម្កើង​បុគ្គល​នៅ​ក្នុង​សង្គម​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​វប្បធម៌​លើក​តម្កើង​បុគ្គល នៅ​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​កម្ពុជា​។ មន្ដ្រី​រាជការ​គ្រប់​ជាន់​ថ្នាក់ ជា​ពិសេស​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​តែ​ម្ដង បាន​ប្រណាំង​​គ្នាបង្ហាញ​​គាំទ្រ​និង​លើក​តម្កើង​​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​យ៉ាង​លើស​លុប។ មែន​ទែន​ទៅ ការ​លើក​តម្កើង​បុគ្គល​ណាមួយ មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​ការ​លើក​តម្កើង​នោះ​ខ្ពង់ខ្ពស់​ហួស​ជ្រុល​ពេក វា​នឹង​បំផ្លាញ​បុគ្គល​ដែល​ត្រូវ​បាន​លើក​តម្កើង​នោះ​ទៅ​វិញ​។ 

(រូបភាពតំណាង)
(រូបភាពតំណាង) @REUTERS
ផ្សាយពាណិជ្ជកម្ម

ពាក្យ​ថា វប្បធម៌​លើក​តម្កើង​បុគ្គល ឬ Cult of Personality ថ្វី​ត្បិត​តែ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៨០០​ក្នុង​ប្រទេស​បារាំង​និង​អាឡឺម៉ង់​ក៏​ពិត​មែន ប៉ុន្តែ​ប្រទេស​នានា​លើ​លោក​រួម​ទាំង​កម្ពុជា​ផង បាន​ប្រតិបត្តិ​ទម្លាប់​នេះ​តាំង​ពី​បុរាណ​កាល​មក​ហើយ​។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ជនជាតិ​ខ្មែរ​មាន​ទម្លាប់​លើក​តម្កើង​​​ព្រះ​មហាក្សត្រ​ ថា​ជា​អាទិទេព ជា​ព្រះ​ពុទ្ធ ជា​បុគ្គល​មាន​បារមី​ស័ក្តិសិទ្ធិ ជា​ម្លប់ដ៏​ត្រជាក់​ត្រជុំ​​នៃ​ប្រទេស​។ ក្រោយ​ៗ​មក នៅ​ពេល​ដែល​ប្រទេស​ប្ដូរ​របប​នយោបាយ ថ្នាក់​ដឹក​នាំ​ប្រទេស​ត្រូវ​បាន​គេ​គោរព​លើក​តម្កើង​ជំនួស​វិញ​។

នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ លោក​សេនា​ប្រមុខ លន់ នល់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរជន​ដ៏​ឆ្នើម​បំផុត​។ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គេ​បាន​ប្រើ​ប្រាស់​ពាក្យ អង្គការ​មហាលោត​ផ្លោះ មហា​អស្ចារ្យ ដើម្បី​ហៅ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​នេះ​។ ក្រោយ​ៗ​មក​ទៀត នៅ​ក្នុង​សម័យ​​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ ថ្នាក់​ដឹក​នាំ ជាទូទៅ ត្រូវ​បាន​មន្ដ្រី​ថ្នាក់​ក្រោម អ្នក​គាំទ្រ ក៏​ដូច​ជា​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន ចាត់ទុក​ជា​បុគ្គល​ដ៏​ខ្ពង់​ខ្ពស់​។ ការ​ចូល​រួម​នៅ​ក្នុង​ពិធី​ណាមួយ គឺ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់។ ការ​និយាយ​ជា​សាធារណៈ គឺ​ជា​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​។ សូម្បី​តែ​ហត្តលេខា ក៏​គេ​ចាត់​ទុក​ថា​ជា​ហត្តលេខា​ដ៏​ខ្ពង់​ខ្ពស់​ដែរ​។​ នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន តាំង​ពី​កម្មវិធី​ព័ត៌មាន រហូត​ដល់​កម្មវិធី​កម្សាន្ត សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្ជាប់​ជាមួយ​ដោយ​សារ​លើក​តម្កើង​ពី​គុណ​បំណាច់ ការ​តស៊ូ និង​ការ​លះបង់នានា ដើម្បី​សុខ​សន្តិភាព​របស់​ប្រទេស​។

ជា​ការ​ពិត​ហើយ​ថា ការ​លើក​តម្កើង​បុគ្គល​ណាមួយ មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​ការ​លើក​តម្កើង​នោះ​​​ខ្ពង់ខ្ពស់​ហួស​ជ្រុល​ពេក មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត វា​នឹង​​ត្រឡប់​ទៅ​​បំផ្លាញ​មេ​ដឹក​នាំ​​ដែល​ត្រូវ​បាន​លើក​តម្កើង​នោះ​ទៅ​វិញ​។ ជា​ទូទៅ នៅ​ក្នុង​សង្គម​ដែល​ប្រកាន់​យក​វប្បធម៌​លើក​តម្កើង​បុគ្គល គេ​ច្រើន​តែ​សង្កេត​ឃើញ​ថា ថ្នាក់​ដឹក​នាំ​មាន​អំណាច​ខ្លាំង ក្នុង​ការ​បង្គាប់​​បញ្ជា​​មន្ដ្រី​ថ្នាក់​ក្រោម​​​។ ការ​អនុវត្ត​របៀប​នេះ​ក្លាយ​ជា​ទម្លាប់ រហូត​ធ្វើ​ឲ្យ​មន្ដ្រី​ថ្នាក់​ក្រោម​ក្លាយ​ជា​ខ្ជិល​ច្រអូស មិន​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​ខ្លួន ទាល់​តែ​មាន​បញ្ជា​ពី​ថ្នាក់​លើ​។ ទាំង​នេះ​បាន​ធ្វើ​ឲ្យ​បញ្ហា​តូច​ប្រមូល​ផ្ដុំ​ក្លាយ​ជា​បញ្ហា​ធំ និង​ចាក់​ស្រែះ​ពិបាក​ដោះ​ស្រាយ​។

ជា​ការ​កត់​សម្គាល់ គេ​សង្កេត​ឃើញ​ថា​​វប្បធម៌​លើក​តម្កើង​ ដើម្បី​ផ្គាប់​ថ្នាក់លើ​ច្រើនជាង​ផ្គាប់ចិត្ត​ពលរដ្ឋ​ម្ចាស់ឆ្នោត ​នៅតែ​មិនទាន់​ថមថយ​នៅឡើយ​ទេ។ សព្វ​ថ្ងៃ គេ​នៅ​តែ​ប្រទះ​ឃើញ សារ​ជូន​ពរ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា​សម្រាប់​បុគ្គល​ណា​ម្នាក់ ជា​ពិសេស​ថ្នាក់​ដឹក​នាំ នៅ​ក្នុង​ឱកាស​ខួប​កំណើត ឬ​ក្នុង​ឱកាស​តែង​តាំង​ឋានៈ​ថ្មី​ណា​មួយ​។

យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​បន្ទោស មន្ដ្រី​ថ្នាក់​ក្រោមចំពោះ​ការ​លើក​តម្កើងមេ​កើយ​យ៉ាង​ដូច្នេះ​ណាស់​។ ពិបាក​បន្ទោស ព្រោះការ​ប្រតិបត្ត​របៀប​នេះ កើត​មាន​តាំង​ពី​បុរាណ​កាល ហើយ​បន្ត​កើត​មាន​កាន់​តែ​ច្រើន​ឡើង​ៗ​នា​ពេល​បច្ចុប្បន្ន​។ អ្នក​លើក​តម្កើង​គេ​មួយ​ចំនួន មិន​ត្រឹម​តែ​ចង់​ទំយើ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​តាម​ទម្លាប់​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​ចង់​បាន​មក​វិញ​ដែរ​នូវ​ឥទ្ធិពល​និង​ផល​ប្រយោជន៍​។

ដូច្នេះ ការ​បញ្ចប់​វប្បធម៌​លើក​តម្កើងបុគ្គល​ដែល​ជា​មេកើយ​​នេះ ទំនង​មិន​អាច​ទៅ​រួច​ទេ ប្រសិន​បើ​គេ​រង់​ចាំ​តែ​ការ​អនុវត្ត​ពី​មន្ដ្រី​ថ្នាក់​ក្រោម​តែ​ម្ខាង​។ មន្ដ្រីថ្នាក់​លើ ដែល​ត្រូវ​គេ​លើក​តម្កើង ត្រូវ​ទទួល​ស្គាល់​ថា ការ​ប្រព្រឹត្ត​របៀប​នេះ កំពុង​តែ​បង្កើត​ជា​បញ្ហា​។ ហើយ​ត្រូវ​បង្កើត​ទម្លាប់​ថ្មី​ ដែល​ថ្នាក់​ក្រោម​អាច​សរសើរ ព្រម​ទាំង​រិះគន់ស្ថាបនា​​មន្ដ្រី​ថ្នាក់​លើ ដោយ​ផ្អែក​លើ​តថភាព​ជាក់​ស្ដែង​។ មាន​តែ​ទម្លាប់​ថ្មី​ដូច្នេះ​ទេ ទើប​អាច​ផ្ដួល​រំលំ​នូវ​ការ​ធ្វើ​នយោបាយ​បែប​អំណាច​ប្រមូល​ផ្ដុំ ឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ជាតិ​បាន​ពិត​ប្រាកដ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ