ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ដើរ​ដល់​ផ្លូវ​ទាល់​?​

​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ដើរ​ដល់​ផ្លូវ​ទាល់​?​
 
​ខួប​២​ឆ្នាំ​ នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម​ លោក កែម ឡី (រូបភាពឯកសារ) @សហការី

សំណុំ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដើរ​ដល់​របត់​មួយ​ថ្មី​។ នៅ​ថ្ងៃ​សុក្រ ទី​២៤​ឧសភា កន្លង​ទៅ​នេះ តុលាការ​កំពូល បាន​ប្រកាស​សាល​ដីកាបិទ​ផ្លូវ​តវ៉ា​​ក្នុង​សំណុំ​រឿង​នេះ ដោយ​ប្រកាស​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍​ឲ្យ​នៅ​ដដែល។ ពោល​គឺ ផ្ដន្ទាទោស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ សម្រាប់​អ្នក​វិភាគ​មួយ​ចំនួន ការ​ផ្ដន្ទាទោស​ឃាតករ​ឈ្មោះ ​ជួប សម្លាប់ គឺ​ជា​យុត្តិធម៌។ ប៉ុន្តែ​វា​ជា​យុត្តិធម៌​​សម្រាប់ ​​ជួប ​សម្លាប់ ប៉ុណ្ណោះ​ មិនមែន​​​សម្រាប់​លោក កែម ឡី ទេ​។ នៅ​ពេល​ដែល​តុលាការ​កំពូល​ប្រកាស​សាលដីកា​បិទ​ផ្លូវ​តវ៉ា តើ​នេះ​មាន​ន័យ​ថា យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ដើរ​ដល់​ផ្លូវ​ទាល់​ហើយ​ឬ​? 

គិត​រហូត​មក​ទល់​ថ្ងៃ​នេះ លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​ឈ្មោះ បាន​លា​ចាក​ពី​លើ​លោក​នេះ​អស់​រយៈ​ពេលជាង​២​ឆ្នាំ​មក​ហើយ​។ ជាង​២​​ឆ្នាំ​កន្លង​មក​នេះ សម្រែក​ទាមទារ​រក​យុត្តិធម៌​នៅ​តែ​បន្លឺ​ឡើង​ជា​ប្រចាំ បើ​ទោះ​បី​ជា​តុលាការ បាន​សម្រេច​ផ្ដន្ទាទោស​ខ្មាន់​កាំភ្លើង​ដែល​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី រួច​ហើយ​ក៏​ដោយ​។

ជួប សម្លាប់ ឬ អឿត អាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ រហូត​ដល់​តុលាការ​កំពូល ចេញ​សាល​ដីកា​​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​កាន់​កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​។

ចំពោះ​​សំណុំ​រឿង​ទូទៅ សាលដីកា​​គឺ​ជា​សេចក្ដី​ប្រកាស​ពី​យុត្តិធម៌​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​កត់​សម្គាល់​ថា យុត្តិធម៌​ដែលត្រូវ​បាន​ប្រកាស​ក្នុង​សាលដីកា​របស់​តុលាការ​កំពូល គឺ​សម្រាប់ ​​ជួប ​សម្លាប់ ប៉ុណ្ណោះ​ មិនមែន​​​សម្រាប់​លោក កែម ឡី ទេ​។ នោះ​ក៏​ព្រោះ​តែ​ដំណើរការ​កាត់​សេចក្ដី​ក្នុង​សំណុំ​រឿង​នេះ តាំង​ពី​តុលាការ​ជាន់​ទាប រហូត​ដល់​តុលាការ​ជាន់​ខ្ពស់ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ភាគី​តែ​ម្ខាង គឺ​ភាគី​ជន​ជាប់​ចោទ​និង​មេធាវី​ការពារ​ក្ដី​។​ ខណៈ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពិសេស​ភរិយា គឺ​លោក​ស្រី ប៊ូ រចនា បោះ​បង់​ចោល​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​ចូល​តតាំង​ស្វែង​រក​យុត្តិធម៌​នៅ​តុលាការ​ឡើយ​។

សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​សង្កេតការណ៍ អវត្តមាន​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​លោកស្រី ប៊ូ រចនា ឬ​មេធាវី​ការពារ​ក្ដី ធ្វើ​ឲ្យបាត់​បង់​យុត្តិធម៌​មួយ​ផ្នែក​សម្រាប់​លោក​បណ្ឌិត កែម ឡី​។

មែន​ទែន​ទៅ វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​នៅ​ពេល​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី មិន​ចូល​រួម​នៅ​ក្នុង​សវនាការ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​បន្ទោស​ពួក​គាត់​ណាស់​។ ពិបាក​បន្ទោស​ព្រោះ​​ហេតុផល​ពីរ​សំខាន់៖ ទី​១ ក្រោយ​ការ​បាត់​បង់​លោក​កែម ឡី វា​ជា​រឿង​ធម្មតា​ដែល​ក្រុម​គ្រួសារ​​បារម្ភ​ពី​​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​។ និង​ទី​២ ភរិយា​លោក កែម ឡី គឺ​លោក​ស្រី ប៊ូ រចនា ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ហើយ​ថា លោក​ស្រី​គ្មាន​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​។ ដូច្នេះ វា​មិន​ចម្លែក​ទាល់​តែ​សោះ​ដែល​លោក​ស្រី​មិន​ចូល​រួម​សវនាការ ឬ​មិន​ចាត់​ចែង​មេធាវី​​ដើម្បី​ធ្វើ​ការងារ​ជំនួស​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​អវត្តមាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​មែន​មាន​ន័យ​ថា យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ទាំង​ស្រុង​ដែរ​។ នៅ​ក្នុង​សំណុំ​រឿងព្រហ្មទណ្ឌ នៅ​មាន​អង្គ​អយ្យការ​ ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​​ចោទ​ប្រកាន់​បទ​ល្មើស ព្រម​ទាំង​​ដឹក​នាំ​ការ​ស៊ើប​អង្កេត​​។

កន្លង​មក នៅ​ក្នុង​សំណុំ​រឿង​លោក​បណ្ឌិតកែម ឡី គេ​កត់​សម្គាល់​ឃើញ​ថា អង្គ​អយ្យការ រួម​សហការ​ជាមួយ​សមត្ថកិច្ច​និងអាជ្ញាធរ​ពាក់ព័ន្ធ បាន​ធ្វើ​ការងារ​ច្រើន​ណាស់ ក្នុង​គោលដៅ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ គ្រាន់​តែ​ការងារ​ដែល​បាន​ធ្វើ​កន្លង​មក​នោះ សង្គម​ស៊ីវិល​ដែល​តាម​ដាន​សវនាការ​យល់​ថា នៅមិន​ទាន់​គ្រប់​គ្រាន់ និង​នៅ​មាន​មន្ទិល​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល មាន​តែ​ការ​គាស់​កកាយ ស្រាវ​ជ្រាវ ស្វែង​រក និង​ដាក់​ទោស​ទណ្ឌ​លើ​​អ្នក​ពាក់ព័ន្ធ ឬ​អ្នក​នៅ​ពីក្រោយ​​សំណុំ​រឿង​​នេះ​ទេ ទើប​អាចផ្ដល់​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី បាន​។ បច្ចុប្បន្ន ការ​ស៊ើប​អង្កេត​បន្ត ដើម្បី​រក​អ្នក​លក់​កាំភ្លើង​ឲ្យ​ ជួប ​សម្លាប់, អ្នក​ទទួល​ឲ្យ ជួប សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុង​ភ្នំពេញ, និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង ជួប សម្លាប់ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។ ប៉ុន្តែ​ដំណើរការ​នៃ​សំណុំ​រឿង​នេះ ហាក់​មិន​បាន​រំកិល​ទៅ​មុខ​សោះ​។

ក្នុង​ន័យ​នេះ អង្គ​អយ្យការ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ គួរ​តែ​រួម​​គ្នា​បង្ហាញ​ឲ្យ​អស់​ថ្វី​ដៃ វែក​រក​មុខ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឲ្យ​សង្គម​ស៊ីវិល គ្រួសារ​ជន​រង​គ្រោះ និង​សាធារណជន ឃើញ​ថា តុលាការ​ខ្មែរ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី​។ និង​សំខាន់​ជាង​នេះ ដើម្បី​លាង​សម្អាត​ក្ដី​សង្ស័យ​និង​ការ​ចោទ​ប្រកាន់ដែល​​រដ្ឋាភិបាល​កម្ពុជា​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    តុលាការ​​កំពូល​​សម្រេច​​ផ្តន្ទាទោស​​ជួប​ សម្លាប់​​ដាក់​គុក​​មួយ​ជី​វិត​​ដដែល​​រឿង​​សម្លាប់​​លោក​​បណ្ឌិត ​កែម ឡី​

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក​​អំ សំអាត​៖​ទាល់​តែ​​រក​ឱ្យ​ឃើញ​​អ្នក​ពាក់​ព័ន្ធ​​ផ្សេង​ទៀត ​ទើប​​ផ្តល់​​យុត្តិធម៌​​ពិត​​ដល់​​លោក​​កែម ឡី​

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក គុជ លី៖ ការ​បង្កើត​គណបក្ស​ខ្មែរ​តែ​មួយ​មក​ពី​ការ​ឈឺ​ចាប់​នៃ​ការ​សម្លាប់​លោក កែម ឡី និង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

    ២​ឆ្នាំ​ក្រោយ​ឃាតកម្ម​លោក កែម ឡី៖ អ្នក​ឃ្លាំ​មើល​នៅ​តែ​មិន​ទទួល​យក​ការ​កាត់​ទោស​បុរស​តែ​ម្នាក់

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ